បិទម្ខាង និងបើកម្ខាង! រដ្ឋបាលរាជធានីភ្នំពេញ នឹង​បិទផ្លូវ៥៩៨ ៣ខែ ដើម្បីធ្វើ​លូ និងប្រព័ន្ធរំដោះទឹក
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
បិទម្ខាង និងបើកម្ខាង! រដ្ឋបាលរាជធានីភ្នំពេញ នឹង​បិទផ្លូវ៥៩៨ ៣ខែ ដើម្បីធ្វើ​លូ និងប្រព័ន្ធរំដោះទឹក

ភ្នំពេញ៖ រដ្ឋបាល​រាជធានីភ្នំពេញ នឹង​បិទ​ផ្លូវ​លេខ​៥៩៨ ដែលស្ថិត​នៅសង្កាត់​ស្វាយ​ប៉ាក ​ខណ្ឌឫស្សីកែវ ជា​បណ្ដោះអាសន្ន  ដោយចរាចរណ៍បិទម្ខាង និងបើកម្ខាង រយៈពេល៣ខែ ចាប់​ពីថ្ងៃទី១៤ កុម្ភៈ-​១៣ ឧសភា ដើម្បី​ធ្វើ​លូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ។
TTN-Free-Banner-In-Article-PC


បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ តាម​រយៈ​គម្រោងនេះ នឹង​សាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ៤ម៉ែត្រគុណនឹង​៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាល​រាជធានីភ្នំពេញ ស្នើ​សុំ​ការ​យោគយល់អធ្យាស្រ័យពី​ប្រជាពលរដ្ឋ ចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង។

ជាមួយ​គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបាន​រៀបចំ​ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់។ នេះបើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ