ជិះបញ្រ្ចាស! អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់បានម៉ូតូ៥៤គ្រឿង និងកង់បី ២គ្រឿង
  • ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:១០ នាទី រសៀល
ជិះបញ្រ្ចាស! អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់បានម៉ូតូ៥៤គ្រឿង និងកង់បី ២គ្រឿង
រូបភាពពីសាលាសង្កាត់ស្ទឹង​មានជ័យ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦-១៤ កុម្ភៈនេះ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យទី១ ឃាត់​បាន​ម៉ូតូចំនួន ៥៤គ្រឿង និង​កង់បីចំនួន ២គ្រឿង ដែល​បើកបរ​បញ្រ្ចាសទិស​លើ​ផ្លូវ​​២១៧ ក្នុង​សង្កាត់​ស្ទឹង​មានជ័យទី១។ យានជំនិះទាំងនេះ ត្រូវ​បាន​រក្សាទុក​នៅ​ប៉ុស្ដិ៍ចំនួន ១ថ្ងៃ ដើម្បី​ណែនាំ និង​ធ្វើកិច្ច​សន្យា ដោយពុំមានការ​ផាកពិន័យ​ឡើយ។
TTN-Free-Banner-In-Article-PC


​បញ្ហា​ជិះ​បញ្រ្ចាសទិស នៅតែ​ជា​បញ្ហាសម្រាប់ពលរដ្ឋមួយចំនួន ដែលមិន​គោរពច្បាប់ចរាចរណ៍។ នៅតាម​ដង​ផ្លូវ​នានា តែង​មាន​ពលរដ្ឋមួយចំនួន ជិះបញ្រ្ចាស​ទិសដោយមិន​បារម្ភពីសុវត្ថិភាពខ្លួន និង​អ្នក​ដទៃ។

ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ជាពិសេស​បញ្ឈប់សកម្មភាព​ធ្វើដំណើរ​ដោយ​បញ្រ្ចាសទិស អាជ្ញាធរ​ និង​កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បាន​ស្ទាក់ចាប់​ម៉ូតូ និង​យានជំនិះ ដែល​បើកបរបញ្រ្ចាសលើ​កំណាត់ផ្លូវ២១៧។ ជាក់ស្ដែង ក្នុង​រយៈពេល​៩ថ្ងៃ អាជ្ញាធរ​ ឃាត់បាន​ម៉ូតូរហូតដល់ ៥៤គ្រឿង និង​កង់បី ចំនួន ២គ្រឿង។​

 រូបភាពពីសាលាសង្កាត់ស្ទឹង​មានជ័យ

ចំពោះវិធានការ សាលា​សង្កាត់ស្ទឹងមានជ័យ បញ្ជាក់ដូច្នេះ៖«ចំពោះ​យានយន្ត​ខាង​លើ​នេះ ​គឺ​ឃាត់​រក្សាទុក​នៅប៉ុស្តិ៍១​ថ្ងៃ​ ដើ​ម្បី​ធ្វើ​ការ​អប់រំ​ណែនាំ​ និង​ធ្វើ​​កិច្ច​សន្យា​ រួច​ប្រគល់​ជូន​ម្ចាស់​យានយន្ត​វិញ​ដោយ​ពុំមាន​ការ​ ផាក​ពិន័យ​ឡើយ»​។

ជុំវិញចំណាត់ការ​ឃាត់យានជំនិះ ដែល​ជិះបញ្រ្ចាសទិសលើកំណាត់ផ្លូវ ២១៧នេះ មាន​ការ​ចាប់អារម្មណ៍ និង​សាទរ​ពី​ពលរដ្ឋ​ដែល​គោរពច្បាប់។ អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​ហ្វេសប៊ុក​ឈ្មោះ​ Suon Piseth បាន​បញ្ចេញមតិថា៖«ក្នុងនាមខ្ញុំបាទ ជាអ្នកធ្វើដំណើរតាមនេះរាល់ថ្ងៃ សូមគាំទ្រសកម្មភាពការអនុវត្ត​ច្បាប់ចរាចរណ៍របស់នគរបាល ដើម្បីអប់រំនិងកាត់បន្ថយគ្រោះនៅលើដងផ្លូវដោយប្រការណាមួយ។ ហើយខ្ញុំបាទសំណូមពរ ឱ្យ​ខាងអាជ្ញាធរ មេត្តាជាសម្រួល​ការកកស្ទះនៅផ្លូវម្ខាងទៀតផង បើមិនចឹងទេ គឺនៅតែមានអ្នកជិះបញ្ច្រាសហ្នឹងមិនឈប់ទេ»។

បើតាម​មាត្រា៦ថ្មី នៃច្បាប់ចរាចរណ៍​ផ្លូវគោក ទោចក្រយាន​យន្ត, រ៉ឺម៉ក, ត្រីចក្រយានយន្ត ដែល​បើក​បរខុស​ទិស​ចរាចរណ៍​ ឬបើក​បរ​ជាន់​គំនូស​បង្ហូត​កណ្ដាល​ទ្រូងផ្លូវ នឹង​វិន័យ​ទឹក​ប្រាក់ ១០ម៉ឺនរៀល។ រី​ឯរថយន្តធុនស្រាល វិន័យ​១៥ម៉ឺនរៀល និង​រថយន្តធុនធ្ងន់ វិន័យ​៣០ម៉ឺនរៀល។ នេះបើតាមមាត្រា៧ថ្មី៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ