នាយករដ្ឋមន្ដ្រី ជំរុញឲ្យសហព័ន្ធ​ បន្ដពង្រឹងការផ្សព្វផ្សាយពីកិត្តិនាមគុនខ្មែរ នៅឆាកជាតិ និងអន្តរជាតិ
  • ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:២៩ នាទី រសៀល
នាយករដ្ឋមន្ដ្រី ជំរុញឲ្យសហព័ន្ធ​ បន្ដពង្រឹងការផ្សព្វផ្សាយពីកិត្តិនាមគុនខ្មែរ នៅឆាកជាតិ និងអន្តរជាតិ
កិច្ចសំណេះសំណាលជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពីហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានជំរុញឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរ​​ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡានេះ ឱ្យកាន់តែទូលំទូលាយថែមទៀត។ ការជំរុញបែបនេះ របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពេលដែល លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជា​ថ្នាក់ដឹកនាំសហព័ន្ធ ចូលជួប​សម្តែងការគួរសម កាលពីថ្ងៃទី៦ ខែមីនា។
TTN-Free-Banner-In-Article-PC

 
បើតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត នៅក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាល ​បានកត់សម្គាល់ថា កីឡាប្រដាល់គុនខ្មែរ កំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរ កាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះ នៅលើឆាកអន្តរជាតិ។
 
ដើម្បីពង្រីកសក្តានុពលរបស់កីឡាគុនខ្មែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់សហព័ន្ធ ឱ្យបន្ត​សហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី​ ឱ្យកាន់ល្អថែមទៀត ជាពិសេស​ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ។​
 
នៅលើឆាកអន្តរជាតិវិញស សម្តេច ហ៊ុន ម៉ាណែត  បានលើកទឹកចិត្តឱ្យសហព័ន្ធ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ។
 
​ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ​បានសរសេរទៀតថា ​នៅក្នុងជំនួបនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងពីសកម្មភាពការងារជាច្រើន ដែលសហព័ន្ធ បាននិងកំពុងធ្វើ ដើម្បីពង្រឹង និងពង្រីកកិត្តិនាមរបស់ កីឡាប្រដាល់គុនខ្មែរ ទាំងនៅឆាកជាតិ​ និងនិងអន្តរជាតិ។
 
បើតាម លោក ខូវ ឆាយ  សហព័ន្ធ បាន​រៀបចំការប្រកួតកីឡាគុនខ្មែរ ជាប្រចាំ ដោយក្នុងមួយសប្ដាហ៍ មានសង្វៀនចន្លោះពី១៨ ទៅ២២កម្មវិធី។ ការប្រកួតទាំងនោះ ក៏រាប់បញ្ចូលសង្វៀនថ្នាល ដែលមានលក្ខណៈអចិន្ដ្រៃយ៍នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ព្រមទាំងមានសង្វៀនប្រកួតថ្នាល់ ចល័តតាមរាជធានី-ខេត្តផងដែរ។
 
លើសពីសកម្មភាពកីឡា សហព័ន្ធ បានដឹកនាំសមាជិកខ្លួន ចូលរួមសកម្មភាពសង្គម ដូចជាការប្រកួតបាល់ទាត់សប្បុរសធម៌ជួយដល់មន្ទីរពេទ្យ និងការបរិច្ចាគឈាមជាដើម។ ប្រ​ធានសហព័ន្ធរូបនេះ ក៏បានបញ្ជាក់ថា សហព័ន្ធក៏បានយកចិត្តទុកដាក់លើកិច្ចការផ្សព្វ​ផ្សាយ​គុនខ្មែរ នៅលើឆាកអន្ដរជាតិ ដោយមានការរៀបចំការប្រកួតនៅបរទេសនានា។
 
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្ន សហព័ន្ធ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្ត ចំនួន២៣ និងមានក្លិបចំណុះសមាគមចំនួន១៤៤ ដែលមានអត្ដពលិកសរុប ១ ​២៣៦​នាក់ ក្នុងនោះកីឡាករចំនួន ១ ១៩១នាក់ និងកីឡាការិនី ៤៥នាក់។ នេះបើតាមលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដែលបានឱ្យដឹងទៀតថា សហព័ន្ធ  មានគ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្ដ្រីបច្ចេកទេសអាជ្ញាកណ្ដាល និងចៅក្រម ១៨០នាក់ ក្នុងនោះមានស្ត្រី១២នាក់ និងមានមន្ដ្រីលេខាធិការដ្ឋាន ៧នាក់៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា