ក្រសួងមហាផ្ទៃ បដិសេធករណីជនជាតិចិន បង្ហោះចោទប្រកាន់នគរបាលកម្ពុជា លក់ព័ត៌មានឱ្យក្រុមឆបោកតាមប្រព័ន្ធអនឡាញ
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៤៥ នាទី យប់

ភ្នំពេញ៖ ជនជាតិចិនមួយរូបឈ្មោះ Tie Xiao Jun បានបង្ហោះអំពីរឿងឆបោកតាមអនឡាញ នៅលើបណ្តាញសង្គម Weibo នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ការផ្សព្វផ្សាយនោះ បានចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា ថាបានលក់ព័ត៌មានទៅ ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្ម។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ បានបដិសេធទាំងស្រុង ព្រោះបង្កើតឱ្យមានការភាន់ច្រឡំដល់មតិសាធារណៈ ជាតិនិង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស។

ខ្លឹមសារ នៃការផ្សព្វផ្សាយនោះ មានការចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅ ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្មក្នុង ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិន ដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់។
ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់ថា ពុំមានជនបរទេសរងគ្រោះដូចការលើកឡើង ដោយសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ជួយ អន្តរាគមន៍ ក្រោយពេលទទួលបានព័ត៌មាននោះឡើយ។ ដោយឡែកការផ្សព្វផ្សាយខាងលើ ផ្ទុយពីស្ថានភាពជាក់ស្តែង ដែលសមត្ថកិច្ចកម្ពុជាកំពុងខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានាតាមសំណើរបស់ ជនបរទេសដែលកំពុងមានវត្តមានក្នុងកម្ពុជា។
តើម្ចាស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ជាអ្នកណា? តើអាចទៅរួចទេដែល បុគ្គលនេះអាចដើរប្រមូលព័ត៌មានដោយផ្ទាល់នៅតាមទីតាំងអនឡាញ ខណៈដែលបុគ្គលនេះចោទប្រកាន់ ទីតាំងទាំងនោះ ជាទីតាំងខុសច្បាប់ និងមានធ្វើទារុណកម្មលើបុគ្គលិក? តើគាត់អាចទំនាក់ទំនងជាមួយ ជនរងគ្រោះដែលគាត់បានលើកឡើងដោយរបៀបណា? ហេតុអ្វីក៏អ្នកទាំងនោះមិនទំនាក់ទំនងដោយផ្ទាល់ មកអាជ្ញាធរកម្ពុជា ខណៈពេលដែលយន្តការនៃការទទួលព័ត៌មាន និងសំណើសុំអន្តរាគមន៍ត្រូវបានដាក់ ឱ្យប្រើយ៉ាងទូលំទូលាយ?
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ។ សមត្ថកិច្ចកម្ពុជា ក៏បានសំណូមពរឱ្យសមត្ថកិច្ចចិន ជួយស្រាវជ្រាវនិងចាត់វិធានការចំពោះបុគ្គលនេះ ដែល បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្តិនាម របស់នគរបាលជាតិ កម្ពុជា។ ជាពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃនៃកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈចិន ក្រោមយន្តការកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ សូមប្រុងប្រយ័ត្នចំពោះព័ត៌មាន ក្លែងក្លាយ និងជៀសវាងចូលរួមចែករំលែកព័ត៌មានក្លែងក្លាយដោយខ្វះការទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចរីករាយ ស្វាគមន៍ ចំពោះការចូលរួមផ្តល់ព័ត៌មានដែលត្រឹមត្រូវ ឈានដល់ការអន្តរាគមន៍ជួយ សង្គ្រោះបានទាន់ពេលវេលា។
សូមជម្រាបថា ក្រៅពីការស្រាវជ្រាវតាមសំណើជនបរទេស ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញខុសច្បាប់បានចំនួន ១៨ទីតាំង និងបានឃាត់ខ្លួន ជនបរទេសដើម្បីបណ្តេញចេញពីកម្ពុជាបានចំនួន ៣.៧២៤នាក់ មានចំនួន ១៦សញ្ជាតិ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៥ករណី និងបញ្ជូនខ្លួនជនសង្ស័យបាន ចំនួន ៧៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com