ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅខេត្តក្រចេះ
  • ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅខេត្តក្រចេះ
រូបភាព៖ ក្រសួងកសិកម្ម

ភ្នំពេញ៖​ ក្រុមអ្នកអភិរក្ស បានប្រទះឃើញកូនផ្សោតកើតថ្មីមួយទៀត នៅចន្លោះអន្លង់កាំពី និងជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី២៥ ខែកុម្ភៈ។ នេះគឺជាផ្សោតទី៤ ដែលបានកើតនៅរវាងខែមករា និងចុងខែកុម្ភៈ ឆ្នាំ២០២៥។
TTN-Free-Banner-In-Article-PC


បើតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនផ្សោតមួយក្បាល មានអាយុប្រហែល២ថ្ងៃ។ វាត្រូវបានក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញ ហែលទឹកជាមួយហ្វូងផ្សោតពេញវ័យ៧ក្បាលទៀត កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅចន្លោះភូមិសាស្រ្តអន្លង់កាំពី និងជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
 
ពីមួយទៅមួយឆ្នាំ ចំនួនផ្សោតទន្លេមេគង្គ កើនឡើងជាបន្ត​បន្ទាប់ ពោល​នៅឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ ខណៈឆ្នាំ២០២៣ សត្វផ្សោត កើន​ដល់៩៩ក្បាល។ ចំណែកឆ្នាំ២០២៤ វត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជា មានចំនួន ១០៤ ក្បាល និងកើនដល់ ១០៨ក្បាល គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ 

រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ចប់តួនាទីឆ្មាំទន្លេ ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីបើកដៃឱ្យអ្នកនេសាទប្រើឧបករណ៍ឆកក្នុងតំបន់អភិរក្សសត្វ ជាថ្នូរនឹងប្រយោជន៍ផ្ទាល់ខ្លួន។

ចំពោះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុក ការអភិរក្សសត្វផ្សោត គឺជាការងារអាទិភាព ហើយយន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការ​លើក​ទឹក​ចិត្ត​ដល់មន្រ្តីដទៃទៀត ដែលបំពេញការងារបានល្អ ដោយមិនខ្លាចហត់នឿយ៕  

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា