នាយករដ្ឋមន្ត្រី ឱ្យពន្លឿនការទូទាត់ប្រាក់ទៅពេទ្យ​ជាដៃគូ ប.ស.ស. ចៀសវាសបន្ទោសគ្នា និង​ធានាប្រសិទ្ធភាព
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១០:១៦ នាទី ព្រឹក
នាយករដ្ឋមន្ត្រី ឱ្យពន្លឿនការទូទាត់ប្រាក់ទៅពេទ្យ​ជាដៃគូ ប.ស.ស. ចៀសវាសបន្ទោសគ្នា និង​ធានាប្រសិទ្ធភាព

សម្តេច ហ៊ុន ម៉ាណែត បានជំរុញឱ្យ ក្រសួងសេដ្ឋកិច្ច ពន្លឿនការទូទាត់ថវិកា ទៅកាន់គ្លីនិក និងមន្ទីរពេទ្យ ដែលជាដៃគូ របស់ ប.ស.ស. ដើម្បីធានាប្រសិទ្ធភាព និងបរិយាបន្ន នៃការផ្តល់សេវាសុខាភិបាល ដល់ពលរដ្ឋ ដែលមានបណ្ណ ប.ស.ស.។ ប្រមុខរាជរដ្ឋាភិបាល លើកឡើងដូច្នេះ ក្នុងពិធី«បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ​នៅថ្ងៃទី២០ ខែកុម្ភៈ។

TTN-Free-Banner-In-Article-PC


បើតាម សម្តេចនាយករដ្ឋមន្ត្រី ការទូទាត់បានលឿន និងមានភាពត្រឹមត្រូវ ក៏នឹងចៀសវាងបាននូវការរុញបញ្ហាដាក់គ្នា ក្នុងករណីការសេវាសុខាភិបាល ដល់ពលរដ្ឋកាន់បណ្ណប.ស.ស. នេះកើតមានបញ្ហា​ដែរ។ សម្រាប់សម្តេច នាយកប្រមុខរាជរដ្ឋាភិបាល ការធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល ដល់ពលរដ្ឋ​ដែលមានបណ្ណប.ស.ស. គឺជាការទទួលខុសត្រូវ របស់គ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល និងមន្ទីរពេទ្យ និងគ្លីនិកឯកជនដែលជាដៃគូ ប.ស.ស.។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ទន្ទឹមនឹងការទាមទារឱ្យស្ថាប័នដៃគូទទួលខុសត្រូវ ប.ស.ស. ក៏ត្រូវទទួលខុសត្រូវដែរ ពិសេសគឺការទូទាត់ថវិកាទាន់ពេលវេលា ដល់ដៃគូបានលឿន និងត្រឹមត្រូវ។ បានន័យថា មន្ទីរ ឬគ្លីនិក ដែលគាត់ចូលរួមជាមួយយើង មិនអាច ៣ឆ្នាំ ឬ២ឆ្នាំ ឬ១ឆ្នាំ ប៉ុន្តែ​​ត្រូវធ្វើម៉េច ពន្លឿននៅក្នុងការទូទាត់ឱ្យបានលឿន ព្រោះគាត់ (ពេទ្យឯកជន) យក (ប្រាក់)ទៅបង្វិល ដើម្បី​បំពេញសេចក្តីត្រូវការ។ អ៊ីចឹងការងារនេះ គឺត្រូវជាប្រព័ន្ធជវភាព និង​នៅជាមួយគ្នាតែម្តង ហើយគឺត្រូវធ្វើយ៉ាងណា ដើម្បីឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។»។




ទន្ទឹមនឹងជំរុញឱ្យ ក្រសួងសេដ្ឋកិច្ច ពន្យឿនការទូទាត់ថវិកា ទៅឱ្យមន្ទីរឯកជនដៃគូ ប្រមុខរាជរដ្ឋាភិបាល ក៏បានរំឭកឱ្យក្រសួងមហាផ្ទៃ និងក្រសួងផែនការ តាមរយៈរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពន្លឿនការធ្វើបច្ចុប្បន្នភាព និងកំណត់អត្តសញ្ញាណពលរដ្ឋ ដែលត្រូវទទួលបានបណ្ណសមធម៌សង្គម ឬបណ្ណងាយរងហានិភ័យ ប្រកបដោយតម្លាភាព ដើម្បីគឺជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ និងចៀសវាការរិះគន់ ក៏ដូចជា​ធានាអត្ថប្រយោជន៍របស់ពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ៕

អត្ថបទទាក់ទង
 


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា