សហព័ន្ធប្រដាល់គុនខ្មែរ មិនត្រូវការការជ្រៀតជ្រែកពីសហព័ន្ធគុនខ្មែរអន្ដរជាតិឡើយ
- ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:២០ នាទី យប់

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ស្ថាប័នមិនស្ថិតក្រោមសហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) ឡើយ។ សហព័ន្ធ បានអះអាងថាខ្លួនជាស្ថាប័នកីឡាជាតិមួយ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកនាំ និងគ្រប់គ្រងការប្រកួតនានា ទាំងក្នុងប្រទេស និងក្រៅប្រទេសដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការជ្រៀតជ្រែកពី KIF ឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

«សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនស្ថិតនៅក្រោមសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិឡើយ។ សហព័ន្ធ មិនដែលបានសុំលិខិតជាលាយល័ក្ខអក្សរស្នើសុំចូលជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិម្ដងណាឡើយ។»។ នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា សហព័ន្ធមិនស្ថិតក្រោមការគ្រប់គ្រងរបស់ KIF នោះទេ។ ប្រធានសហព័ន្ធប្រដាល់គុនខ្មែររូបនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយពីករណីនេះ។
KKF បានបង្ហាញគោលជំហរខ្លួន ដែលជាស្ថាប័នកីឡាជាតិមួយ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកនាំការប្រកួត ការផ្សព្វផ្សាយ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យកីឡាអត្ដសញ្ញាណជាតិមួយនេះ ទាំងក្នុងស្រុក និងនៅក្រៅប្រទេស ដោយស្វ័យភាព មិនចាំបាច់មានការជ្រៀតជ្រែកពី KIF ឡើយ។ នេះបើយោងតាមប្រការ៦ ជំពូកទី៣ នៃលក្ខន្ដិកៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលត្រូវបានអនុម័តដោយអង្គមហាសន្និបាត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មាននេះ បានឆ្លើយតបទៅនឹងសេចក្ដីជូនដំណឹងរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលចេញកាលពីថ្ងៃទី៣ កុម្ភៈ និងសេចក្ដីណែនាំកាលពីថ្ងៃទី១៥ កុម្ភៈ។ សេចក្ដីលម្អិតក្នុងលិខិតទាំង២នោះ គឺតម្រូវឲ្យប្រទេសជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ ស្នើសុំអាជ្ញាប័ណ្ណរៀបចំការប្រកួត ដែលមានចាប់ពី ៥ប្រទេសឡើង ចូលរួម៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: