AFC Challenge League៖ គ្រូស្វាយរៀងមិនបន្ធូរដៃឱ្យ Shan United ឯលោក Ono នឹងយកពិសោធន៍ចាញ់ពង្រឹកក្រុម
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
AFC Challenge League៖ គ្រូស្វាយរៀងមិនបន្ធូរដៃឱ្យ Shan United ឯលោក Ono នឹងយកពិសោធន៍ចាញ់ពង្រឹកក្រុម

លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មិនបន្ធូរដៃឱ្យក្រុមជើងខ្លាំង Shan United FC នៅជំនួបជើងទី១ឡើយ ដ្បិតជើងទី២ ត្រូវត្រឡប់ទៅទឹកដី មីយ៉ាន់ម៉ា វិញ។ លោក Ono Hiroki គ្រូ Shan United ដែលធ្លាប់ដឹកនាំក្រុមចាញ់ស្វាយរៀងរួចមកហើយ នឹងយកបទពិសោធន៍បរាជ័យ ពង្រឹងក្រុមខ្លួននៅវគ្គ៨ក្រុមនេះ។
TTN-Free-Banner-In-Article-PC


ការរប្រកួតនៅក្នុងទឹកដីក៏បានផ្តល់អត្ថប្រយោជន៍ច្រើន និងផលចំណេញមកកាន់ក្រុមព្រះខ័នរាជស្វាយរៀង ខណៈការជួបក្រុម Shan United FC ជាថ្មី ក្នុងពានរង្វាន់ ២ផ្សេងគ្នា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបង្ហាញទំនុកចិត្តខ្ពស់ក្នុងការដណ្តើមយកកៅអីឆ្លងកាត់កាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាគោលដៅក្រុមបានដាក់។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនេះដែរ ប្រធានក្រុមស្វាយរៀង សឿយ វិសាល បានអះអាងថា ការប្រកួតក្នុងទឹកដី គឺនឹងផ្តល់ផលចំណេញខ្ពស់ដល់ក្រុម ទាំងកត្តាទីលាន អាកាសធាតុ ខណៈមិត្តរួមក្រុមមួយចំនួន ក៏ធ្លាប់បានភ្លក់រសជាតិទីលាននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រួចមកហើយ ដែលនេះមិនបង្កជាបញ្ហាចោទ។

ការត្រៀមខ្លួនរបស់ព្រះខ័នរាជស្វាយរៀងទៀតសោត ក៏កាន់តែល្អប្រសើរ ព្រោះកីឡាករដែលធ្លាប់មានបញ្ហារបួស ក៏បានវិលចូលហ្វឹកហាត់ ហើយក៏រំពឹងថាអាចបង្ហាញខ្លួនជួយដល់ក្រុមប្រជែងកៅអីវគ្គបន្ត។ 

លោក Ono Hiroki គ្រូ Shan United បានចាត់ទុកការប្រកួតទល់ព្រះខ័នរាជស្វាយរៀង នឹងជាជំនួបដ៏តានតឹងបំផុតមួយ ព្រោះកាលពីជួបគ្នាលើកមុនក្នុងពានរង្វាន់ដទៃ ក្រុមបានប្រកួតចាញ់ ប៉ុន្តែនៅការប្រកួតលើកនេះ ក្រុមរបស់លោកបានសិក្សាពីកំហុងឆ្គង និងបានយកមកកែតម្រូវ សម្រាប់ការជួបគ្នាជាថ្មីនេះ។

សូមជម្រាបថា ពហុកីឡដ្ឋានជាតិមរតតេជោ នឹងត្រូវដឹកនាំការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ទល់ Shan United FC នៅជំនួបជើងទី១ វគ្គ៨ក្រុម ពានរង្វាន់ AFC Challenge League នៅថ្ងៃទី៦ ខែមីនា វេលាម៉ោង ៧យប់។ នេះជាលើកដំបូងផងដែរ គិតចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលពហុកីឡដ្ឋានជាតិ ជាជំនួយរបស់ចិននេះទទួលដឹកនាំការប្រកួតជាផ្លូវការ ពោលគឺមានរយៈពេល ជិត ២ឆ្នាំ។

ព្រះខ័នរាជស្វាយរៀង ក៏បានក្លាយជាក្លិបកីឡាបាល់ទាត់នៅលីគកំពូលកម្ពុជា ទី១ ដែលមានការប្រកួតផ្លូវការ ក្នុងទីលានពហុកីឡដ្ឋានជាតិមរតកតេជោ ផងដែរ៕

អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង