មិនធម្មតា! ៧ឆ្នាំ វិទ្យាល័យដើមឫស ក្នុងខេត្តកណ្ដាល មានសិស្សធ្លាក់បាក់ឌុបតែ ២នាក់ប៉ុណ្ណោះ
- ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ពិតជាមិនធម្មតា ដែលលទ្ធផលសិក្សារបស់សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ក្នុងខេត្តកណ្ដាល ទទួលបានល្អ ខណៈមានសិស្សធ្លាក់ត្រឹម ២នាក់ប៉ុណ្ណោះ ក្នុងរយៈពេល៧ឆ្នាំមកនេះ។ លោក សឿង រដ្ឋា នាយកវិទ្យាល័យបានបង្ហាញមោទកភាពក្នុងនាមជាអ្នកដឹកនាំ នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៥ កុម្ភៈនេះ។

ស្ទើរតែមិនគួរឱ្យជឿថាវិទ្យាល័យមួយក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលជាវិទ្យាល័យអនុវត្តស្ដង់ដាសាលារៀនគំរូ បានលទ្ធផលដ៏ភ្ញាក់ផ្អើល។ លទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែកើតចេញពីការប្រឹងប្រែងរបស់សិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង និងការចូលរួមពីអាណាព្យាបាល។
តាមរយៈបទបង្ហាញពីនវានុវត្តន៍នៃការអនុវត្តស្ដង់ដាសាលារៀនគំរូ លោក សឿង រដ្ឋា នាយកវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស បានបង្ហាញលទ្ធផលសិក្សារបស់សិស្ស ដែលក្នុងមួយឆ្នាំទៅមួយឆ្នាំស្ទើរតែគ្មានសិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងទន្និន័យរបស់លោក សឿង រដ្ឋា បង្ហាញថា ចាប់ពីឆ្នាំ២០១៧-២០២៤ មានសិស្សធ្លាក់បាក់ឌុបចំនួន ២នាក់ និងសិស្សជាប់ មានចំនួន ៦៧០នាក់។

លោក សឿង រដ្ឋា នាយកវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស។
«ក្នុងរយៈពេល៧ឆ្នាំមកនេះ បង្ហាញឱ្យឃើញថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្ទើរតែគ្មានកូនសិស្សធ្លាក់សូម្បីតែម្នាក់ ក្នុងចំណោមកូនសិស្សថ្នាក់ទី១២ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ លទ្ធផលនេះ កើតចេញពីនវានុវត្តន៍នៃការអនុវត្តស្ដង់ដាសាលារៀនគំរូ»។ នាយកវិទ្យាល័យដើមឫស បន្តបែបនេះ។
ដើម្បីឱ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ លោកនាយក សឿង រដ្ឋា បានចែករំលែកទៅកាន់អង្គសន្និបាត គឺការអនុវត្តការបង្រៀន និងរៀន របស់គ្រូ និងសិស្ស។ ត្រង់ចំណុចនេះ លោក សឿង រដ្ឋា លើកឡើងថា ជារឿយៗ សាលាបានបញ្ជូនបុគ្គលិកទៅបន្តការសិក្សាបន្ថែមនៅ សាកលវិទ្យាល័យ និងពង្រឹងសមត្ថភាពផ្នែកICTជាប្រចាំ និងបង្កើតហិរញ្ញវត្ថុបម្រុងដើម្បីបន្តអភិវឌ្ឍអាជីព។

លទ្ធផលសិក្សារបស់សិស្ស
ក្រៅពីនេះ លោកនាយក តែងដឹកនាំ និងវាយតម្លៃការអនុវត្តកម្មវិធីសិក្សា និងការវាយតម្លៃការសិក្សាកម្រិតសាលារៀន ដោយបន្តការរិះរកវិធីសាស្ត្របង្រៀនថ្មីៗ តាមរយៈការបង្កើតវីដេអូ រកវីដេអូបង្រៀន និងការពិសោធន៍ជាដើម។ កាន់តែពិសេស វិទ្យាល័យដើមឫស បានអនុវត្តការរៀនពេញមួយថ្ងៃ ដោយមិនមានការបង្រៀនគួរខាងក្រៅនោះឡើយ។
តាមរយៈលទ្ធផលទាំងនេះ បានក្លាយជាទំនុកចិត្តរបស់អាណាព្យាបាល រហូតមានការចូលរួមពីសហគមន៍ និងអាណាព្យាបាល។ ចក្ខុវិស័យរបស់វិទ្យាល័យមួយនេះ គឺធ្វើយ៉ាងណាដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ គុណភាព និងបច្ចេកវិទ្យា ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គម ឱ្យក្លាយជាសង្គមឌីជីថល រីកចម្រើន ផ្អែកលើចំណេះដឹង ចំណេះធ្វើ និងឥរិយាបថជាមូលដ្ឋាន៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: