សម្ដេច ហ៊ុន ម៉ាណែត សម្រេចលុបមជ្ឈមណ្ឌលសិក្សាទំនើប នៅសាលាបឋមចំនួន ១២
- ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ ពីពិធីបិទសន្និបាតអប់រំឆ្នាំ២០២៥ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសលុបមជ្ឈមណ្ឌលសិក្សាទំនើប ដែលមាននៅសាលាបឋមសិក្សាចំនួន១៨ ដោយលុបចំនួន ១២សាលាចោលទាំងស្រុង និង៦ទៀត បន្តដល់ចប់ឆ្នាំសិក្សា។ ការលុបមជ្ឈមណ្ឌលសិក្សាទំនើបនេះ ដោយសារសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា មិនចង់ឃើញសាលារៀនមានស្ដង់ដាពីរ។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីការដំណើរការមជ្ឈមណ្ឌលសិក្សាទំនើប ដែលមាននៅក្នុងសាលាបឋមសិក្សាចំនួន ១៨។ ជុំវិញការអនុវត្តកម្មវិធីរបស់មជ្ឈមណ្ឌលសិក្សាទំនើប ដែលជាដៃគូរវាងរដ្ឋ និងឯកជននាពេលនេះ សម្ដេចនាយករដ្ឋមន្រ្តីថា ការដំណើរការមិនអាចទៅរួចនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេច ឱ្យក្រសួងអប់រំ ត្រូវធានាភាពជាម្ចាស់ការរបស់រដ្ឋ នៅក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន។ «សូមកុំបង្កើតស្ដង់ដាពីរ ប្រព័ន្ធពីរ ក្នុងសាលាតែមួយ គឺកុំឱ្យសោះ»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ដោយសម្ដេច មិនចង់ឱ្យមានការញែកសាលារដ្ឋ ទៅជាសាលាដែលមានស្ដង់ពីរ និងសិស្សពីរផ្សេងគ្នា។
ក្រោយលុបមជ្ឈមណ្ឌលសិក្សាទំនើបនៅតាមសាលាបឋមសិក្សា សម្ដេច ហ៊ុន ម៉ាណែត បានសុំការយោគយល់ពីអាណាព្យាបាល។ សម្ដេច សង្កត់ធ្ងន់លើការចូលរួមរបស់វិស័យឯកជនដូច្នេះ៖«ភាពជាដៃគូរវាងរដ្ឋ និងឯកជន មិនអាចយករូបមន្តណា ដែលបាត់ម្ចាស់ការរបស់រដ្ឋនៅក្នុងមូលដ្ឋានរបស់រដ្ឋនោះទេ»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាទំនេីប បានចាប់ផ្ដេីមដំណេីរការនៅក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្នមានក្នុងសាលាបឋមសិក្សាចំនួន១៨ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ មជ្ឈមណ្ឌលសិក្សាទំនើប ជាកម្មវិធីដែលផ្តល់ការសិក្សាពេញមួយថ្ងៃ ចាប់ពីកម្រិតមត្តេយ្យ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: