លោក វ៉ាត់ ចំរើន ថា សហព័ន្ធគុនខ្មែរទាំងពីរមិនឈ្លោះគ្នាឡើយ តែត្រូវការពេលដើម្បីយល់ពីគ្នា
- ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:១៥ នាទី រសៀល

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រូបពី NOCC
សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) និងសេចក្ដីណែនាំរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ធ្វើឲ្យមហាជន យល់ថាសហព័ន្ធទាំងពីរ កំពុងមានភាពចម្រូងចម្រាស់គ្នា ព្រោះប្រយោជន៍ផ្ទាល់ខ្លួន។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបដិសេធចំពោះការយល់ឃើញដូច្នេះ។ លោកពន្យល់ថា សហព័ន្ធទាំង២ ត្រូវការពេលវេលាបន្ថែមធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលដៅរួមគឺអភិវឌ្ឍ និងអភិរក្សកីឡាអត្ដសញ្ញាណជាតិនេះ ជាពិសេសជំរុញឲ្យចូលក្នុងអូឡាំពិក។

សេចក្ដីប្រកាសព័ត៌មានរបស់ KKF ដែលបដិសេធថាខ្លួនស្ថិតក្រោម KIF និងសេចក្ដីណែនាំ KIF ទៅសមាជិករបស់ខ្លួន កាលពីថ្ងៃទី១៦ កុម្ភៈ ហាក់បីដូចជាសារឆ្លើយឆ្លងគ្នាទៅវិញទៅមក ហើយបានធ្វើឲ្យមហាជន តាមដានវិស័យកីឡាគុនខ្មែរ យល់ថាស្ថាប័នកីឡាទាំង២នេះ កំពុងប្រជែងយកផលប្រយោជន៍រៀងខ្លួន។
ដោយឡែកយោងទៅលើលិខិតទាំង២ច្បាប់នោះ សហព័ន្ធទាំង២ សុទ្ធតែបានបង្ហាញពីគោលបំណងដូចគ្នា គឺការអភិវឌ្ឍ និងអភិរក្សគុនខ្មែរ ជាពិសេសការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្ដរជាតិ។ អ្វី ដែលជាការផ្ទុយគ្នានោះ គឺសហព័ន្ធគុនខ្មែរអន្ដរជាតិ តម្រូវឲ្យសមាជិកខ្លួន ស្នើសុំអាជ្ញាប័ណ្ណក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ដែលមាន៥ប្រទេសចូលរួមឡើង។ ចំណែក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហាញគោលជំហរមិនត្រូវការការជ្រៀតជ្រែកពីសហព័ន្ធគុនខ្មែរអន្ដរជាតិ ក្នុងការកិច្ចការផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍ប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជាកិច្ចការរបស់ខ្លួនឡើយ។
លោក វ៉ាត់ ចំរើន បានបដិសេធចំពោះការយល់ឃើញថា សហព័ន្ធទាំង២ កំពុងចម្រូងចម្រាស់គ្នា។ រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ ពន្យល់ថា ស្ថាប័នកីឡាទាំង២ គឺត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការជាមួយគ្នា។ នេះ បើតាមការប្រាប់ពីលោក វ៉ាត់ ចំរើន មកសារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទ។
«យើង មិនមានភាពប្រទាំងប្រទើសគ្នាអ្វីទេ យើងគ្រាន់តែត្រូវការពេលវេលាធ្វើការជាមួយគ្នា។ យើង ត្រូវធ្វើការជាមួយគ្នា ទាំងការផ្សព្វផ្សាយ និងការចេញទៅប្រកួតនៅក្រៅប្រទេស។»។
មូលហេតុអ្វី បានជាកីឡាអត្ដសញ្ញាណជាតិមួយនេះ ត្រូវមាន ២សហព័ន្ធ?
ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមគ្នាបង្កើតជាសហព័ន្ធគុនខ្មែរអន្ដរជាតិ ក្នុងគោលបំណងដើម្បីរៀបចំធ្វើព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែក សហព័ន្ធទាំង២នេះ នឹងត្រូវធ្វើការជាមួយគ្នា ប៉ុន្ដែដោយសារតែថ្នាក់ដឹកនាំអាណត្តិទី៨ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទើបតែរៀបចំរួច ក្រោយចប់មហាសន្និបាត កាលពីថ្ងៃទី២២ មករា ជាហេតុដែលសហព័ន្ធទាំង២ ត្រូវការពេលវេលាបន្ថែមដើម្បីសហការគ្នា។ នេះ បើតាមការពន្យល់ពីលោក វ៉ាត់ ចំរើន។
រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បាននិយាយថា៖«សហព័ន្ធកីឡាប្រដាល់គុនខ្មែរយើងនេះ ធ្លាប់រួមគ្នាបង្កើតសហព័ន្ធគុនខ្មែរអន្ដរជាតិ។ ប៉ុន្ដែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនទាន់បានចូលជាសមាជិក ដោយសារយើងបង្កើតសហព័ន្ធគុនខ្មែរអន្ដរជាតិ គឺបង្ខំដើម្បីធ្វើស៊ីហ្គេម។ ថ្ងៃក្រោយ យើងនឹងរៀបចំបែបបទឲ្យត្រូវបញ្ចូលគ្នា។ យើង ត្រូវការនោះ គឺគ្រាន់តែពេលវេលាទេ។»។
គួរបញ្ជាក់ផងដែរថា សេចក្ដីប្រកាសព័ត៌មានរបស់ KKF បានឆ្លើយតបទៅនឹងសេចក្ដីជូនដំណឹងរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលចេញកាលពីថ្ងៃទី៣ កុម្ភៈ និងសេចក្ដីណែនាំកាលពីថ្ងៃទី១៥ កុម្ភៈ។ សេចក្ដីលម្អិតក្នុងលិខិតទាំង២នោះ គឺតម្រូវឲ្យប្រទេសជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ ស្នើសុំអាជ្ញាប័ណ្ណរៀបចំការប្រកួត ដែលមានចាប់ពី ៥ប្រទេសឡើង ចូលរួម៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: