ក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីល នៅកំពត និងកោះកុង
- ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

រូបភាព៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើសំណាផូស៊ីល ដែលបានរកឃើញនៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្ត ខេត្តកំពត និងកោះកុង។ គម្រោងសិក្សាជាក់លាក់នេះ ធ្វើឡើងក្នុងបំណងបង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ និងពង្រីកការផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ។

បំណងសិក្សាផូស៊ីសម្រាប់ខេត្តភាគនិរតីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងអ្នកជំនាញ អ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួន ដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូងប្រទេសកម្ពុជា ក្នុងការសិក្សា និងប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងកំពត។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានរបស់ក្រសួងបរិស្ថាន។
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីលចំនួន៦៧ស្ថានីយ រួមមាន ផូស៊ីលសត្វសមុទ្រចំនួន៤៦, ផូស៊ីលសត្វទឹកសាបចំនួន២, ផូស៊ីលឈើចំនួន១៤, ផូស៊ីលស្លឹកឈើចំនួន១, ផូស៊ីលឆ្អឹងដាយណូស័រចំនួន១ និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី ៣៥៩-២លានឆ្នាំ ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង កោះកុង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ ប៉ៃលិន និងកំពត។
ស្ថានប័នស្រាវជ្រាវខាងលើបានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០១៩ ដល់២០២០ ពួកគេបានធ្វើកំណាយផូស៊ីលឈើ នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ឆ្នាំ២០២២ ធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ នៅដែនជម្រកសត្វព្រៃតាតៃ ខេត្តកោះកុង ដែលជាការរកឃើញលើកដំបូងនៅប្រទេសកម្ពុជា។ នៅឆ្នាំ២០២១ ដល់២០២៣ ធ្វើកំណាយផូស៊ីលសត្វសមុទ្រ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់ ខេត្តបន្ទាយមានជ័យ។ ចុងក្រោយនៅ ឆ្នាំ២០២៤ ពួកគេបានធ្វើកំណាយផូស៊ីលឈើថ្ម នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ ហើយជាលទ្ធផលបានជីកដីជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ និងរកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: