ខេត្តតាកែវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី៩ នៅខែមីនានេះ
  • ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
ខេត្តតាកែវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី៩ នៅខែមីនានេះ

ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៩ ក្រសួងទេសចរណ៍ នឹងប្រារព្ធឡើងនៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធី​បុណ្យ​ទន្លេ​ឆ្នាំ​ទី​៩​នេះ នឹង​រៀបចំឡើង​នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ ដែលជាម្ចាស់ផ្ទះ​​ទទួលបន្ទុក​រៀបចំ​សណ្ដាប់ធ្នាប់ និង​សេវាកម្មទេសចរណ៍ ​ដើម្បី​​ទទួល​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ចូលរួម​។​
TTN-Free-Banner-In-Article-PC


រយៈពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​២១ ដល់ទី​២៣ ខែមីនា​ខាងមុខ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ដែល​ធ្វើឡើង​មួយឆ្នាំ​ម្ដង នឹង​រៀបចំឡើង​នៅសួនច្បារមាត់បឹង ​ខេត្តតាកែវ​។ កម្មវិធីបុណ្យទន្លេលើកទី៩នេះ មានការប្រកួតកីឡាដូចជា កីឡាជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ,  រត់កម្សាន្ត ៥០០នាក់ , អុកចត្រង្គ, រែកបាយខុមលោតម៉ឹក, បាល់ទះ , ប៉ូល (បេតង់), ទូក កានូកាយ៉ាក ,បង្ហោះគោមរួមគ្នា ៥០០គោម,​ គុនខ្មែរ និងកីឡាសម្ដែងប៉ារ៉ាប៉ូទ័រជាដើម។  

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ កំពុងបន្តរៀបចំបន្ថែមទៀតដោយសំដៅធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ 

គួរជម្រាបថា «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ ​មាន​ភាពប្រសើរឡើង​។ កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្តជាច្រើនហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ និងឆ្នាំ២០២៤នៅខេត្តសៀមរាប៕

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ