៣២ឆ្នាំមកនេះ កម្ពុជាបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង៤,៤លានគ្រាប់
- ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

រូបភាព៖មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
ភ្នំពេញ៖ គ្រាប់មីនប្រឆាំងមនុស្ស និងរថក្រោះ ចំនួន១,២២៣,៧៨៥គ្រាប់ រួមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ទៀត ត្រូវបានរកឃើញនិងបំផ្លាញចោល។ ចំនួននេះ គិតចាប់តាំងពីឆ្នាំ១៩៩២-២០២៤ គឺមានរយៈពេល៣២ឆ្នាំ ដែលរដ្ឋាភិបាលប្រឹងប្រែងបោសសម្អាតមីនទាំងនោះ ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងយកដីសម្រាប់ប្រើប្រាស់និងបង្កផលក្នុងវិស័យកសិកម្ម និងវិស័យអប់រំ ជាដើម។

តួរលេខនេះ ត្រូវបានបង្ហាញនៅក្នុងសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លិខិតដដែលបានបានបញ្ជាក់ថា ក្នុងរយៈពេល៣២ឆ្នាំមកនេះ មានផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតមីន សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល។ ក្នុងនោះ វិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។
ដោយឡែក នៅក្នុងឆ្នាំ២០២៤ ផ្ទៃដីដែលត្រូវបានបោសសម្អាតមីនរួចហើយ គឺមានចំនួន២៧៣គីឡូម៉ែត្រការ៉េ។ ក្នុងនោះ មន្ត្រីជំនាញរកឃើញ និងបំផ្លាញចោលមិនប្រឆាំងមនុស្ស ១៧ ៨៥៣គ្រាប់, មីនប្រឆាំងរថក្រោះ ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១ ១១១គ្រាប់។
បើតាមសារលិខិតរបស់ប្រមុខរដ្ឋាភិបាលនៃទិវាជាតិយល់ដឹងអំពីមីន ២៤ ខែកុម្ភៈ លើកទី២៦នេះ ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤។
សម្តេច ហ៊ុន ម៉ាណែត បានបន្តរៀបរាប់នៅក្នុងសារលិខិតដដែលយ៉ាងដូច្នេះ ៖ « មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់នេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ។ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅ សម្រេចគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បី អាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់ គ្រប់ទីកន្លែង»។
កាលពីឆ្នាំ២០២២ រដ្ឋាភិបាលបានបង្កើត «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់និងសហគមន៍រងផលប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្តើមធ្វើការបោសសម្អាតមីនឱ្យអស់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។ ចាប់តាំងពីឆ្នាំនោះមក រដ្ឋាភិបាលបានប្រកាសរាជធានី-ខេត្តចំនួន១៥ ដែលអស់មីន។ រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ មណ្ឌលគិរី និងខេត្តក្រចេះ។
ថ្វីបើសកម្មភាពមីន កំពុងទទួលបានលទ្ធផលល្អយ៉ាងនេះក្តី ប៉ុន្តែកម្ពុជាត្រូវបោសសម្អាតផ្ទៃដីមានមីន ចំនួន៣៤៨គីឡូម៉ែត្រការ៉េទៀត ដើម្បីឱ្យសម្រេចនូវគោលដៅថ្មីនោះ គឺ «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។ ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។
« ក្នុងន័យនេះ កម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ នេះបើយោងតាមសារលិខិតដដែលរបស់សម្តេច ហ៊ុន ម៉ាណែត៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: