៥ឆ្នាំ ក្រសួងអប់រំ បាន​ផ្ដល់​អាហារ​តាម​សាលា​រៀន​ដល់​សិស្ស​ប្រមាណ ៣០ម៉ឺននាក់ ក្នុង​ខេត្ត​ចំនួន ១០
  • ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
៥ឆ្នាំ ក្រសួងអប់រំ បាន​ផ្ដល់​អាហារ​តាម​សាលា​រៀន​ដល់​សិស្ស​ប្រមាណ ៣០ម៉ឺននាក់ ក្នុង​ខេត្ត​ចំនួន ១០

ភ្នំពេញ៖ ​ចាប់ពីឆ្នាំ ២០១៩ មកដល់ឆ្នាំ​២០២៤ កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​នៅកម្ពុជា បាន​ផ្ដល់​អាហារដល់​សិស្ស​ប្រមាណ ៣០ម៉ឺននាក់ ក្នុង​សាលា​រៀន​គោល​ដៅ​ចំនួន ១១១៤សាលា នៅខេត្ត​ចំនួន ១០។ នេះបើតាម​ការ​លើកឡើង​របស់​លោក ហង់ជួន ណារ៉ុន ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥។
TTN-Free-Banner-In-Article-PC


ក្នុងរយៈពេលចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា បានប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការបណ្តុះមូលធនមនុស្ស ជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខុមាលភាពនៃកុមារ តាមរយៈការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន។ កម្មវិធីផ្តល់អាហារនៅតាមសាលារៀន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទិសដៅ​កាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន លើកកម្ពស់សុខភាពសិស្ស និងសុខុមាលភាពកុមារ ជាពិសេសសាលារៀនគោលដៅដែលស្ថិតនៅតំបន់ក្រីក្រ។

មកដល់ពេលបច្ចុប្បន្ននេះ កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងអនុវត្តនៅតាមសាលាបឋមសិក្សាប្រមាណ២ភាគ៣ នៅក្នុងបណ្ដាខេត្តចំនួន ១០ ដោយក្នុងនោះ សាលាមួយចំនួនប្រើប្រាស់ថវិកាជាតិ និងសាលាមួយចំនួនទៀត ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា បាន​ឱ្យថា ពីឆ្នាំ ២០១៩ មកដល់ឆ្នាំ២០២៤ កម្មវិធីផ្ដល់អាហារតាមសាលារៀននៅកម្ពុជា បានផ្ដល់អាហារដល់សិស្សប្រមាណ ៣០ម៉ឺននាក់ ក្នុងសាលារៀនគោលដៅចំនួន ១១១៤សាលា នៅខេត្តចំនួន ១០។ ដោយ​ឡែក ក្នុង​ឆ្នាំ​២០២៤ ក្រសួង​អប់រំ បាន​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើ​ប្រាស់​កសិផល​ក្នុង​សហគមន៍ នៅតាម​សាលារៀន​គោលដៅ​ចំនួន ៥៥៣ ក្នុង​ខេត្ត​ចំនួន ១០ ដែលមានសិស្សទទួលផល ១៥៣ ៥៨៦នាក់ផងដែរ។ 

សូម​បញ្ជាក់ថា​ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្ដីពី «ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥» ដែលមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍ការយល់ដឹង សំដៅលើកកម្ពស់ផលិតភាពនាពេលអនាគត សមភាពយេនឌ័រ និងបរិយាបន្ន។ គោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅគ្រឹះស្ថានអប់រំសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សា៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ