ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនដល់២,២ពាន់លានដុល្លារ​ នៅឆ្នាំ២០២៤
  • ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនដល់២,២ពាន់លានដុល្លារ​ នៅឆ្នាំ២០២៤
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី(ឆ្វេង) និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាកម្ពុជា(ស្តាំ)។ រូបភាព៖ ហ្វេសប៊ុកទីស្តីការគណៈរដ្ឋមន្ត្រី

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បាន​កើនឡើង​ ​ពី១,៤ពាន់លានដុល្លារ​ នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។ នេះបើតាម លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចាត់ទុកកំណើននេះ​ គឺជាការឆ្លុះបញ្ចាំងថា ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់​សម្រាប់កម្ពុជា។
TTN-Free-Banner-In-Article-PC


​នៅក្នុង​កម្មវិធីអបអរ​ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ» នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ដែលរៀបចំ​នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា​ លោក វង្សី វិស្សុត បញ្ជាក់ទៀតថា ជប៉ុន បានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង និងការបណ្ដុះបណ្ដាលជំនាញ និងផ្ទេរបច្ចេកវិទ្យា។ ការ​វិនិយោគទាំងនោះ ក៏បានរួមចំណែកក្នុងការ​​ជួយពង្រឹងភាពប្រកួតប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជាផងដែរ។ ​រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមបែបនេះ។

​ក្នុងកម្មវិធីនេះ លោក វង្សី វិស្សុត ​បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំ រវាងព្រះរាជវង្ស​កម្ពុជា និងព្រះ​រាជវង្សព្រះចៅអធិរាជជប៉ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីជម្រៅ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ហើយឆ្នាំ២០២៥នេះ គឺជាខួបទី៧២ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន និងជាខួប២ឆ្នាំ នៃ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំង២។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ រូបភាព៖ ហ្វេសប៊ុកទីស្តីការគណៈរដ្ឋមន្ត្រី
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ រូបភាព៖ ហ្វេសប៊ុកទីស្តីការគណៈរដ្ឋមន្ត្រី

​លោកឧបនាយករដ្ឋមន្ត្រី បានរំឭកទៀតថា ចាប់តាំងពីទស្សវត្សទី៩០មក រាជរដ្ឋាភិបាលជប៉ុន បានដើរតួយ៉ាងសំខាន់ ក្នុងការកសាង និងរក្សាសន្តិភាព ការស្ដារឡើងវិញនីតិសម្បទា និងការអភិវឌ្ឍនៅកម្ពុជា។ មកដល់បច្ចុប្បន្ន ប្រទេសជាមិត្តមួយនេះ ក៏នៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជា ក្នុងវិស័យជាច្រើនសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ជាដើម។

បើតាមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត កម្ពុជា បានចាត់ទុកប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់បំផុតមួយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ លោក វង្សី វិស្សុត  បន្ថែមដូច្នេះ៖ «កម្ពុជា និងជប៉ុន បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជាការរក្សាសន្តិភាពអន្តរជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ, ការប្រែប្រួលអាកាសធាតុ, ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោក។»។

បើតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ​​​​​​​​​​ស្ថិតក្នុងបរិការណ៍ដែលពិភពលោក កំពុងប្រឈមនឹងការកើនឡើង នូវភាពមិនប្រកដប្រជា និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃភូមិសាស្ត្រនយោបាយ កម្ពុជា និងជប៉ុន ​បានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃសន្តិភាព, ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។ សំខាន់ជាងនេះ គឺប្រទេសទាំងពីរ ក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយយើងនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច៕ 
2. លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកទីស្តីការគណៈរដ្ឋមន្ត្រី

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា