មេដាយស៊ីហ្គេម និងយុវជនអាស៊ី ស្ថិតក្នុងគោលដៅសហព័ន្ធប្រដាល់សកលកម្ពុជា
  • ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
មេដាយស៊ីហ្គេម និងយុវជនអាស៊ី ស្ថិតក្នុងគោលដៅសហព័ន្ធប្រដាល់សកលកម្ពុជា

មហាសន្និបាតសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគាំទ្រឲ្យលោក ប៊ុយ សុភ័ណ្ឌ ធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ខណៈលោក ឈិន យ៉ៅយ៉េន ប្រធានអាណត្តិទី៦ ត្រូវឡើងធ្វើជាប្រធានកិត្តិយស។ អង្គមហាសន្និបាត ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
TTN-Free-Banner-In-Article-PC


ប្រធានសហព័ន្ធអាណត្តិថ្មីនេះ បានដាក់គោលដៅដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា ក្នុងអាណត្តិនេះ មានកិច្ចការជាច្រើន  សម្រាប់បំពេញក្នុងព្រឹត្តិការណ៍អន្ដរជាតិ ទាំងថ្នាក់តំបន់ និងកម្រិតទ្វីប។

លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា៖«យើង មានគោលដៅច្រើនពាក់ព័ន្ធទៅនឹងការប្រកួត គឺទី១កម្រិតតំបន់ ក្នុងឆ្នាំ២០២៥ស៊ីហ្គេម នៅប្រទេសថៃ និងការត្រៀមខ្លួនស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៧ និងឆ្នាំ២០២៩ ស៊ីហ្គេម នៅប្រទេសសិង្ហបុរី។ នេះ គឺជាទិសដៅទី១។ ទិសដៅទី២ គឺ​កម្រិតអាស៊ី ក្នុងឆ្នាំ២០២៦ យើងនឹងចូលរួមប្រកួតកីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម ដែលមាន ៤៥ប្រទេសចូលរួម នៅប្រទេសជប៉ុន។ យើង ក៏ត្រូវទៅចូលរួមជើងឯកពិភពលោកផងដែរ ក្នុងឆ្នាំ២០២៥នេះ។ ឆ្នាំនេះ ការប្រកួតជើងឯកពិភពលោក នឹងត្រូវធ្វើនៅចក្រភពអង់គ្លេស។»។

សម្រាប់ព្រឹត្តិការណ៍អន្ដរជាតិទាំងនេះ លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា សហព័ន្ធនឹងបណ្ដុះធនធានកីឡាករ-កីឡាការិនីថ្នាល ឲ្យមានសមត្ថភាពកាន់តែខ្លាំង។ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនោះ សហព័ន្ធ ក៏នឹងបណ្ដុះបណ្ដាលសមត្ថភាពអាជ្ញាកណ្ដាល គ្រូបង្វឹក ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានាបាននូវគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។ ក្នុងអង្គមហាសន្និបាត លោក ប៊ុយ សុភ័ណ្ឌ បានប្រាប់ថា សហព័ន្ធ នឹងបង្កើតបណ្ឌិតសភាប្រដាល់សកល និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្ដពលិកឆ្នើម ដើម្បីប្រមូលផ្ដុំក្រុមជម្រើសជាតិ៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា