អាជ្ញាធរ រកឃើញរោងចក្រមួយកន្លែងបង្ហូរសារធាតុខ្លាញ់ចូលសមុទ្រ នៅខេត្តព្រះសីហនុ
- ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

រូបភាព៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន រកឃើញរោងចក្រកែច្នៃស្បែកមួយកន្លែង បង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ចូលសមុទ្រ នៅចំណុចឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ករណីនេះ បានធ្វើឱ្យប៉ះពាល់ដល់ផលនេសាទ និងជីវភាពរស់នៅពលរដ្ឋជុំវិញយ៉ាងខ្លាំង ខណៈអាជ្ញាធរ ឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបណ្ដោះអាសន្ន និងតម្រូវឱ្យរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មត្រឹមត្រូវ។

តាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ ក្រុមហ៊ុនកែច្នៃស្បែកនេះឈ្មោះ CS TAN CO., LTD. មានទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនខាងលើ បានបង្ហូរសំណល់រាវ តាមប្រព័ន្ធលូចូលទៅស្រះស្តុកចំនួន៤ ដោយមិន បានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្ម។ ក្រុមហ៊ុន បានបន្តបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះ ស្តុកទៅកាន់ព្រែកកន្លង់ ចម្ងាយប្រមាណ៧០០ម៉ែត្រ រួចហើយប្រើម៉ាស៊ីនបូមទឹក ៨គ្រឿង ក្នុងការបូមសំណល់រាវពីព្រែកកន្លង់ ទៅកាន់ប្រឡាយជីកថ្មី ដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ និងមានគ្របមែកឈើពីលើដើម្បីលាក់បាំងផងដែរ។

ចម្ងាយពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមានប្រវែងប្រមាណ ៣០០ម៉ែត្រ។ ការបង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ចូលសមុទ្រនេះ បានបង្កជារមាស់ និងប៉ះពាល់ដល់ការរស់នៅពលរដ្ឋជុំវិញ ជាពិសេសផលនេសាទ។
ចំពោះករណីនេះ ក្រុមហ៊ុន CS TAN CO., LTD. បានទទួលស្គាល់កំហុស។ ជាវិធានការ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់ និងទទួលបានការអនុញ្ញាតពីក្រសួង។ ជាមួយគ្នានេះ ក្រុមការងារជំនាញ បានយកសំណាកទឹកចំនួន ៥ទីតាំង ដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹងកម្រិតកំណត់ស្តង់ដារដែលមានស្រាប់ និងដើម្បីរៀបចំនីតិវិធីបន្ត។

សូមជម្រាបថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាការល្មើសទៅនឹងមាត្រា២៨៧ និងមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៨ នៃកិច្ចសន្យាការពារបរិស្ថាន។
ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៥ បានចែងពីការមិនអនុវត្តកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ។ ចំពោះការបង្ហូរដោយប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ឬសុខភាពសាធារណៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទំហំប៉ះពាល់បរិស្ថានជាក់ស្តែង។ នេះមិនទាន់គិតទោសទណ្ឌផ្សេងទៀត ដែលនឹងរកឃើញតាមនីតិវិធីបន្តនោះទេ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: