រដ្ឋ ទម្លាក់​ថវិកា៦០លានដុល្លារ រៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តចំនួន៥
  • ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
រដ្ឋ ទម្លាក់​ថវិកា៦០លានដុល្លារ រៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តចំនួន៥
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ នៅខេត្តសៀមរាប។ រូបពី ក្រសួងឧស្សាហកម្ម

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចទម្លាក់ថវិកា៦០លានដុល្លារ ដើម្បី​ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដល់ពលរដ្ឋនៅក្នុងខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគិរី និងខេត្តពោធិ៍សាត់។
TTN-Free-Banner-In-Article-PC

 
តាមរយៈ​ទំព័រហ្វេសប៊ុករបស់ខ្លួន ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងលើការការផ្គត់ផ្គង់ទឹកស្អាត ដល់​ប្រជា​ពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ កំណើនប្រជាពលរដ្ឋ បានធ្វើឱ្យមានតម្រូវការ​ផ្គត់​ផ្គង់ទឹកស្អាតកាន់ច្រើន ជាពិសេសតំបន់ជនបទ និងតំបន់ដែលទើបកកើតថ្មីៗ នៃទីប្រជុំ​ជន​ធំៗ។
 
រដ្ឋាភិបាល​ បាន​វិនិ​យោគជាបន្តបន្ទាប់ ដើម្បី​បង្កើនសមត្ថភាពផលិតទឹកស្អាត ដើម្បី​ឆ្លើយតប នឹង​តម្រូវការប្រើប្រាស់របស់ពលរដ្ឋ ដោយថ្មីៗនេះ រដ្ឋាភិបាល សម្រេច​ផ្ដល់ថវិកាចំនួន ៦០លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ តាមការស្នើសុំ របស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់វិនិយោគ លើបណ្ដាញ​ទឹកស្អាត។ 

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រូបពី STPM

នាយករដ្ឋមន្ត្រី បានថ្លែងក្នុង​សន្និបាតបូកសរុប​សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ​២០២៥​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ជុំវិញការប្រើប្រាស់ថវិកានេះដូច្នេះ៖ ​ «រឿងហ្នឹង(សំណើសុំ​ថវិកាគម្រោងទឹកស្អាត) ខ្ញុំបានចារឯកភាពហើយ។ ប៉ុន្តែយើងដាក់ជា៣ឆ្នាំ។ អ៊ីចឹង! មួយឆ្នាំ យើងទម្លាក់ម្ដង២០លាន(ដុល្លារ) ឱ្យទៅធ្វើ ព្រោះទឹកស្អាតនេះ ពាក់ព័ន្ធនឹងសុខភាព។»។
 
ជាមួយគ្នាដែរ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា នឹងអភិវឌ្ឍបណ្ដាញទឹកស្អាត ជាជំហានៗ រហូ​តដល់មានបណ្ដាញទឹកស្អាត គ្របដណ្តប់ទូទាំងប្រទេស នៅថ្ងៃអនាគត។ 
 
គិតត្រឹមឆ្នាំ ២០២៤ អត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេស មានប្រមាណ ៨៧ភាគរយ ខណៈអត្រានៃការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេចបាន ២១ភាគរយ។ នេះ​បើតាម​​របាយការណ៍ក្រសួងអភិវឌ្ឍន៍ជនបទ៕
 
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី