រដ្ឋស្ដុកទឹកបានជាង ៤ពាន់លានម៉ែត្រគីបសម្រាប់ខែប្រាំង
- ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រដ្ឋបានសន្សំទឹកបានប្រមាណ៤០០០លានម៉ែត្រគីបសម្រាប់រដូវប្រាំងនេះ។ បរិមាណទឹកនេះ បានមកពីប្រព័ន្ធធារាសាស្រ្តជាង២ពាន់កន្លែង។

សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
ក្នុងវេទិកាសារព័ត៌មាន ស្ដីការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា នៅថ្ងៃទី ១ ខែមីនា លោក ថោ ជេដ្ឋា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានប្រព័ន្ធធារាសាស្រ្តចំនួន ២៣៥២ប្រព័ន្ធ ក្នុងនោះមានប្រព័ន្ធធារាសាស្រ្តខ្នាតធំចំនួន ៥៦ ខ្នាតមធ្យមចំនួន ១១៦៦ និងប្រព័ន្ធធារាសាស្រ្តតូចចំនួន ១១២២ ។
លោក ថោ ជេដ្ឋា បានបញ្ជាក់ដូច្នេះ៖ «ប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសមានជាង២ពាន់ នៅក្នុងនោះគឺមានប្រព័ន្ធធារាសាស្រ្ត ខ្នាត ធំ និងខ្នាតតូចដែលអាចស្រោចស្រព ពី៥០០ទៅ២០០ហិកតា ហើយខ្នាតមធ្យមបាន៥០០ហិកតាឡើង»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីធនធានទឹក បានអះអាងថា ដើម្បីបង្កើនប្រភពទឹកប្រើប្រាស់ ក្រសួងនៅតែបន្តការកសាងអាងទឹក រៀបចំថែទាំនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ខណៈបច្ចុប្បន្នកម្ពុជាបានប្រឈមនឹងការខ្វះខាតទឹកប្រមាណ៣ពាន់ម៉ែត្រគីបទៀត៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com