សហព័ន្ធគុនចម្រុះ នឹងបញ្ជូនកីឡាករ ៥នាក់ទៅហ្វឹកហាត់នៅចិន ដើម្បីត្រៀមព្រឹត្តិការណ៍ Asian Games
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជើងឯក អាស៊ី លើកទី២
សហព័ន្ធកីឡាគុនចម្រុះកម្ពុជា នឹងរៀបចំការប្រកួតតេស្ដសមត្ថភាព ដើម្បីចម្រាញ់យកកីឡាករ-កីឡាការិនីឆ្នើម ៤រូបទៅហ្វឹកហាត់នៅប្រទេសចិន ខណៈកីឡាករ ប្រី ពន្ល័យ ទទួលបានអាហារូបករណ៍ហ្វឹកហាត់នៅទីនោះផងដែរ។ កីឡាករ-កីឡាការិនីទាំង៥រូប ដែលនឹងត្រូវទៅហ្វឹកហាត់ MMA នៅចិន ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Games 2026 នៅទីក្រុង Aichi Nagoya ប្រទេសជប៉ុន។

កីឡាករគុនចម្រុះកម្ពុជា វ័យ២១ឆ្នាំ ប្រី ពន្ល័យ ទទួលបានអាហារូបករណ៍ទៅហ្វឹកហាត់នៅប្រទេសចិន សម្រាប់ឆ្នាំ២០២៥។ ជាមួយគ្នានេះ សហព័ន្ធកីឡាគុនចម្រុះកម្ពុជា ក៏នឹងបញ្ជូនអត្ដពលិកឆ្នើម ៤រូបបន្ថែមទៀត ទៅហ្វឹកហាត់នៅប្រទេសចិន ផងដែរ។ លោក ជឹម ធារ៉ា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមតេឡេក្រាមថា ការបញ្ជូនអត្ដពលិកទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ ។
អគ្គលេខាធិការរូបនេះ បានពន្យល់ថា ការជ្រើសរើសយកប្រទេសចិនជាកន្លែងហ្វឹកហាត់ ដោយសារតែប្រទេសនេះ មានសក្ដានុពល ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អាស៊ី លើកីឡាយុទ្ធគុនចម្រុះ (MMA)។

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជើងឯក អាស៊ី លើកទី២
កម្ពុជា ក៏អាចចាត់ទុកថាជាប្រទេស ដែលមានកីឡាករ-កីឡាការិនី មានសក្ដានុពលលើប្រភេទកីឡានេះដែរ។ នេះបើយោងទៅលើការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ កាលពី១១-១៣ កក្កដា ឆ្នាំ ២០២៤។ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ កម្ពុជា ដណ្ដើមបានមេដាយមាស១ ប្រាក់៥ និង សំរឹទ្ធ៩ ហើយឈរនៅចំណាត់ថ្នាក់លេខ៥។ នេះ តាមការពន្យល់ពីអគ្គលេខាធិការរូបនេះ។
លោក ជឹម ធារ៉ា បានបន្ថែមថា៖«យើង មិនបោះបង់ការប្រឹងប្រែងឡើយ ទោះជាយើងមានចំណាត់ថ្នាក់ល្អ។ យើង បានបញ្ជូនកីឡាករម្នាក់ហើយទៅចិន ហើយយើងក៏នឹងបញ្ជូន ៤នាក់ទៅហ្វឹកហាត់នៅទីនោះ។ ប្រទេសចិន គឺជាប្រទេសដែលល្អ ដោយសារគាត់មានចំណាត់ថ្នាក់លេខ៣ លើកីឡា MMA ក្នុងអាស៊ី។ យើង នឹងបញ្ជូនកីឡាករ ៥នាក់ទៅ ហ្វឹកហាត់នៅប្រទេសចិន។»។
បើតាមអគ្គលេខាធិការដដែល សហព័ន្ធ នឹងរៀបចំការប្រកួតេស្ដសាកល្បងសមត្ថភាព ដើម្បីចម្រាញ់យកអត្ដពលិកឆ្នើម ៤រូបបន្ថែមទៀត នៅដើមខែមេសា។ នេះគឺជាលើកទី១ ដែលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី បានដាក់បញ្ជូលវិញ្ញាសាកីឡាយុទ្ធគុនចម្រុះ។
អត្ថបទទាក់ទង

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: