គ្រូបង្វឹកបឹងកេត៖ កីឡាករត្រូវផ្លាស់ប្ដូរទម្លាប់អាក្រក់ ដើម្បីក្រុម
- ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

(អាវស) បឹងកេត ប្រកួតជាមួយវិសាខា កាលពីថ្ងៃទី១៥ កុម្ភៈ នាពហុកីឡដ្ឋានស្ដាតអូឡាំពិក។ រូបពី Cambodian Premier League
លោក Conor Nestor គ្រូបង្វឹកបឹងកេត និយាយថាបឹងកេត ចាញ់វិសាខា លទ្ធផល២-០ គឺមិនមែនមកពីកីឡាករ មិនល្អ និងមិនមានសមត្ថភាពគ្រប់គ្រាន់ទេ គឺដោយសារការខ្វះវិន័យជាក្រុម។ លោក Conor Nestor និយាយដូច្នេះ ក្រោយបឹងកេតរងបរាជ័យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៥ កុម្ភៈ ក្នុងក្របខ័ណ្ឌលីគកម្ពុជា។

លោក Conor Nestor ពិតជាមិនសប្បាយចិត្តឡើយ ចំពោះការបរាជ័យក្រោមថ្វីជើងវិសាខា ជាលើកទី២ នៅក្នុងរដូវកាលនេះ ។ បើតាមលោក Conor បរាជ័យនេះ មិនមែនមកពីកីឡាករបឹងកេត មានសមត្ថភាព និងកម្រិតបច្ចេកទេសអន់នោះទេ ប៉ុន្ដែមកពីវិន័យលេងជាក្រុម (Discipline) នៅកម្រិតទាប។
គ្រូបង្វឹកបឹងកេតរូបនេះ បាននិយាយថា៖«ខ្ញុំមិនជឿថាយើងចាញ់ គឺដោយសារយើងមិនល្អគ្រប់គ្រាន់ទេ ប៉ុន្ដែខ្ញុំជឿថាយើងចាញ់ គឺដោយសារយើងគ្មានវិន័យ។»។
សម្រាប់ការប្រកួតលីគជុំទី២ ត្រូវបានបញ្ចប់ ហើយក៏ឈានចូលការប្រកួតក្រុមលើពូលតារាងចំនួន៦ (Top 6) ផងដែរ។ សម្រាប់រដូវកាលក្រោយ គ្រូបង្វឹករូបនេះ ជំរុញឲ្យកីឡាករផ្លាស់ប្ដូរទម្លាប់អាក្រក់ និងគោរពវិន័យក្រុមឡើងវិញ។ ប្រសិនជា កីឡាករ មិនផ្លាស់ប្ដូទម្លាប់អាក្រក់ទេ នោះទើបឈានដល់ការផ្លាស់កីឡាករ។
«ក្លិបទាំងអស់មានជម្រើស២ គឺផ្លាស់ប្ដូរមនុស្សម្នាក់ ដូចជាគ្រូបង្វឹក ហើយមិនផ្លាស់កីឡាករ។ ក្លិប ធ្វើបែបនេះជាច្រើនលើកហើយ។ ហើយប្រសិនជាកីឡាករទាំងអស់មិនផ្លាស់ប្ដូរទម្លាប់ យើង មិនត្រូវការផ្លាស់ប្ដូរមនុស្សទេ ប៉ុន្ដែមនុស្សត្រូវតែផ្លាស់ប្ដូរទម្លាប់គេសិន។ ច្បាស់ណាស់ប្រសិនជាគេមិនផ្លាស់ប្ដូរទម្លាប់គេទេ យើង ត្រូវតែប្ដូរមនុស្ស។»។ លោក Conor Nestor បាននិយាយដូច្នេះ។
ការប្រជែងជើងឯកលីគ ហាក់បីដូចជាគ្មានសង្ឃឹមសោះសម្រាប់ក្រុមបឹងកេតដោយសារតែគម្លាតពិន្ទុ ដាច់ឆ្ងាយពីព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ១ និងភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២។ ប៉ុន្ដែឱកាសប្រជែងយក Top 4 នៅតែមានសម្រាប់ក្រុមនេះ។
លោក Conor Nestor បាននិយាយថា ចំណាត់ថ្នាក់ Top 4 គឺមិនមានន័យសម្រាប់លោកឡើយ ។ អ្វី ដែលគ្រូបង្វឹករូបនេះ គិតថាសំខាន់នោះ គឺទម្រង់លេងឲ្យបានល្អ នៅក្នុងការប្រកួតធំៗ។
«មនុស្សមួយចំនួន អាចមិនសប្បាយចិត្តចំពោះចម្លើយរបស់ខ្ញុំ។ សម្រាប់ខ្ញុំ Top 4 គឺអត់មានអត្ថន័យអ្វីទេ ព្រោះយើងមិនបានទៅប្រកួត Champions League នៅកម្ពុជា។ អ្វី ដែលមានអត្ថន័យសម្រាប់ខ្ញុំ គឺការលេងទៅតាមទម្រង់ ដែលខ្ញុំចង់លេង ក្នុងការប្រកួតធំៗ។ មកដល់ពេលនេះ ខ្ញុំ មិនទាន់ឃើញ ការគោរពតាមអ្វីដែលខ្ញុំបានដាក់ឲ្យកីឡាករ។ កីឡាករ ព្យាយាមបញ្ច្រាស់ពីអ្វីដែលជាគម្រោង។ នេះ ដែលជាបញ្ហាសម្រាប់ខ្ញុំ។»។ នេះបើតាមគ្រូបង្វឹកបឹងកេត។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២២ នៃការប្រកួតពានរង្វាន់ Cambodian Premier League ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៥២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន៥១ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ ក្រុមវិសាខា មាន៤៤ពិន្ទុ ខណៈអង្គរថាយហ្គឺរ មាន ៣៧ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤។ រីឯ ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ នៅចំណាត់ថ្នាក់លេខ៥ និងចំណាត់ថ្នាក់លេខ៦ បឹងកេត មាន៣០ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៧ អាយ អេស អាយ ដង្កោសែនជ័យ មាន២៤ពិន្ទុ ខណៈលេខ៨ ក្រុមកងយោធពលខេមរភូមិន្ទ មាន១៩ពិន្ទុ។
ឡាយហ្វ ព្រះសីហនុ មាន១០ពិន្ទុ ឈរនៅលេខ៩ និងក្រុមគិរីវង់សុខសែនជ័យ នៅចំណាត់ថ្នាក់លេខ១០ មាន៦ពិន្ទុ តាមពីក្រោយដោយសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅបាតតារាង មាន៥ពិន្ទុ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: