ក្រុងសៀមរាប នឹងបង្កើតសួនកុមារ ចំនួន៣កន្លែងទៀត
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣០ នាទី ព្រឹក
ក្រុងសៀមរាប នឹងបង្កើតសួនកុមារ ចំនួន៣កន្លែងទៀត
សួនកុមារដែលរៀបចំនៅមុខវត្តព្រះឥន្ទកោសី

សៀមរាប៖ សួនកុមារ៣ទីតាំង នឹងត្រូវរៀបចំនៅក្នុងក្រុងសៀមរាប ដើម្បីបម្រើប្រយោជន៍សាធារណៈ ពិសេសកុមារ។ បើតាមលោក ធា សថានី អភិបាលរងក្រុងសៀមរាប  ទីតាំងសួនទាំង៣នោះ គឺមាន១កន្លែង ស្ថិតនៅខាងលិចស្ទឹងសៀមរាប ល់មុខចន្លោះវត្តព្រះឥន្ទកោសី និងព្រះឥន្ទកោសា, ១កន្លែងទៀតនៅ សួនច្បារឯកឧត្តម អ៊ុង អឿន រីឯ១កន្លែងទៀត គឺស្ថិតនៅខាងកើតស្ទឹងសៀមរាប ទល់មុខផ្សារអង្គរទ្រេត។

TTN-Free-Banner-In-Article-PC

លោក សថានី បានបញ្ជាក់ថា​ ក្នុងដំណាក់កាលដំបូងនេះ អាជ្ញាធរបានរៀបចំសួនកុមារមួយកន្លែងសិន គឺនៅខាងលិចស្ទឹងសៀមរាប ចន្លោះវត្តព្រះឥន្ទកោសី និងវត្តព្រះឥន្ទកោសា ដែលសាធារណជន និងកុមារ អាចទៅកម្សាន្តបាន។ ចំណែក២ទីតាំងទៀត រដ្ឋបាលក្រុងសៀមរាប នឹងរៀបចំនៅអំឡុងខែ ឧសភា។ 

រូបភាព៖ លោក ធា សថានី

គម្រោងរៀបចំសួនកុមារនេះ ជាគំនិតផ្តួតផ្តើមពីអភិបាលខេត្តសៀមរាប ដោយមានការគាំទ្រពីស្ថាប័ន និងសប្បុរសជន ដែលជាដៃគូសហការ។ អភិបាលរងក្រុងសៀមរាបរូបនេះ បញ្ជាក់ពីគោលបំណងសំខាន់នៃការបង្កើតសួនកុមារទាំង៣កន្លែងយ៉ាងដូច្នេះ៖« បំណងរបស់យើង គឺចង់ឱ្យទីសាធារណៈ​ដែលមានម្លប់ កន្លែងបរិយាកាសល្អៗ បម្រើផលប្រយោជន៍កុមារ មនុស្សចាស់ សាធារណជនទូទៅឱ្យបានច្រើន។ យើងចង់ពង្រីកទីតាំងសាធារណៈរបស់យើង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យើងទាំងអស់ ក៏ដូចជាភ្ញៀវទេសចរ»។

គេសង្កេតឃើញថា ការពង្រីកសួនច្បារ និងសួនកុមារនៅក្នុងក្រុងសៀមរាប រីកចម្រើនគួរឱ្យកត់សម្គាល់។ ទីតាំងទាំងនោះ ដូចនៅសួនច្បារព្រះរាជដំណាក់ សួនច្បារហាត់ប្រាណ ដោយមានបំពាក់សម្ភារ ឬឧបករណ៍ហាត់ប្រាណ ផ្លូវថ្មើរជើង និងការកែលម្អសួន និងទីតាំងមួយចំនួនទៀតនៅជុំវិញ​ស្ទឹងសៀមរាបជាដើម។ បើតាម​ លោក សថានី ការរៀបចំបែបនេះដើម្បីបង្កើតសោភ័ណភាពទីក្រុង លើកកម្ពស់សុខុមាលភាពប្រជាជន ជំរុញឱ្យមានសកម្មភាពក្រៅផ្ទះ និងការកម្សាន្តកាន់តែប្រសើរ៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី