ឱកាសប្រជែង TOP 4 ក្នុងលីគ កាន់តែតានតឹង លោក Conor Nestor ដាក់គោលដៅប្រជែងពានសម្ដេច ហ៊ុន សែន វិញ
  • ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣៩ នាទី រសៀល
ឱកាសប្រជែង TOP 4 ក្នុងលីគ កាន់តែតានតឹង លោក Conor Nestor ដាក់គោលដៅប្រជែងពានសម្ដេច ហ៊ុន សែន វិញ
រូបពី​ Cambodian Premier League

ឱកាសប្រជែង Top 4 របស់បឹងកេត ក្នុងលីគកំពូលកម្ពុជា កាន់តែតាន់តឹង ខណៈការប្រជែងយកជើងឯកលីគ ក៏កាន់តែមិនអាចទៅរួច ដោយសារតែគម្លាតពិន្ទុ ឆ្ងាយពីព្រះខ័នរាជស្វាយរៀង ដែលឈរនៅលេខ១ និងភ្នំពេញក្រោន ឈរនៅលេខ២។ លោក Conor Nestor បាននិយាយថា រូបលោក បានដាក់គោលដៅប្រជែងយកជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន វិញ។
TTN-Free-Banner-In-Article-PC


បឹងកេត ត្រូវប្រកួតជាមួយវិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦:០០ល្ងាច ក្នុងពានរង្វាន់ Cambodian Premier League 2024-2025។ កាលពីជើងទី១ បឹងកេត បានចាញ់វិសាខា លទ្ធផល ១-០ នៅកីឡដ្ឋានព្រីនស៍។ បរាជ័យនេះ ដោយសារបឹងកេត ខ្វះសំណាង។ បឹងកេត មានឱកាសជាច្រើនលើកក្នុងការបញ្ចប់ទី ប៉ុន្ដែអ្នកចាំទីវិសាខា សង្គ្រោះបាល់បាន ហើយក៏បានវាយបកយកឈ្នះ ដោយជោគជ័យ ។ 

គ្រូបង្វឹកបឹងកេត លោក Conor Nestor បាននិយាយក្នុងសន្និសីទសារព័ត៌មានថា បឹងកេត បានកែប្រែទម្រង់លេង​ប្រសើរជាងមុន សម្រាប់ជំនួបជើងទី២នេះ។ គ្រូបង្វឹកបឹងកេត បាននិយាយថា៖«ខ្ញុំគិតថាភាពខុសគ្នារវាងជើងទី១ សម្រាប់ក្រុមទាំង២ គឺយើងមានឱកាសច្រើន ហើយគេក៏មានឱកាសច្រើនដែរ ប៉ុន្ដែគេបញ្ចប់ទីបានល្អជាង។ អ្វី ដែលយើងគិតថាខុសគ្នាក្នុងជើងទី២ យើងពេលនេះ គឺជាក្រុមដែលប្រសើរជាងមុន។»។

គិតត្រឹមសប្ដាហ៍ទី២១ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១​ បណ្ដោះអាសន្ន ដោយមាន៤៩ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន លេខ២ មាន៤៨ពិន្ទុ។ ចំណែកក្រុមលេខ៣ វិសាខា មាន៤១ពិន្ទុ ខណៈអង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៤ មាន៣៤ពិន្ទុ។

រីឯលេខ៥ ក្រុមណាហ្គាវើលដ៏ មាន៣៣ពិន្ទុ និងចំណាត់ថ្នាក់លេខ៦ បឹងកេត មាន៣០ ពិន្ទុ។ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ មាន២៤ពិន្ទុ ឈរនៅលេខ៧ តាមពីក្រោយ ដោយកងយោធពលខេមរភូមិន្ទ លេខ៨ មាន១៩ពិន្ទុ។ ចំណែក ឡាយហ្វព្រះសីហនុ នៅចំណាត់ថ្នាក់លេខ៩ មាន១០ពិន្ទុ។ រីឯ គិរីវង់សុខសែនជ័យ នៅលេខ១០ មាន៦ពិន្ទុ ខណៈ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ធ្លាក់មកបាតតារាង។

តាមរយៈគម្លាតពិន្ទុ គ្រូបង្វឹកបឹងកេត មិនរំពឹងក្នុងការប្រជែងយកជើងឯកលីគទេ ដោយគ្រាន់តែសង្ឃឹមប្រជែងយក Top 4 ប៉ុណ្ណោះ។ តែយ៉ាងណាលោក Conor Nestor បានដាក់គោលដៅលើការប្រជែងយកជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន ព្រោះបឹងកេត បានឡើងទៅវគ្គ ៨ក្រុម បន្ទាប់ពីឈ្នះខេត្តកំពង់ចាម ដោយលទ្ធផលទាំង២ជើង ១៦-១។

«នៅក្នុងលីគ ការប្រកួតសម្រាប់យើង គឺជារឿងធម្មតា ព្រោះរាល់គ្រប់ការប្រកួតសុទ្ធតែសំខាន់។ នេះ ក៏ជាការប្រកួតត្រៀមសម្រាប់យើង ក្នុងការត្រៀមសម្រាប់ពានរង្វាន់សម្ដេច ហ៊ុន សែន។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។

អត្ថបទទាក់ទង



 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា