វិទ្យាល័យ សាលាមត្តេយ្យ និងមន្ទីរពេទ្យបង្អែកចំនួន៥០ បានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ជាតិ
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៤៦ នាទី រសៀល

ភ្នំពេញ៖ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានប្រកាសជ័យលាភីអង្គភាព អង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ជាតិ ឆ្នាំ២០២៤ សរុប៥០អង្គភាព។ ក្នុងនោះមាន វិទ្យាល័យចំនួន១០អង្គភាព,សាលាមត្តេយ្យសិក្សា១០អង្គភាព,មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPAI) ១០អង្គភាព,មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) ចំនួន១០អង្គភាព។

អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិទាំង១០អង្គភាព ត្រូវបានបែងចែកតាមកម្រិត និងតាមវិស័យនីមួយៗ ហើយផ្ដល់ជ័យលាភីពីលេខ១ ដល់លេខ១០។ ក្នុងវិស័យសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម,មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ ជាប់ជ័យលាភីលេខ១ដូចគ្នា។ ចំណែកឯវិស័យអប់រំ វិទ្យាល័យពេជ្រចិន្តា ក្នុងខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ជាប់ជ័យលាភីលេខ១ដូចគ្នា។
សូមបញ្ជាក់ថា កម្មវិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤ រៀបចំឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា នៅអគារដឹព្រីមៀមសែនសុខ ភ្នំពេញ ដែលមានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងអភិបាលខេត្ត ប្រធានមន្ទីរអប់រំ ប្រធានមន្ទីរពេទ្យបង្អែកតាមបណ្ដារាជធានី-ខេត្តជាង២ពាន់នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com