លោក យីន លី ជឿថា សម្តេច ហ៊ុន ម៉ាណែត នឹងដឹកនាំកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនដ៏ខ្លាំងក្លា
- ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

លោក យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្សបក្សកុម្មុយនីស្ត ប្រចាំទីក្រុងប៉េកាំង(ឆ្វេង) និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ)។ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ លោក យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្សបក្សកុម្មុយនីស្ត ប្រចាំទីក្រុងប៉េកាំង ជឿជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នឹងដឹកនាំកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនដ៏ខ្លាំងក្លា។ លោក យីន លី ថ្លែងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

ក្នុងជំនួបនោះ លោក យីន លី និយាយដូច្នេះ៖ «ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត។»។
ក្រៅពីបង្ហាញការជឿជាក់របស់ខ្លួន លោក យីន លី បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំកម្ពុជាថា ទស្សនកិច្ចរបស់ខ្លួន និងគណៈប្រតិភូនៅកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត នូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។
បើតាមលេខាធិការគណបក្សបក្សកុម្មុយនីស្តដដែល រដ្ឋធានីប៉េកាំង ក៏មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀតដែរ។
លោក យីន លី ក៏មិនភ្លេចបង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ចិន-កម្ពុជា ក្នុងក្របខណ្ឌរដ្ឋ, បក្ស និងប្រជាជន។ ទន្ទឹមនឹង លោក លី ក៏បានកត់សម្គាល់ដែរថា កម្ពុជា បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
សម្រាប់ សម្តេច ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ និងពេញចិត្តដែរ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។ សម្តេចនាយករដ្ឋមន្ត្រី បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការបណ្ដាក់ទុនវិនិយោគជាច្រើនរបស់ចិននៅកម្ពុជា រួមមានការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។
ក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំក្រុងប៉េកាំង ក៏បានពិភាក្សាគ្នា អំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសក្ដានុពលជាច្រើន ដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com