ក្រសួងមហាផ្ទៃ ហាមជនបរទេសកុំបង្ហោះបង្ខូចឈ្មោះមន្រ្តីអន្តោប្រវេសន៍ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១៥ នាទី យប់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្មីៗនេះមានជនបរទេសមួយចំនួនតូច បានព្យាយាមផ្សព្វផ្សាយ ព័ត៌មានមិនពិតអំពីការអនុវត្តការងាររបស់នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។ ក្នុងនោះរួមទាំង ករណីបុរសបរទេសឈ្មោះ SUN LEI បានថតរូបភាពក្រដាសប្រាក់១០០ដុល្លារ ចែកចាយក្នុង បណ្តាញទំនាក់ទំនងសង្គមភ្ជាប់ដោយសារក្លែងថា សម្រាប់«ថ្លៃទឹកតែមន្ត្រីអន្តោប្រវេសន៍»។ ក្រោយសាកសួរ បុរសរូបនេះ បានទទួលស្គាល់ទោសកំហុស និងបានអះអាងថា ការថត និងសរសេរផ្ញើខ្លឹមសារផ្ទុយការពិតនោះ គឺក្នុងន័យលេងសើចប៉ុណ្ណោះ។

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់សាធារណជនទាំងជាតិ និងអន្តរជាតិថា បុរសរូបនេះបានទទួលស្គាល់ទោសកំហុស និងបានអះអាងថា ការថត និងសរសេរផ្ញើខ្លឹមសារផ្ទុយការពិតនោះ គឺក្នុងន័យលេងសើចប៉ុណ្ណោះ។ សម៉ីខ្លួន បន្តថា ខ្លួនក៏មិនបានបង្ហោះផ្សាយជាសាធារណៈ និងក៏បានបញ្ជាក់ទៅដៃគូថាបានមកដល់កម្ពុជាដោយ សុវត្ថិភាពហើយទុកជាអនុស្សាវរីយ៍ ព្រោះនៅប្រទេសចិនខ្លួនកម្របានកាន់ប្រាក់ដុល្លារចាយវាយណាស់។
ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាកថា៖ «ទោះជាការលេងសើច ឬបង្កើតមាតិកាក្លែងក៏ដោយ ករណីបែបៗនេះ ពុំមែនជាការសម្តែងលើកទីមួយឡើយ។ ដោយកន្លងទៅ មានជន បរទេសមួយចំនួន បានថតសម្តែងធ្វើជាជនរងគ្រោះក្នុងករណីនេះ ករណីនោះ ខុសពីការពិត ធ្វើឱ្យ មានការភាន់ច្រឡំ។ ជាពិសេសក្នុងតំបន់ហាមឃាត់ ដើម្បីបម្រើតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ប៉ុន្តែ នាំឱ្យមានការគិតអវិជ្ជមាន និងប៉ះពាល់ដល់នគរបាលអន្តោប្រវេសន៍ និងកាន់តែធ្ងន់គឺប៉ះពាល់ដល់ កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ។»
ក្រសួងមហាផ្ទៃ អំពាវនាវដល់សាធារណជន និងភ្ញៀវបរទេសកំពុងស្នាក់ និងចេញចូលប្រទេសកម្ពុជាទាំងអស់ មេត្តាបញ្ឈប់រាល់ការថតសម្តែងទង្វើ បែបនេះ និងសកម្មភាពនានាខុសពីការពិត តាមទីកន្លែងផ្សេងៗ និងក្នុងតំបន់ហាមឃាត់ដែលជាបទល្មើស ព្រហ្មទណ្ឌ ផ្ទុយនឹងច្បាប់ជាតិ អន្តរជាតិជាធរមាន។ ជាពិសេស សូមមេត្តាពិនិត្យពិចារណា ថ្លឹងថ្លែង ហេតុនិងផល ផ្អែកលើភស្តុតាងឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ កុំលង់ជឿភ្លាមៗ ចំពោះសកម្មភាពថត សម្តែងនានាលើបណ្តាញសង្គម ដើម្បីទាញយកការចូលទស្សនា (View) ចុចចូលចិត្ត (Like) និងការចែករំលែក (Share) ពីអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីផលប្រយោជន៍ណាមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com