កម្ពុជា កាន់តែមានឱកាសប្រជែងមេដាយនៅ Asian Games ក្រោយ MMA ត្រូវបានដាក់បញ្ចូល
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia ឬ OCA) បានបញ្ចូលកីឡាយុទ្ធគុនចម្រុះ (Mixed Martial Art ឬ MMA) នៅក្នុងព្រឹត្តិការណ៍ Asian Games 2026 នៅទីក្រុង Aichi Nagoya ប្រទេសជប៉ុន។ នេះ បើយោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា។

លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា យល់ថា នេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កម្រិតអាស៊ី។ កីឡា យុទ្ធគុនចម្រុះ (MMA) ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាធំៗ ទាំងក្នុងតំបន់អាស៊ាន និងព្រឹត្តិការណ៍ប្រចាំទ្វីប។ ព្រឹត្តិការណ៍ទាំងនោះ មាន Asian Games 2026 នៅទីក្រុង Aichi Nagoya ប្រទេសជប៉ុន, ព្រឹត្តិការណ៍ Asian Youth Games 2025 នៅប្រទេសប៉ារ៉ែន និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចុងឆ្នាំ២០២៥។
ដោយឡែក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ កីឡានេះ គឺត្រូវបានដាក់ជាកីឡាបង្ហាញ (Demonstration Sports) ដែលមេដាយបានពីកីឡានេះ មិនត្រូវរាប់បញ្ចូលឡើយ ហើយក៏ ជាការបង្ហាញ សម្រាប់ប្រទេសធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់យកទៅរៀបចំបន្ដ។
លោក ជឹម ធារ៉ា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការបញ្ចូលប្រភេទកីឡា នេះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន សម្រាប់កម្ពុជា គឺជាឱកាស ក្នុងការដណ្ដើមេដាយ។ អគ្គលេខាធិការរូបនេះ រំពឹងទុកដូច្នេះ គឺដោយសារតែកម្ពុជា មានធនធានកីឡាករ ដែលមានសក្ដានុពលច្រើន ជាពិសេសកម្ពុជា ក៏ធ្លាប់ជោគជ័យ ក្នុង ការៀបចំធ្វើម្ចាស់ផ្ទះយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ កាលពី១១-១៣ កក្កដា ឆ្នាំ ២០២៤។ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ កម្ពុជា ដណ្ដើមបានមេដាយមាស១ ប្រាក់៥ និង សំរឹទ្ធ៩ ហើយឈរនៅចំណាត់ថ្នាក់លេខ៥។
ទោះជាមានលទ្ធផលល្អ ហើយធនធានអត្ដពលិក សម្បូរសមត្ថភាពក៏ដោយ លោក ជឹម ធារ៉ា បន្ថែមថា សហព័ន្ធនឹងប្រឹងពង្រឹងបច្ចេកទេសកីឡាករ-កីឡាការិនីទៀត ដើម្បីត្រៀម សម្រាប់ព្រឹត្តិការណ៍ Asian Games នៅជប៉ុន និង Asian Youth Games នៅប៉ារ៉ែន។
អគ្គលេខាធិការរូបនេះ បាននិយាយថា៖«យើង ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ប្រទេសក្នុងទ្វីបអាស៊ី។ នេះ ជាចំណាត់ថ្នាក់ល្អមួយក្នុងតំបន់អាស៊ី។ កីឡាករ យើងអាច មានសង្ឃឹមខ្ពស់។
យើងមិនបោះបង់ទេ ទោះយើងមានចំណាត់ថ្នាក់ល្អ។ យើង មិនអាច នៅតែរក្សាប៉ុណ្ណឹងទេ។ យើង នឹងបញ្ជូនកីឡាករ ៥រូបទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បី ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសជប៉ុននេះ។ ចិន គឺជាប្រទេសមួយល្អ ព្រោះកីឡានេះ គាត់ជាប់លេខ៣ នៅទ្វីបអាស៊ី។»។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នឹងចាប់ ផ្ដើមពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi Nagoya៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: