- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:០០ នាទី ល្ងាច

ភ្នំពេញ៖ រដ្ឋាភិបាល បានពង្រីកវិសាលភាពអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ។ ការសម្រេចបានបែបនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
ប្រកាសអន្តរជាតិរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែមីនា បានបញ្ជាក់ថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំពោះមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនេះ គឺត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ បេឡាសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករបើកផ្តល់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ជនគោលដៅនេះ។
គិតត្រឹមដំណាច់ឆ្នាំ២០២៤ មានស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ មកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និង សមាជិក ប.ស.ស. ប្រមាណ ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ បើតាមរបាយការណ៍ពីលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ចំនួននេះ គឺបានបង្ហាញពីវិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា មានការកើនឡើងមួយកម្រិតទៀត។
Relate
ក្នុងពិធី«បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោ បាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០២៥ »កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យគិតគូរក្នុងការពង្រីកវិភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់ស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារ បន្ថែមទៀតផងដែរ។ ការណ៍នេះ គឺដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី៕