រដ្ឋមន្រ្តីអប់រំ ជំរុញឱ្យមន្រ្តីអប់រំ និងគ្រូប្រើChat GPT ដើម្បីជួយដល់ការបំពេញការងារ និងការស្រាវជ្រាវ
- ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ការអប់រំសតវត្សរ៍ទី២១ មានការរួមចំណែកពីបច្ចេកវិទ្យា ដែលជួយដល់ការសិក្សារបស់សិស្ស និងជួយដល់ការបំពេញការងាររបស់គ្រូបង្រៀន។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមន្រ្តីអប់រំ និងគ្រូបង្រៀនទាំងអស់ ទាញយកកម្មវិធីបញ្ញាសិប្បនិម្មិត Chat GPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងការសិក្សាស្រាវជ្រាវ។

បច្ចេកវិទ្យាកាន់តែជឿនលឿន ទាមទារឱ្យមន្រ្តីអប់រំ រួមទាំងលោកគ្រូអ្នកគ្រូ ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយដល់ការបង្រៀន។ ដោយមើលឃើញពីការវិវត្តន៍របស់បច្ចេកវិទ្យាឥតឈរ ជាពិសេសជួយដល់សម្រួលដល់ការងារ លោក ហង់ជួន ណារ៉ុន បានលើកពីផលចំណេញនៃការប្រើប្រាស់កម្មវិធី Chat GPT សម្រាប់មន្រ្តីអប់រំ និងគ្រូបង្រៀន។
តាមរយៈសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ លោករដ្ឋមន្រ្តីអប់រំ បានថ្លែងទៅកាន់អង្គសន្និបាតដូច្នេះ៖ «យើងចូលទៅកាន់យុគសម័យAI ដូច្នេះកុំភ័យ។ គ្រាន់តែសួរទៅ វាឆ្លើយមកវិញហើយ។»។
លោក ហង់ជួន ណារ៉ុន យល់ថា កម្មវិធីបញ្ញាសិប្បនិម្មិតនេះ អាចជួយដល់ការងាររបស់គ្រូបង្រៀន តាមរយៈការជួយរៀបចំកិច្ចតែងការបង្រៀន ខ្លឹមសារ និងធ្វើស្លាយសម្រាប់បង្រៀនជាដើម។ បើតាមលោករដ្ឋមន្រ្តី ការប្រើប្រាស់កម្មវិធី AI នេះ បានធ្វើឱ្យគ្រូបង្រៀនចំណេញពេលវេលា និងអាចរៀបចំតេស្តសមត្ថភាពសម្រាប់បានយ៉ាងងាយស្រួល។
ក្រៅពីមានសារសំខាន់សម្រាប់គ្រូបង្រៀន លោក ហង់ជួន ណារ៉ុន គិតថាក៏មានប្រយោជន៍សម្រាប់មន្រ្តីអប់រំផងដែរ។ «ឧត្តមមន្រ្តីរបស់យើង បើចូលប្រជុំមិនបានត្រៀម គួរសួរAIសិនទៅ ដើម្បីត្រៀមថាត្រូវនិយាយពីអ្វី។»។ នេះជាការបន្តរបស់លោករដ្ឋមន្រ្តីអប់រំ ជុំវិញការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត Chat GPT។
ដើម្បីឆ្ពោះទៅរកអនាគតនៃការអប់រំឌីជីថល លោក ហង់ជួន ណារ៉ុន ចាត់ទុកថាការប្រើប្រាស់បញ្ញាសិប្បនិម្មិត នឹងជួយលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ តាមពិតទៅការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះ មានសិស្សនិស្សិតជាច្រើន បានប្រើប្រាស់រយៈពេលយូរមកហើយ ដើម្បីស្រាវជ្រាវ និងស្វែងរកគំនិតយោបល់បន្ថែមពីAI។
សូមបញ្ជាក់ថា ក្នុងសន្និបាតបូកសរុបការងារអប់រំឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន អះអាងថា រដ្ឋាភិបាលនឹងបញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិត AI ចូលក្នុងកម្មវិធីអប់រំផងដែរ៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: