ចង់បានអ្នកចូលរួមច្រើនក្នុងកម្មវិធីរត់លំដាប់អន្តរជាតិ? អ្នកចូលចិត្តរត់ ចែករំលែកមតិយោបល់
- ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក បួនហ៊ីង សុធីយ៉ា នាពេលរត់ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ដែលរៀបចំដោយក្រុមហ៊ុនបារាំង SDPO
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែកុម្ភៈ លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ខេត្តព្រះសីហនុ លើកទី១០ បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើន ដោយគិតត្រឹមថ្ងៃសន្និសីទ ចំនួនចុះឈ្មោះមានជាង១៥០០នាក់ ក្នុងនោះបរទេសមានជាង២០០នាក់ប៉ុណ្ណោះ។ អ្នករៀបចំរំពឹងចំនួនឡើងដល់ក្នុងរង្វង់២០០០នាក់ ក្នុងកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា នៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។

បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់
ជាអ្នកចូលចិត្តរត់ក្នុងព្រឹត្តិការណ៍ធំៗ លោក បួនហ៊ីង សុធីយ៉ា និងលោក កាន់ គន្ធី បានចែករំលែកមតិយោបល់របស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សារព័ត៌មានឌីជីថលថ្មីៗ ក្នុងគោលដៅបង្កើនការចូលរួមរបស់សាធារណជនទាំងជាតិ និងអន្តរជាតិ។
កម្មវិធីរត់ម៉ារ៉ាតុង និងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ ដែលមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយពីទេសចរណ៍ប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍សប្បុរសធម៌ និងសកម្មភាពសង្គមផ្សេងៗផងដែរ។ ការរៀបចំដ៏ទាក់ទាញ សេវាកម្មទាន់ចិត្ត នឹងក្លាយជាអនុស្សាវរីយ៍ និងការចងចាំដែលមិនបំភ្លេចរបស់អ្នកចូលរួមរត់ ជាពិសេសភ្ញៀវអន្តរជាតិ ដែលនឹងសរសេរចូលក្នុងប្រតិទិនប្រចាំឆ្នាំរបស់ខ្លួន។
មិនប្រកែកនោះឡើយដែលអ្នករៀបចំមានស្ថានភាពលំបាករបស់ខ្លួន ប៉ុន្តែការរៀនសូត្រពីគំរូប្រទេសដទៃ ក៏ដូចជាការស្តាប់មតិទូទៅ ក៏នឹងផ្តល់ជាប្រយោជន៍ផងដែរដើម្បីទាក់ទាញការចូលរួមទៅតាមផែនការដែលបានគ្រោងទុក។

លោក បួនហ៊ីង សុធីយ៉ា ជាអ្នកចូលចិត្តការរត់ និងជាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចូលរួមរត់ស្ទើរគ្រប់កម្មវិធី ដោយក្នុងមួយឆ្នាំៗ មិនតិចជាង១០ឡើយ រួមការរត់ឆ្លងកាត់ឧបសគ្គ (Trail) និងរត់នៅលើផ្លូវធម្មតា (Road Race)។
«ផ្លូវរត់កន្លងមកនៅខេត្តព្រះសីហនុ មានក្លិនកាកសំណល់ ម្ហូបអាហាររបស់ភ្ញៀវដែលសម្អាតមិនបានល្អ»។ នេះជាការកត់សម្គាល់ដំបូងរបស់លោក បួនហ៊ីង សុធីយ៉ា ដោយបន្ថែមថា ផ្លូវរត់នេះ ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិពីសហព័ន្ធអត្តពលកម្មពិភពលោក (World Athletics)។
បុរសដែលអ្នករត់ដូចគ្នានិយមហៅថា «គ្រូយ៉ា» រូបនេះ បានផ្តោតលើបញ្ហារូបថត។ លោកថា អ្នករត់ស្ទើរគ្រប់គ្នាសុទ្ធតែចង់បាន ដោយអ្នករៀបចំអាចលក់ក្នុងតម្លៃធូរថ្លៃ ឬមិនគិតថ្លៃរឹតតែប្រសើរ។ ការបែងចែកប្រភេទអាយុ ប្រភេទកីឡាករ កីឡាការិនី អាជីព និងមិនអាជីព គឺរឿងសំខាន់ផងដែរ ហើយលោកស្នើឱ្យមានការបញ្ជាក់ច្បាស់អំពីប្រាក់រង្វាន់សម្រាប់ជ័យលាភី។

ជាមួយគ្នានេះ លោក បួនហ៊ីង សុធីយ៉ា ទាមទារឱ្យអ្នករៀបចំព្រឹត្តិការណ៍យកចិត្តទុកដាក់លើសេវាកម្មតាមស្ថានីយ៍ទឹក ការកំណត់ម៉ោងច្បាស់លាស់នៃការចេញដំណើរ ការរៀបចំឱ្យបានល្អសម្រាប់ការរត់ទៅដល់ទី និងការរៀបចំក្រុមអបអរសាទរ (Cheer Leaders) ឱ្យបាន៣ ឬ៤កន្លែង ដើម្បីបង្កបរិយាកាសដល់អ្នករត់ទទួលបានអារម្មណ៍សប្បាយរីករាយ និងការចងចាំដែលមិនអាចបំភ្លេចបាន។
«បើមានលទ្ធភាពត្រូវរៀបចំ Live Stream (ផ្សាយផ្ទាល់) ដែលបងប្អូនសាច់ញាតិ ឬមិត្តភក្តិអ្នករត់អាចទស្សនាបាន»។ សម្រាប់គ្រូយ៉ា នេះជាចំណុចទាក់ទាញអ្នកផ្សេងៗទៀត ហើយថែមទាំងចំណេញដល់ការផ្សព្វផ្សាយទេសចរណ៍ផងដែរ។
អ្នកកីឡាជើងចាស់រូបនេះ ស្នើឱ្យគិតគូរពីតម្លៃស្នាក់នៅ និងម្ហូបអាហារ។ តម្លៃសមរម្យ ជាការទាក់ទាញអ្នករត់ឱ្យកាន់តែច្រើន និងបង្កើនប្រជាប្រិយភាពសម្រាប់កម្មវិធី។ លោកអះអាងថាទស្សនាទានដែលលោកបានលើកឡើងគឺផ្អែកតាមបទពិសោធន៍ក្នុងការរត់របស់លោក និងមិត្តភក្តិក្នុងក្រុមរត់នារយៈពេល១០ឆ្នាំកន្លងមក។

ចុះឈ្មោះកាន់តែថ្លៃ រង្វាន់កាន់តែតិច
អ្វីៗដែលលោក បួនហ៊ីង សុធីយ៉ា បានរៀបរាប់ ក៏ស្រដៀងទៅនឹងការយល់ឃើញរបស់លោក កាន់ គន្ធី ផងដែរ។ លោក គន្ធី គឺជាអ្នកចូលចិត្តកីឡារត់ដើម្បីសុខភាពម្នាក់ ដោយលោកចង់ឃើញមានការកែលម្អចំនួនមួយចំនួនក្នុងគោលដៅទាក់ទាញអ្នកចូលរួមក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុង ឬពាក់កណ្តាលម៉ារ៉ាតុងជាលក្ខណៈអន្តរជាតិនៅកម្ពុជា។
ត្រង់ប្រាក់រង្វាន់ លោកសង្កេតឃើញថា បែរជាមានការធ្លាក់ចុះទៅវិញ ខណៈកាលពី១០ឆ្នាំមុន មានទៅដល់ជាង១០០០ដុល្លារ ប៉ុន្តែបច្ចុប្បន្ន ការលើកទឹកចិត្តមិនបានដល់១០០ដុល្លារផង។ លោកបានបន្ថែមថា៖ «ថ្លៃចុះឈ្មោះឥឡូវក៏មិនថោកដែរ នេះមិនទាន់និយាយពីថ្លៃស្នាក់នៅ និងធ្វើដំណើរផង។ រូបថតមិនដែលមានចែកជូនអ្នកចូលរួម ដោយចាញ់ទាំងកម្មវិធីរត់សប្បាយៗ (Fun Run) នៅភ្នំពេញផង»។
លោក កាន់ គន្ធី ក៏បានទាញចំណាប់អារម្មណ៍អ្នករៀបចំកម្មវិធីឱ្យគិតដល់អាហារខ្មែរ របាំ ឬភ្លេងខ្មែរផងដែរ។ លោកកត់សម្គាល់ថា នំខ្មែរមានច្រើន ដូចជានំបញ្ចុក នំក្រូច នំអន្សម នំកង នំគម ប៉ុន្តែមិនដែលឃើញដាក់ឱ្យអ្នកចូលរួម ជាពិសេសបរទេស បានភ្លក្សរសជាតិនោះឡើយ ហើយចំពោះភ្លេង ឬរបាំ លោកក៏មិនដែលឃើញប្រើទ្រ ឬឆៃយ៉ាំ នៅពេលចាប់ផ្តើម ឬពេលចូលទី ទេ។

ចំពោះប្រាក់រង្វាន់ លោកថា មិនមានការបែងចែកតាមកម្រិតអាយុ រីឯអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ មិនទាន់មានការរៀបចំបានល្អ។ «សិស្សសាលាគួរឱ្យគ្នាចូលរួមរត់ដោយមិនបាច់បង់ប្រាក់ ហើយថែមទាំងជួយឧបត្ថម្ភបន្ថែម»។ លោក គន្ធី ចង់បានបែបនេះ ហើយវាយតម្លៃថា ការរៀបចំដ៏ល្អ នឹងមានអ្នកចូលរួមដោយឯកឯង។
អ្នករត់សុខភាពមួយរូបទៀត គឺលោក ជា វាសនា ក៏បានចូលរួមយោបល់ទាក់ទងនឹងប្រាក់រង្វាន់ រួមទាំងថ្លៃធ្វើដំណើរ ការហូបចុក និងការស្នាក់នៅដ៏ថ្លៃផងដែរ។ លោកថា ប្រាក់រង្វាន់ មិនសក្តិសមនឹងការប្រឹងប្រែង ការខំហ្វឹកហាត់ ការចំណាយពេលវេលា និងថវិការបស់អ្នកចូលរួមនោះឡើយ។ «ថ្លៃចុះឈ្មោះឡើងថ្លៃ តែសេវាមិនសូវរីកចម្រើន»។ លោកកត់សម្គាល់យ៉ាងដូច្នេះ។
ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង និងម៉ារ៉ាតុងអន្តរជាតិនៅកម្ពុជា មានអ្នកចូលរួមចន្លោះពី ២០០០ ទៅ៥០០០នាក់។ ដោយឡែក កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នៅខេត្តសៀមរាប កាលពីចុងឆ្នាំមុន មានអ្នកចូលរួមកើនដល់ជាង១៤០០០នាក់។

អ្នកចូលរួមមួយចំនួន ក៏មានការត្អូញត្អែមិនខុសពីលោក បួន ហ៊ីងសុធីយ៉ា, លោក កាន់ គន្ធី ឬលោក ជា វាសនា នោះឡើយ ក្នុងនោះមានដូចជា ចាយច្រើន តែមិនមានរូបថតអនុស្សាវរីយ៍, សេវាមិនសូវល្អ និងបញ្ហាបរិស្ថានមួយចំនួន។
ទាក់ទងនឹងការកំណត់ម៉ោង លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ធ្លាប់លើកហើយថា ពេលចាប់ផ្ដើមត្រូវតែទៀងទាត់ទៅតាមអ្វី ដែលបានកំណត់ ព្រោះអ្នករត់ ដែលជាអន្ដរជាតិ គឺក្រឹត្យក្រមទៅលើពេលវេលានេះ ដោយសារតែពួកគេ បានត្រៀមរួចរាល់ ដូចជាការបរិភោគអាហារសម្រន់ ដែលអាចរក្សាកម្លាំងរបស់ពួកគេបានត្រឹមពេលមួយ ដែលខ្លួនពួកគេផ្ទាល់បានកំណត់។
នៅកម្ពុជា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងពាក់កណ្ដាលម៉ារ៉ាតុង ដែលរៀបចំដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍នៅកម្ពុជា មានអ្នកចូលរួម ចន្លោះពី២ម៉ឺន ទៅ២៥០០០នាក់ក្នុងមួយឆ្នាំ។ កាលពីឆ្នាំពី២០២៤ អ្នករត់ មានចំនួនសរុប ២៩៤០៤នាក់ លើ៦ព្រឹត្តិការណ៍ ដូចជា៖ការរត់ចម្ងាយ Angkor Ultra Trail, ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ, ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ, ទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរ និងម៉ារ៉ាតុងអន្ដរជាតិឥណ្ឌូចិន៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: