- ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២០ នាទី យប់

ភ្នំពេញ៖ «ស្ត្រីគួរតែទទួលបានការគោរព ការឱ្យតម្លៃ ការផ្ដល់ឱកាសស្មើៗគ្នាគ្រប់កិច្ចការងារ ទាំងកិច្ចការសាធារណ កិច្ចការនយោបាយ និងក្នុងគ្រួសារ»។ នេះជាការលើកឡើងរបស់អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាអង្គការក្លាហាន ដែលចាត់ទុក កិច្ចការពារសិទ្ធិមនុស្ស គឺជាកាតព្វកិច្ចមនុស្សគ្រប់គ្នា ហើយការគោរពសិទ្ធិស្ត្រី ជាការគោរពសិទ្ធិមនុស្ស។
អ្នកប្រឡូកការងារសិទ្ធិមនុស្ស អស់រយៈពេលជិត២០រូបនេះ ក៏បានទាមទារឱ្យភាគីពាក់ព័ន្ធ ត្រូវចូលរួមលើកកម្ពស់ស្ត្រី ដោយបើកចំហរសេរីភាពឱ្យទូលំទូលាយ។ ការទាមទារបែបនេះ ក៏ព្រោះតែអ្នក ម៉ៅ ម៉ាប់ បានជួបផ្ទាល់ពីការររារាំងសកម្មភាពបញ្ចេញមតិ និងការជួបប្រជុំតាមមូលដ្ឋាន ដើម្បីលើកឡើងពីកង្វល់នានា។
បើតាមស្ត្រីវ័យ៤៣ឆ្នាំ ដែលរស់នៅខណ្ឌសែនសុខរូបនេះ សង្គមដែលគោរពសិទ្ធិមនុស្ស នឹងមានការអភិវឌ្ឍល្អប្រសើរ ហើយសង្គមណា ដែលមិនគោរពសិទ្ធិមនុស្ស និងផ្ដល់ឱកាសយែនឌ័រស្មើគ្នា ប្រទេសនោះ នឹងមានភាពយឺតយ៉ាវ។ ស្ថិតក្នុងការិយាល័យក្លាហាន ក្បែរផ្សារអូឡាំពិក អ្នកស្រី ម៉ាប់ បានពន្យល់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ ៖«ស្ត្រីគាត់អាចមាន ភាពខ្លាំងនិងទេពកោសល្យផ្សេង ហើយក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏មានសមត្ថភាពផ្សេងរបស់គាត់ ដែរ។ អ៊ីចឹង! បើភាពខ្លាំងផ្សេងគ្នា នៃគ្រប់យែនឌ័រ ធ្វើការរួមគ្នា នោះការអភិវឌ្ឍ នឹងរីកចម្រើនលឿន ហើយទទួលបានសមភាពស្មើៗគ្នា»។
ក្នុងសម្លៀកបំពាក់អាវខៀវ លាយផ្កាតូចៗពណ៌ស ស្ត្រីសម្បុរស្រអែមរូបនេះ បានអំពាវនាវឱ្យយុវជន ពិសេសយុវតី ចូលរួមកិច្ចការសង្គមឱ្យបានច្រើន។ ជាពិសេស ព្យាយាមសិក្សាឈ្វេងយល់ពី វិវត្តន៍របស់សង្គម ទាំងកម្រិតជាតិ តំបន់ និងថ្នាក់ក្រោមជាតិឱ្យបានច្រើន។
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាអង្គការក្លាហាន។ រូបដោយ ឡាយ សុភាវតី
« បើយុវជន ខកខានចូលរួមជួយកិច្ចការសង្គមនាពេលបច្ចុប្បន្ន សង្គមកម្ពុជានឹងដើរយឺតជាងគេ។ ចំណែក រដ្ឋាភិបាលវិញ គួរផ្ដល់ការគាំទ្រ និងការលើកទឹកចិត្ត តាមរយៈផ្ដល់ពានរង្វាន់ ដល់យុវជន យុវតី ដែលក្លាហ៊ាន ឈឺឆ្កាលបញ្ហាសង្គម និងសកម្មជាមួយសង្គម ដើម្បីឱ្យសាធារណជន មើលឃើញពីគំរូភាពល្អៗ»។ ទាំងនេះជាការអំពាវនាវរបស់ អ្នកស្រី ម៉ៅ ម៉ាប់។
ជិត២០ឆ្នាំ ក្នុងកិច្ចការងារសិទ្ធិមនុស្ស របស់ម្ចាស់ពាន សិទ្ធិមនុស្សនិងនីតិរដ្ឋ
ជិត២០ឆ្នាំ មកនេះ អ្នកស្រី ម៉ៅ ម៉ាប់ បម្រើការងារតែពីកន្លែងប៉ុណ្ណោះ គឺសមាគមអាដហុក និងក្លាហាន។ ក្រោយបញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា(IT) នៅឆ្នាំ២០០៦ អ្នកស្រីបានចូលបម្រើការងារជាបុគ្គលិកទទួលភ្ញៀវ នៅការិយាល័យកណ្ដាលរបស់សមាគមអាដហុក នៅរាជធានីភ្នំពេញ។
បន្ទាប់មក ក៏ប្ដូរតួនាទីជាបន្តបន្ទាប់ ក្នុងសមាគមអាដហុក ពីបុគ្គលិកទទួលភ្ញៀវ ទៅអនុប្រធានរដ្ឋបាល, ប្រធានរដ្ឋបាល, អនុប្រធានសិទ្ធិមនុស្សផ្នែកដីធ្លី នឹងរហូតក្លាយជាប្រធានផ្នែកគាំពារស្ត្រីនិងកុមារ ។ ការណ៍នេះហើយ ដែលនាំស្ត្រីរូបនេះ មានបំណងចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងជួយជ្រោមជ្រែងដល់ជនរងគ្រោះ ឱ្យបានកាន់តែច្រើន តាមលទ្ធភាពអាចធ្វើទៅបាន។
ដូច្នេះ អំឡុងពេលប្រឡូក ក្នុងវិស័យសិទ្ធិមនុស្ស អ្នកស្រីសម្រេចចិត្តរៀនបរិញ្ញាបត្រផ្នែកច្បាប់មួយទៀត នៅឆ្នាំ២០០៨ ដើម្បីយកចំណេះ និងជំនាញជួយដល់សង្គមឱ្យបានកាន់តែច្រើន ពិសេសបង្កើនប្រសិទ្ធភាពការងារ ហើយមួយផ្នែកទៀត អាចជួយប្រឹក្សាយោបល់ដល់ជនរងគ្រោះផងដែរ។ ស្ត្រីដែលមានដើមកំណើតពីស្រុកស្ទឹងសែន ខេត្តកំពង់ធំ រូបនេះ បញ្ចប់បរិញ្ញត្រ ច្បាប់នៅឆ្នាំ២០១១។
តួនាទីជាមន្ត្រីនៃសមាគមអាដហុក អ្នកស្រី ម៉ៅ ម៉ាប់ បានធ្វើកិច្ចការផ្ទាល់ច្រើន ជាមួយជនរងគ្រោះជម្លោះដីធ្លី ជនរងគ្រោះហិង្សាក្នុងគ្រួសារ ជនរងគ្រោះពីការចំណាកស្រុក និងចុះបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋនៅមូលដ្ឋាន។ «ឱ្យខ្ញុំកាន់តែចង់ចូលរួមជួយសង្គម ការពារសិទ្ធិមនុស្ស នៅពេលជួបប្រទេះករណីជួញដូរមនុស្សទៅក្រៅប្រទេស ដូចជា ជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ ហើយជួបអ្នកខ្លះ ដែលអស់សង្ឃឹមក្នុងជីវិត ដែលពួកគេគិតថាគ្មានឱកាសត្រឡប់មកកម្ពុជាវិញ! ពេលយើងជួយអន្តរាគមន៍ ពួកគាត់ឱ្យបានត្រឡប់មកវិញ ហើយគាត់ឱបគ្នាជាមួយក្រុមគ្រួសារ។ យើងក៏ឃើញទឹកភ្នែក និងភាពសប្បាយរបស់ពួកគេ»។ នេះជាការរៀបរាប់របស់អ្នកស្រី ម៉ៅ ម៉ាប់ ដោយបានបន្តនិយាយយ៉ាងដូច្នេះ ៖ « វាធ្វើឱ្យយើង មានមោទកភាព ដែលបានជួយពួកគេ អាចជួបជុំ។ អ៊ីចឹង ធ្វើឱ្យខ្ញុំរឹតតែចង់ធ្វើការងារហ្នឹង កាន់តែខ្លាំង ពីមួយថ្ងៃទីមួយថ្ងៃ»។
បើទោះបីជាបំពេញការងារ ជាអ្នកផ្ដល់ជំនួយគាំទ្រសេវាផ្លូវច្បាប់ដល់ជនរងគ្រោះ ផ្ដល់ជំនួយសង្គម ចងក្រងករណីជនរងគ្រោះស្នើសុំកិច្ចអន្តរាគមន៍បន្តទៅភាគីពាក់ព័ន្ធពីបណ្ដាស្ថានទូតនៅតាមប្រទេសផ្សេងៗ រួមទាំងការផ្សព្វផ្សាយពីសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងកុមារជាប្រចាំក្ដី ក៏អ្នកស្រី ម៉ៅ ម៉ាប់ នៅតែខ្វល់ខ្វាយពីបញ្ហាប្រឈមដែរ។ ព្រោះកន្លងមក ស្ត្រីរូបនេះ ឃើញស្ថានភាពសេរីភាពជួបជុំតាមមូលដ្ឋាន និងការបញ្ចេញមតិនៅមានកម្រិត។
ជាក់ស្ដែង អ្នកស្រីធ្លាប់ជួបផ្ទាល់ ពេលចុះទៅមូលដ្ឋាន បញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋ មានអាជ្ញាធរតាមឃ្លាំមើល។ បញ្ហានេះ អ្នកស្រី ចាត់ទុកជាការរំខាន។
បទពិសោធ ដែលអ្នកស្រី ម៉ៅ ម៉ាប់ ចាំមិនភ្លេច និងរងសម្ពាធខ្លាំងនោះ គឺនៅពេលក្រុមការងារ៤រូប ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅអំឡុងឆ្នាំ២០១៦។ ពេលនោះ ក្រុមគ្រួសារ របស់អ្នកស្រី បារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពរបស់អ្នកស្រី។
ដំណាក់កាលនោះ មន្ត្រីសង្គមស៊ីវិលរូបនេះ បានព្យាយាមពន្យល់ទៅក្រុមគ្រួសារ ហើយក៏ចាប់ផ្ដើមពង្រឹងស្មារតី ចាត់ចែងការងារក្នុងសមាគម ជាជំហានៗ។ «យើងរៀបចំប្រព័ន្ធទាក់ទងគា្នតាមអនឡាញ ដោយពង្រឹងសុវត្ថិភាពខ្ពស់ ដើម្បីធានាថា ពួកយើងអាចទាក់ទងគ្នាបានគ្រប់ពេល ពិភាក្សាឬគាំទ្រគ្នា ទាំងអនឡាញ និងផ្ទាល់ផងដែរ។ ពេលនោះ យើងក៏ចាត់ចែងក្រុមផ្ដល់ព័ត៌មាន រាយការណ៍បន្ទាន់ទៅដៃគូសហការ ពេលមានហេតុការណ៍ ជាយថាហេតុ ហើយក៏មានក្រុមឆ្លើយឆ្លងជាមួយបណ្ដាញអ្នកសារព័ត៌មានដែរ។ វាជាពេលតានតឹនបំផុត»។ អ្នកស្រី ម៉ៅ ម៉ាប់ បានលើកឡើងបែបនេះ ហើយបានបញ្ជាក់ថា ជាង១ឆ្នាំ ទើបបញ្ហានេះ បានធូរស្រាល។
មានបងប្អូន៧នាក់ អ្នកស្រី ម៉ាប់ ជាកូនទីពីរ ក្នុងគ្រួសារ។ ទោះបីមាន ការងារសង្គម សិទ្ធិមនុស្ស មានបញ្ហាប្រឈមច្រើន ក្នុងភាពជាបងប្អូន អ្នកស្រី អះអាងថា សមាជិកគ្រួសារខ្លួន តែងគោរពសេចក្ដីសម្រេចនិងឆន្ទៈការងាររបស់បុគ្គលរៀងខ្លួន។
យ៉ាងណាក៏ដោយ ស្ត្រីវ័យ៤៣ឆ្នាំរូបនេះ បានជម្នះបញ្ហាប្រឈមខាងលើ ដោយសារមាន គ្រួសារ មិត្តរួមការងា ដៃគូសហការ ពិសេសពលរដ្ឋតាមមូលដ្ឋានដែលធ្លាប់ធ្វើការងារជាមួយ ចាំគាំទ្រជានិច្ច។ ជុំវិញបញ្ហាសង្គម សិទ្ធិមនុស្ស សេរីភាព អ្នកស្ត្រី អំពាវនាវឱ្យគ្រប់គ្នា ចូលរួមជួយដោះស្រាយ ដើម្បីយុត្តិធម៌សង្គម ព្រោះភាពអយុត្តិធម៌វាកើតមានចំពោះអ្នកទៅថ្ងៃខាងមុខ។
លុះដល់ នៅឆ្នាំ២០២៣ អ្នកស្រី ម៉ៅ ម៉ាប់ បានចូលទៅកាន់តួនាទីជា នាយិកាអង្គការក្លាហាន។ ក្នុងស្ថាប័ននេះ ភាគច្រើនជាកិច្ចការងារអប់រំផ្សព្វផ្សាយ ពីសិទ្ធិមនុស្ស ពិសេសផ្នាត់គំនិតដែលដាក់សម្ពាធលើស្ត្រី។ ចំពោះ យុទ្ធសាស្រ្តនៃការផ្សាយ គឺធ្វើឡើងតាមប្រព័ន្ធឌីជីថល រួមទាំងការចងក្រង ភស្តុតាងពាក់ពន្ធនឹងបញ្ហាស្ត្រី ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវ ពីអ្នកជំនាញ។
អ្នកស្រី ម៉ៅ ម៉ាប់ ទទួលបានពានរង្វាន់ សិទ្ធិមនុស្សនិងនីតិរដ្ឋ
ទិវាសិទ្ធិមនុស្ស១០ធ្នូ ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំកម្ពុជា និងស្ថាទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានប្រគល់ពានរង្វាន់ បារំាង-អាល្លឺម៉ង់ ផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋ ដល់អ្នកស្រី ម៉ៅ ម៉ាប់។ ពានរង្វាន់ នោះ ត្រូវបានប្រគល់រួមគ្នាដោយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅស្ថានទូតបារាំង។ ស្ថានទូតទាំងពីរ បានអះអាងថា ពានរង្វាន់នេះ គឺដើម្បីអបអរការប្រឹងប្រែង របស់អ្នកស្រី ម៉ៅ ម៉ាប់ ដែលលើកកម្ពស់សេចក្តីថ្លៃថ្នូរ យុត្តិធម៌ ស្វ័យភាពរបស់ស្ត្រីនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតទាំងពីចាត់ទុក អ្នកស្រី ម៉ៅ ម៉ាប់ ជាសកម្មជនមួយរូប ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងវិស័យសមភាពយែនឌ័រ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតបារាំង បង្ហាញជំហរពីការ
ប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញសមភាពស្ត្រី ពិសេសលើការប្រយុទ្ធប្រឆាំងនឹងហិង្សា។ អំឡុងពេលប្រគល់ពាន លោកឯកអគ្គរដ្ឋទូតបារាំបានថ្លែងថា៖ «ពានរង្វាន់នេះ ជាការទទួលស្គាល់ការងាររបស់អ្នកស្រី ម៉ៅ ម៉ាប់ ដែលបានចំណាយពេលប្រមាណ២០ឆ្នាំ ក្នុងការការពារសិទ្ធិស្ត្រី និងការពារស្ត្រីងាយរងគ្រោះបំផុត»។
ចំណែក លោក Stefan Messerer ទុកការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស គឺជាអាទិភាពមួយ នៃគោលនយោបាយការបរទេសអាល្លឺម៉ង់ ដែរ។ លោក ក៏ទុកការការពារនីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន គឺជាសរសរស្តម្ភនៃការប្តេជ្ញាចិត្តអន្តរជាតិរបស់អាល្លឺម៉ង់។ ឯកអគ្គរដ្ឋទូតរូបនេះ បានលើកឡើងបែបថា៖ «នៅឆ្នាំនេះ យើងប្រគល់ពានរង្វាន់ជូនអ្នកស្រី ម៉ៅ ម៉ាប់ ដោយសារភាពក្លាហានមោះមុតរបស់អ្នកស្រី ក្នុងការការពារសិទ្ធិមនុស្ស ពិសេសដើម្បីជាប្រយោជន៍ស្រ្តីជនជាតិដើម និងស្រ្តីដែលត្រូវបានរើសអើង។»
អតីតមន្ត្រីជាន់ខ្ពស់នៅ អង្គការអាដហុក
បន្តបំពេញការងារក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយែនឌ័រ ដោយគាំទ្រលទ្ធភាពទទួលបានយុត្តិធម៌ និងការធ្វើសមាហរណកម្មអ្នករស់រានមានជីវិត ក៏ដូចជាការពារស្ត្រីចំណាកស្រុក។ អ្នកស្រី ដើរតួនាទីសំខនា់ លើការតស៊ូសមភាពយែនឌ័រ និងសិទ្ធិស្ត្រី ដោយពុំមានការរើសអើងប្រភព អាយុ ពណ៌សម្បុរ ជាតិសាសន៍ រួមទាំងគាំទ្រដល់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា(LGBT+) និងស្ត្រីមកពីសហគមន៍ជនជាតិដើមផងដែរ។ សកម្មភាពនានា របស់អ្នកស្រីបានចូលរួមពង្រឹងស្វ័យភាពរបស់ស្រ្តីក្នុងគ្រប់កិច្ចការ និងរួមចំណែកក្នុងការផ្សព្វផ្សាយដល់សាធារណជន និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយវិជ្ជមាន ចំពោះឧបសគ្គដែលរំាងស្ទះដល់ការលើកស្ទួយសិទ្ធិស្មើភាពគ្នា។
ក្នុងពិធីប្រគល់ពាន អ្នកស្រី ម៉ៅ ម៉ាប់ បានទុកសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃសង្គមយុត្តិធម៌ ហើយអ្នកស្រី អំពាវនាវឱ្យធ្វើការរួមគ្នា ដើម្បីការពារសិទ្ធិមនុស្ស ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានរើងអើង។ អ្នកស្រី បានរំលឹក ដល់កិច្ចប្រឹងប្រែងការពារសិទ្ធិមនុស្ស ពិសេសការពារសិទ្ធិស្ត្រី និងសមភាពយែនឌ័រ ត្រូវការពេលបន្ត ទៅមុខឆ្ងាយទៀត។
ថ្លែងនៅចំពោះមុខអង្គទូត សារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស នៅស្ថានទូតបារាំង ម្ចាស់ពានរូបនេះ សង្កត់ធ្ងន់ថា៖ «យើងត្រូវតែប្ដេជ្ញាចិត្ត ធ្វើការបន្តទៀត ចំពោះសេរីភាព យុត្តិធម៌ និងគោលការណ៍គោរពសិទ្ធិ សម្រាប់ទាំងអស់គ្នា»។
ចាប់តាំងពីឆ្នាំ២០១៦មក ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិជារៀងរាល់ឆ្នាំ ស្ថានទូតបារាំង និងអាល្លឺម៉ង់ បានរួមគ្នាផ្តល់ពានរង្វាន់ដល់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រមទាងស្ត្រី និងបុរសនានា ដែលបានការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។
ទស្សនរបស់អ្នកស្រី ម៉ៅ ម៉ាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នាពេលខាងមុខ
៥ឆ្នាំទៅមុខទៀត អ្នកស្រី ម៉ៅ ម៉ាប់ សង្ឃឹមថា បរិយាកាសសង្គម និងស្ថានភាពនយោបាយនៅកម្ពុជា ប្រែប្រួល។ ចំនួនស្ត្រី ក្នុងកម្រិតនៃការចូលរួមធ្វើសេចក្ដីសម្រេចចិត្ត ទាំងថ្នាក់ជាតិ ក្រោមជាតិ និងអង្គការសង្គមស៊ីវិល នឹងមានការកើនឡើងល្អ។
អ្នកស្រី ម៉ាប់ បានបញ្ជាក់ពីបំណងរបស់ខ្លួនបែបនេះ៖ «យើងធ្វើការសព្វថ្ងៃ គោលបំណង ចង់ឱ្យបញ្ហារបស់យើងឮ ហើយត្រូវបានដោះស្រាយ និងឆ្លើយតបតាមតម្រូវការ របស់ពួកយើង ដោយធានាបានតាមច្បាប់ដែរមានប៉ុណ្ណោះ»៕