ព្រះខ័នរាជស្វាយរៀង រកបាន ១៨ម៉ឺនដុល្លារហើយ ពីការប្រកួត AFC Challenge League
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:០៩ នាទី ល្ងាច

រូបភាព៖ Preah Khan Reach Svay Rieng FC
ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលក្រុមមីយ៉ាន់ម៉ា Shan United ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ AFC Challenge League នៅថ្ងៃទី៦ ខែមីនា។ ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រជើងឯកលំដាប់ទី៣អាស៊ី ក្លិបមានមូលដ្ឋានក្នុងខេត្តស្វាយរៀងមួយនេះ រកបាន ១៨០ ០០០ដុល្លារហើយ។ បើឈ្នះជើងឯកក្រុមកម្ពុជាមួយនេះ នឹងទទួលបានប្រាក់រង្វាន់សរុប ១,៣ លានដុល្លារ។

ការប្រកួតជើងឯកក្លិបកីឡាបាល់ទាត់កម្រិតទី៣តំបន់អាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ នឹងត្រូវចំណាយប្រាក់សរុប ៤,៤២លានដុល្លារ។ ១៨ក្រុមដែលបានកៅអីវគ្គវគ្គសន្សំពីន្ទក្នុងពូលនីមួយៗ ទទួលបាន ១០ម៉ឺនដុល្លាររួចស្រេច។ ក្នុងចំណោម៨ក្រុម ក្នុងនោះមានព្រះខ័នរាជស្វាយរៀងផង ដែលបន្តទៅវគ្គខ្វែង ទទួលបាន៨ម៉ឺនដុល្លារបន្ថែមទៀត។
៤ក្រុមដែល បានកៅអីបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបាន ១២ម៉ឺនដុល្លារ។ នេះមានន័យថា ប្រសិនបើក្រុមដែលដឹកនាំដោយលោក Jose Munoz ទម្លាក់ Shan United នៅវគ្គ៨ក្រុម នោះនឹងកើនប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ។
ក្រុមណាដែលក្លាយជាម្ចាស់ជើងឯក AFC Challenge League នឹងទទួលបានប្រាក់រង្វាន់បន្ថែម ១លានដុល្លារ ស្របពេលក្រុមរងជើងឯកបាន ៥០ម៉ឺនដុល្លារ។ សរុបទៅក្រុមជើងឯក នឹងរកបានប្រាក់រង្វាន់ ១,៣ លានដុល្លារ និង ៨០ម៉ឺនដុល្លារ សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២។
បន្ទាប់ពីទទួលក្រុម Shan United ជើងទី១ វគ្គ៨ក្រុម នៅថ្ងៃទី៦ ខែមីនា រួចហើយ នៅ៧ថ្ងៃបន្ទាប់ ស្វាយរៀងនឹងត្រឡប់ទៅ មីយ៉ាន់ម៉ាវិញសម្រាប់ជំនួបជើងទី២។
៨ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ រួមមាន៖
- ព្រះខ័នរាជស្វាយរៀង ទល់ Shan United (មីយ៉ាន់ម៉ា)
- Tainan City (តៃវ៉ាន់) ទល់ Madura United (ឥណ្ឌូណេស៊ី)
- Al-Arabi (កូវ៉ែត) ទល់ Al-Seeb (អូម៉ង់)
- East Bengal (ឥណ្ឌា) ទល់ Arkadag (តួកមេនីស្ថាន)៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: