ការប្រកួតលីគនារី ជួយឲ្យធនធានកីឡាការិនីកើនបច្ចេកទេស និងសមត្ថភាព
  • ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ការប្រកួតលីគនារី ជួយឲ្យធនធានកីឡាការិនីកើនបច្ចេកទេស និងសមត្ថភាព
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឈ្នះជើងឯកលីគនារីកម្ពុជា រដូវកាល២០២៤-២០២៥ រូបពីភ្នំពេញក្រោន

កីឡាការិនី សឿន វីផា ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន មានសុទិដ្ឋនិយមថា ការរៀបចំប្រកួតលីគបាល់ទាត់នារីគ្រប់រដូវកាល នឹងជំរុញឲ្យមានធនធានស្ដ្រីលេងបាល់ទាត់កាន់តែច្រើន ហើយសមត្ថភាព និងកម្រិតបច្ចេកទេសរបស់ពួកគេផងដែរ។
TTN-Free-Banner-In-Article-PC

ក្រុមបាល់ទាត់នារីរបស់ភ្នំពេញក្រោន គ្រងជើងឯកលីគនារី ឆ្នាំ២០២៤-២០២៥ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានស្ដាតចាស់ បន្ទាប់ពីឈ្នះវិសាខា លទ្ធផល២-០។ នេះ គឺជារដូវកាលទី២ ដែលក្រុមនេះ បានឈ្នះជើងឯក។
លីគបាលទាត់នារីកម្ពុជា បានដំណើរការ ៤រដូវកាលមកហើយ ចាប់ពីឆ្នាំ២០១៩។ ប៉ុន្តែត្រូវបានខកខាន ២រដូវកាល ឆ្នាំ២០២២-២០២៣ និង ២០២៣-២០២៤។

កញ្ញា សឿន វីផា យល់ថា ការប្រកួតលីគបាល់ទាត់នារីពិតជាសំខាន់ណាស់ ក្នុងការជួយឲ្យកីឡាការិនី បង្កើនសមត្ថភាព និងបច្ចេកទេសប្រកួតប្រជែងកម្រិតខ្ពស់ទៀតផង។ ម្យ៉ាងវិញទៀត ការប្រកួតលីគនេះ ក៏ជំរុញឲ្យមានធនធានស្ដ្រីចាប់អារម្មណ៍លេងបាល់ទាត់កាន់តែច្រើន ផងដែរ។ កីឡាការិនីរូបនេះ បន្ថែមថា នៅពេលដែលធនធានកីឡាការិនី មានសមត្ថភាពល្អច្រើន នឹងជួយឲ្យក្រុមជម្រើសជាតិកាន់តែប្រសើរឡើង ជាពិសេសការប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ជម្រើសជាតិ។ 

កីឡាការិនីវ័យ ២៤ឆ្នាំរូបនេះ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរស័ព្ទដូច្នេះថា៖ «ប្រសិនជាការប្រកួតលីគនារី មានភាពទៀងទាត់គ្រប់រដូវកាល ខ្ញុំជឿថាស្ដ្រីនៅកម្ពុជា នឹងចាប់អារម្មណ៍ចូលលេងច្រើន និងងាកមកប្រឡូកជាមួយនឹងវិស័យបាល់ទាត់នារី ព្រោះកាលណាយើងមានការប្រកួតប្រជែងទៀងទាត់ មិនខ្វះទេធនធានសម្រាប់ជម្រើសជាតិផ្នែកនារីរបស់យើង»។

ឆ្លងកាត់ការប្រកួតពេញមួយរដូវកាលនេះ កីឡាការិនី សឿន វីផា យល់ថា បច្ចេកទេសកីឡាការិនីម្នាក់ៗកើនឡើង ជាពិសេសក្រុមនីមួយៗ មានការចូលរួមពីស្ដ្រីវ័យក្មេងជំនាន់ក្រោយ ដែលមានឆន្ទៈ និងស្មារតីខ្ពស់ ក្នុងការលេងបាល់ និងការប្រកួតប្រជែងយកជ័យជម្នះសម្រាប់ក្រុម។

«សម្រាប់រដូវកាលនេះ កម្រិតលេងរបស់កីឡាការិនី ប្រសើរជាងឆ្នាំមុន ព្រោះក្រុមនីមួយមានទាំងក្មេងៗស្រី ដែលទើបឡើងមកលេងក្នុងលីគ។ កីឡាការិនីទាំងនោះ មានឆន្ទៈលេងខ្ពស់។»។ វីផា បាននិយាយដូច្នេះ។

គួរបញ្ជាក់ថា លីគបាល់ទាត់នារីកម្ពុជា ឆ្នាំ២០២៤-២០២៥នេះ មានក្រុមចំនួន១០ ចូលរួមប្រកួតប្រជែងគ្នា ចំនួន៩៣ប្រកួត៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា