ការប្រើបញ្ញាសិប្បនិម្មិត(AI) ​ក្នុងការហ្វឹកហាត់ បង្វឹក និង​រៀបចំព្រឹត្តិការណ៍​កីឡា
  • ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ការប្រើបញ្ញាសិប្បនិម្មិត(AI) ​ក្នុងការហ្វឹកហាត់ បង្វឹក និង​រៀបចំព្រឹត្តិការណ៍​កីឡា
បញ្ញាសុប្បនិម្មិត មានប្រយោជន៍ ក្នុងវិស័យកីឡា

មន្ដ្រីកីឡាកម្ពុជា ២រូប គឺលោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក យឺន ពន្លឺ អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​បានបញ្ជូនឱ្យចូលរួមក្នុងសិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត (AI) ដែលរៀបចំឡើង នៅ​ប្រ​ទេសគុយវ៉ែត។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើយដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នៅប្រទេសគុយវ៉ែត កាលពីថ្ងៃទី២២ ខែកុម្ភៈ។
TTN-Free-Banner-In-Article-PC

 
ក្រោយវិលត្រឡប់មកកម្ពុជាវិញ លោក ប៊ុយ សុភ័ណ្ឌ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាម​តេលេក្រាមថា សិក្ខាសាលានេះ បានបង្ហាញពីការវិវឌ្ឍនៃ AI ដែលជាបច្ចេក​វិ​ទ្យា​​ចុង​ក្រោយ​បង្អស់ ក៏ដូចជាសារៈប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុង​វិស័យ​កីឡា។
 
លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ទៀតថា ក្រុមប្រឹក្សាអូឡាំពិក ក៏ដូចជាចលនាអូឡាំពិក​មើល​ឃើញថា ការវិវឌ្ឍនៃបច្ចេកវិទ្យា AI នេះ អាចចូលរួម​អភិវឌ្ឍវិស័យកីឡា ដែលរួមមាន​​ការបង្វឹក និងការអភិវឌ្ឍសមត្ថភាពអត្ដពលិក, ការតាមដានការហ្វឹកហាត់របស់​អត្ដពលិក និងការការពារពីការហ្វឹកហាត់ហួសហេតុត ក៏ដូចជាការរៀបចំ​កម្មវិធីកីឡា​ និងកម្មវិធី​ផ្សេងៗទាក់ទងនឹងការប្រកួត។
 
លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែមថា៖ យើងត្រូវតែតាមឲ្យទាន់នូវបច្ចេកវិទ្យា ដែលបច្ចុប្បន្ន ពិភពលោកកំពុងប្រើប្រាស់ក្នុងការជំរុញ ប្រសិទ្ធផលខ្ពស់​របស់អត្ដពលិក​ក្នុងចូលរួមប្រកួត​កីឡាកម្រិតតំបន់ ក៏ដូចជាកម្រិតអូឡាំពិកផងដែរ។»។
 
ទីប្រឹក្សា NOCC រូបនេះ ​ពន្យល់បន្ថែមថាការការពារអត្ដលិក តាមរយៈការប្រើប្រាស់​បច្ចេក វិទ្យា AI គឺសំដៅលើការគ្រប់គ្រងកម្មវិធីហ្វឹកហាត់​កីឡាជំនាញកម្រិតខ្ពស់​របស់​អត្ដ​ពលិក ឲ្យកាន់តែមានប្រសិទ្ធភាព និងធានាការការពារពីការហ្វឹកហាត់ហួសកម្រិត ដែល​បណ្ដាល​ឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តកីឡាករ-កីឡាការិនី។
 
រីឯការប្រើប្រាស់ AI សម្រាប់សម្រួលដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានោះ លោក ប៊ុយ សុភ័ណ្ឌ បានសំដៅលើការប្រើប្រាស់បច្ចេកវិទ្យា AI គាំទ្រដល់ការគ្រប់គ្រងធំៗ និងសម្រួលដល់ការងារបច្ចេកទេស ​ការងារគ្រប់គ្រង ការងាររដ្ឋបាល ការងារផ្សព្វផ្សាយ និងគ្រប់គ្រងទីផ្សារ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់។ល។ ការគ្រប់គ្រងទាំងនេះ គឺ​ដើម្បី​ធានាបានការគ្រប់គ្រងព្រឹត្តិការណ៍កាន់តែមានប្រសិទ្ធភាព និង​ចីរភាព ស្របតាមរបៀវ​វារៈ​អូឡាំពិក AI ដែល IOC ​បានដាក់ឱ្យអនុវត្តកាល ពីឆ្នាំ២០២៤។ លោក ប៊ុយ សុភ័ណ្ឌ ពន្យល់ដូច្នេះ។

ចំណែក លោក យឺន ពន្លឺ វិញ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមដែរថា បច្ចុប្បន្ន ​នៅកម្ពុជា ការប្រើប្រាស់បញ្ញាសិប្បនិមិ្មតក្នុងវិស័យកីឡា គឺមិនទាន់ទូលំទូលាយនៅ​ឡើយ​ទេ។ ប៉ុន្តែបើតាមគ្រូឧទ្ទេស ដែលមក​ពី​ប្រទេសអឺរ៉ុប គឺ សុទ្ធតែមានបទពិសោធ​ក្នុងការប្រើ​ប្រាស់ AI។ 
 
អនុប្រធាននៃនាយកកដា្ឋនព័ត៌មាន NOCC រូបនេះ បន្ថែមថា ក្លិបបាល់​​ទាត់ ក្លិបកីឡា​ប្រទេស​នៅតំបន់អឺរ៉ុប និងប្រទេសដែលមានថវិកា បានប្រើប្រាស់​បច្ចេកវិទ្យានេះ រួច​ហើយ តួយ៉ាងព្រឹត្តិការណ៍ Asian Games នៅប្រទេសចិន គឺចិនបានប្រើ​ AI ក្នុងកម្មវិធីដុតភ្លើងគប់ ​បើកព្រឹត្តិការណ៍៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា