លោក ហង់ជួន ណារ៉ុន៖ សិស្សរៀនពូកែ ឬមិនពូកែ អាស្រ័យលើវិន័យ
- ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:១១ នាទី ព្រឹក

លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពពីMoEYS
ភ្នំពេញ៖ វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ។ ការមានវិន័យ ជួយឱ្យសិស្សក្លាយជាសិស្សពូកែ តាមរយៈការដាក់វិន័យលើការរៀនសូត្ររបស់ខ្លួន។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងថា សិស្សពូកែ ឬមិនពូកែ មិនមែនដោយសារខួរក្បាលមិនល្អនោះទេ ប៉ុន្តែអាស្រ័យលើឥរិយាបថ និងវិន័យ។

ការអប់រំនាពេលបច្ចុប្បន្ន បានផ្ដោតសំខាន់លើវិជ្ជាសម្បទា, ចរិយាសម្បទា, បំណិនសម្បទា និងកាយសម្បទា ដែលធ្វើឱ្យសិស្សមានទាំងចំណេះដឹង វិន័យ សីលធម៌ និងសុខភាពល្អ។ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានពីការរៀនសូត្ររបស់សិស្សពាក់ព័ន្ធនឹងវិន័យ និងឥរិយាបថ។
សម្រាប់លោករដ្ឋមន្រ្តី សិស្សពូកែ ឬមិនពូកែ មិនមែនដោយសារខួរក្បាលមិនល្អនោះទេ ប៉ុន្តែអាស្រ័យលើឥរិយាបថ និងវិន័យ។ «ប្រសិនបើខ្ជិលហើយមិនអាចពូកែនោះទេ ទាល់តែមានវិន័យ។ សិស្សពូកែ គាត់មានវិន័យ ចេញធ្វើការក៏មានវិន័យទៀត។ ឯសិស្សខ្ជិល ចេញធ្វើការក៏នៅតែខ្ជិលអ៊ីចឹង»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន ដោយជំរុញឱ្យសិស្សមានវិន័យលើការសិក្សា ឬប្រកបការងារផ្សេងៗ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
សូមបញ្ជាក់ថា ក្រៅពីអប់រំឱ្យសិស្សមានចំណេះដឹង ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលកម្មវិធីអប់រំជាច្រើន ពាក់ព័ន្ធនឹងវិន័យ ដើម្បីឱ្យសិស្សមានឥរិយាបថល្អ ក្លាយជាធនធានមនុស្សរបស់សង្គមកម្ពុជា ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងមានការយកចិត្តទុក។ បំណិនសតវត្សរ៍ទី២១ មិនត្រឹមបណ្ដុះយុវជនឱ្យដើរទាន់បច្ចេកវិទ្យានោះទេ តែក៏ពង្រឹងយុវជនពីទម្លាប់ល្អ តាមរយៈការមានវិន័យផងដែរ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: