ហេតុអ្វីសិស្សមិនចូលបណ្ណាល័យ​? រដ្ឋមន្រ្តីថា​ មកពីគ្មានសៀវភៅសិស្សត្រូវអាន​ និងបណ្ណាល័យសុទ្ធតែដី
  • ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
ហេតុអ្វីសិស្សមិនចូលបណ្ណាល័យ​? រដ្ឋមន្រ្តីថា​ មកពីគ្មានសៀវភៅសិស្សត្រូវអាន​ និងបណ្ណាល័យសុទ្ធតែដី
លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បាន​លើកយក​បញ្ហាដែល​នាយកសាលា​តែងពោល គឺ​បញ្ហា​សិស្សមិនចូល​បណ្ណាល័យ។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីចោទសួរថា ហេតុអ្វីសិស្សមិនចូលបណ្ណាល័យ​? លោក ហង់ជួន ណារ៉ុន ថាមកពី​គ្មានសៀវភៅដែលសិស្សត្រូវអាន​ និងបណ្ណាល័យសុទ្ធតែដី។
TTN-Free-Banner-In-Article-PC


នៅតាម​សាលារៀននានា មាន​បន្ទប់​បណ្ណាល័យ​សម្រាប់សិស្សានុសិស្សចូលអាន និង​ស្រាវជ្រាវ។ ប៉ុន្តែ​បញ្ហា​គ្មានសិស្ស ឬចំនួនសិស្សចូលអានសៀវភៅក្នុង​បណ្ណាល័យមាន​ចំនួនតិច​ កំពុងកើតមាន​នៅសាលារៀន​មួយចំនួន។ 

បន្ទាប់ពីបញ្ចប់​វេទិកាពិភាក្សាទី២ ស្តីពី ការកែទម្រង់សាលារៀន នា​សន្និបាតអប់រំ​ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន បាន​បង្ហាញ​ការយល់ឃើញ និង​ចូលរួម​ជា​មតិយោបល់ ក្នុង​ការ​កែទម្រង់សាលារៀន ដែលក្រសួង​អប់រំ កំពុង​អនុវត្ត។ ក្រៅពីលើកឡើង​ពីលទ្ធផល​វិជ្ជមាន​តាមរយៈ​ការ​កែ​ទម្រង់សាលារៀននេះ លោករដ្ឋមន្រ្តីអប់រំ បាន​សង្កេតឃើញ​ពី​បញ្ហា​ការ​រៀបចំ​បណ្ណាល័យ​សម្រាប់​សិស្ស​អាន និង​ស្រាវជ្រាវ។​

«ពេលខ្លះ​សិស្ស​អត់ចូល​បណ្ណាល័យ​ យើង​សួរថា​ថី​បាន​ជា​សិស្សអត់ចូលបណ្ណាល័យ? ខ្ញុំតែងតែទៅសាលា នាយកថា សិស្ស​អត់សូវចូលទេ។ ដល់តែទៅមើលបណ្ណាល័យ​អត់មាន​សៀវភៅសិស្សត្រូវអាន និង​បណ្ណាល័យខ្លះ​សុទ្ធតែដី»។ លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ថ្លែង​បែបនេះ។​

ដើម្បីពង្រឹងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តឱ្យរៀបចំជាឧត្តមានុវត្តន៍ ងាយស្រួលក្នុងការយល់ដឹង និងអនុវត្តអំពីវិធីសាស្ត្របង្រៀន និងអន្តរាគមន៍ ដូចជាការរៀបចំបណ្ណាល័យសិក្សាឱ្យមានស្តង់ដា ការប្រើប្រាស់សៀវភៅគោលសិក្សា និងសៀវភៅជំនួយ ដើម្បីបង្កើនគុណភាពសិក្សាបន្ថែម៕ 

សូម​អញ្ជើញទស្សនា​ការ​លើកឡើងរបស់​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ដូចតទៅ៖ 

 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ