កម្ចីអនឡាញខុសច្បាប់! រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យ «សង» និងប្តឹងទៅសមត្ថកិច្ច បើមានបញ្ហា
  • ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
កម្ចីអនឡាញខុសច្បាប់! រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យ «សង» និងប្តឹងទៅសមត្ថកិច្ច បើមានបញ្ហា
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋ កុំឱ្យសងប្រាក់ទៅក្រុម​ដែល​ផ្តល់​កម្ចីអនឡាញខុសច្បាប់។ ក្នុងករណីអ្នកផ្តល់កម្ចីអនឡាញទាំងនោះ រករឿង រដ្ឋ​មន្ត្រីមហាផ្ទៃ ជំរុញឱ្យពលរដ្ឋ​ ប្ដឹងទៅសមត្ថកិច្ច​​។
TTN-Free-Banner-In-Article-PC

 
យោងតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ ការលើកឡើងរបស់ លោក ស សុខា ធ្វើ​ឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣កុម្ភៈ។ ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បាន​ណែនាំឱ្យរដ្ឋបាល រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ បន្តផ្សព្វផ្សាយ ឱ្យបាន​ទូលំ​ទូលាយ និងទប់ស្កាត់ កុំឱ្យមានការខ្ចីប្រាក់ខុស​ច្បាប់ ដែលខ្ចីពីក្រុមជនបរទេស ហើយមានដាក់គំនាប លើអ្នកខ្ចីខុសពីច្បាប់។ 
 
​រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ កុំឱ្យខ្លាចញញើតនឹងពួកកម្ចីខុសច្បាប់ទាំងនោះ។ លោក ស សុខា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះ ជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។»។ 
 
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី ក៏បានរំឭកពលរដ្ឋ ឱ្យបែងចែកឱ្យដាច់ រវាងកម្ចីអនឡាញ ខុស​ច្បាប់ និងកម្ចី​ស្រប​ច្បាប់ដែលផ្តល់​ដោយ​ធនាគារ និងគ្រឹះស្ថានមីហិរញ្ញវត្ថុ ដែលទទួល​ស្គាល់​ដោយ​ធនាគារជាតិនៃកម្ពុជា។

លោក ស សុខា គូសបញ្ជាក់ថា ​ពលរដ្ឋ មានកាតព្វកិច្ចទូទាត់សងប្រាក់ ទៅធនាគារ ឬគ្រឹះស្ថានមីហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការស្របច្បាប់ ទៅតាមទំហំ ដែលមានចែកក្នុង​កិច្ចសន្យា​​ព្រម​ព្រៀងគ្នា៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី