សម្តេច ហ៊ុន ម៉ាណែត៖ សកម្មភាព ឬសម្តី ត្រូវគោរពគ្នាទៅវិញទៅមក ជាពិសេសចំពោះស្ត្រីភេទ
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:១៥ នាទី ព្រឹក

សម្តេច ហ៊ុន ម៉ាណែត តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៤ ខែមីនា នេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនឱ្យធ្វើសកម្មភាព និងប្រើប្រាស់ពាក្យសម្តី ដោយគោរពគ្នាទៅវិញទៅមក។ សម្តេចសង្កេតឃើញថា ក្នុងមួយរយៈកន្លងមកនេះ មនុស្សមួយចំនួនព្រោះតែចង់បានការចាប់អារម្មណ៍ ក៏បានធ្វើសកម្មភាព ពាក្យសម្តីដែលប៉ះពាល់ដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរអ្នកដទៃ ជាពិសេសស្ត្រីភេទ។

«ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន»។ នេះបើតាមការកត់សម្គាល់របស់សម្តេច ប៉ុន្តែជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលលើកឡើងថា ការលេងសើចដោយសកម្មភាព ឬពាក្យសម្តីទាំងនោះ អាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់បុគ្គល។
សម្តេច ហ៊ុន ម៉ាណែត បានសរសេរអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនឱ្យធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីដោយគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរនិងស័ក្តិសមជាពលរដ្ឋដែលរស់ក្នុងសង្គមស៊ីវិល័យ។
«សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឱ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើយើង»។ សម្តេចបានណែនាំយ៉ាងដូច្នេះ ដោយសម្តេចទទួលស្គាល់ថា ការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ច សីលធម៌ ដែលត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា៕
© រក្សាសិទ្ធិដោយ thmeythmey.com