«បុណ្យកោងកាងសន្តិភាព» នៅកោះកុង ដាំបានកូនកោងកាង៥០០០ដើម ដើម្បីស្ដារព្រៃកោងកាងឡើងវិញ
- ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

រូបភាពពី៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ បានរៀបចំពិធីបុណ្យ«កោងកាងសន្តិភាព» ដោយដាំដើមកោងកាងចំនួន ៥០០០ដើម នៅសហគមន៍កោះកាពិ ខេត្តកោះកុង។ ការដាំដើមកោងកាងខាងលើនេះ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាពយល់ដឹងអំពីបរិស្ថាន និងជាសារដ៏សំខាន់បណ្តុះស្មារតីពលរដ្ឋ ឱ្យស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។

ពិធីបុណ្យ«កោងកាងសន្តិភាព» ប្រារព្ធឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ទី២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន និងចូលរួមស្តារព្រៃកោងកាងឡើងវិញ នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា ការដាំកោងកាង ក្នុងពិធីបុណ្យកោងកាងសន្តិភាពមួយនេះ បានជួយទប់កុំឱ្យបាក់ដី, ការពារឆ្នេរសមុទ្រ និងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះជាដើម។ នាឱកាសនោះ ក្រសួងបរិស្ថាន លើកឡើងថាការដាំកោងកាងបានបង្កើតភាពបៃតងក្នុងខេត្តមាត់សមុទ្រ ចូលរួមបង្កើតជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅតំបន់សមុទ្រ។ សកម្មភាពនេះ ក៏នឹងផ្ដល់ការលើកទឹកចិត្តដល់សាធារណជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំង និងចូលរួមការពារបរិស្ថាននិង ធនធានធម្មជាតិ។

រូបភាពពី៖ ក្រសួងបរិស្ថាន
បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្តកោះកុង បានបន្តបណ្តុះដើមកោងកាងបានចំនួន ២៨ ០០០ដើមផងដែរ។ លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ បានលើកទឹកចិត្ត ដល់គ្រប់មន្ទីរទាំងអស់ និងសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំកោងកាង ឱ្យបានកាន់តែច្រើនទៀត ដើម្បីធានាការពារគុណភាព បរិស្ថាន ឱ្យបានល្អ និងលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង។
កម្ពុជា មានព្រៃកោងកាងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ក្នុងនោះខេត្តកោះកុង មានទំហំធំជាងគេ ប្រមាណជាង៤ម៉ឺនហិកតា ស្មើនឹង៨០ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៤កន្លងទៅ ខេត្តកោះកុង បានដាំស្ដារព្រៃកោងកាងឡើងវិញចំនួន ៥៤ ៨០០ដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: