សម្តេច ហ៊ុន ម៉ាណែត៖ អង្គរសង្ក្រាន្ត​ឆ្នាំនេះ នឹងរៀបចំកាន់តែធំ
  • ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១០:៣៥ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត៖ អង្គរសង្ក្រាន្ត​ឆ្នាំនេះ នឹងរៀបចំកាន់តែធំ

ភ្នំពេញ៖ «ខែ៤(មេសា) ឆ្នាំនេះ គឺយើងធ្វើអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះម្តងទៀត។»។ នេះជា ការបញ្ជាក់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូន ដល់​និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្ត​សៀមរាប ​ថ្ងៃ​ទី២៥ ខែកុម្ភៈនេះ។

ពីវេទិកាដដែលនេះ ប្រមុខរាជរដ្ឋាភិបាល ប្រាប់រំឭកឱ្យយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តសៀមរាប ត្រៀមខ្លួនក្នុងការចូលរួម និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក​។ 

ជុំវិញការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីសាសនា ដែលរួមមានពិធីបួងសួងសុំសេចក្តីសុខនៅតាមទីសក្ការនានា និងពិធីប្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្រាន្ត នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅថ្ងៃទី៩ ខែមីនា ខាងមុខនេះ។

សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ«មហាសង្ក្រាន្ត» ដើម្បីយកទៅចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។

សង្ក្រាន្ត ចេញពី​ភាសាសំស្ក្រឹត «​សង្ក្រាន្តិ​»​។ បើតាម​ការពន្យល់​ក្នុង​វចនានុក្រម ​សម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជា​ដំណើរ​ឃ្លាត​ចាក​ទី​; ការឈាន​ចូលដល់​; ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជាមួយ​ឆ្នាំ (​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​)​។​ នុង​ពិធី​ចូលឆ្នាំថ្មី សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃទី ១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី ៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង : ថ្ងៃ​សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត។ ត្រស្តិ​សង្ក្រាន្ត ពិធី​ត្រស្តិ​និង​សង្ក្រាន្ត​ដែល​ក្សត្រិយ៍​ពី​បុរាណ​រួមគ្នា​ក្នុង​កាល​តែមួយ។ 

​នៅ​ឡាវ និង​ថៃ ពាក្យ «​សង្ក្រាន្ត​» ត្រូវបាន​ប្រើ​ជំនួស​ថា ជា​ពិធី​ចូលឆ្នាំថ្មី​។ ក្រៅពី​ភាសា​កំណើត​ថា Pii Mai ជនជាតិ​ឡាវ​ហៅ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​របស់ខ្លួន​ថា Songkran​។ រីឯ​ក្នុង​ភាសា​ថៃ​វិញ គេ​និយម​ហៅ «​សុង​ក្រាន​» (​សង្ក្រាន្ត​) តែម្តង​៕

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា