- ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:២០ នាទី ព្រឹក

អ៊ីស្រាអែល និងក្រុមហាម៉ាសបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការចរចាដំណាក់កាលទី២នៃបទឈប់បាញ់ ដែលគ្រោងតាំងពីពាក់កណ្តាលខែកុម្ភៈ។

«យើងបញ្ជាក់ពីការត្រៀមខ្លួនដើម្បីចូលរួមក្នុងការចរចាដំណាក់កាលទីពីរក្នុងលក្ខណៈដែលបំពេញតម្រូវការរបស់ប្រជាជនយើង។ យើងអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់តំបន់កាហ្សា និងលុបចោលការបិទផ្លូវលើប្រជាជនដែលរងទុក្ខវេទនារបស់ខ្លួន»។ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdel-Latif Al-Qanoua បានថ្លែងបែបនេះ កាលពីថ្ងៃទី៨ ខែមីនា។
មន្ត្រីក្រុមហាម៉ាស់បាននិយាយថា មានសញ្ញាវិជ្ជមាន ដើម្បីចាប់ផ្តើមការចរចារដំណាក់កាលទីពីរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ បច្ចុប្បន្ន គណៈប្រតិភូហាម៉ាសកំពុងជួបពិភាក្សាជាមួយអេហ្ស៊ីប ដែលកាតាកំពុងសម្របសម្រួលកិច្ចចរចានេះ។
ក្នុងថ្ងៃដដែល ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ប្រទេសនេះទទួលយកការអញ្ជើញរបស់អ្នកសម្របសម្រួលដែលគាំទ្រដោយអាម៉រិក ហើយនឹងបញ្ជូនគណៈប្រតិភូទៅកាតានៅថ្ងៃទី១០ ខែមីនា ដើម្បីជំរុញការចរចា។
ខណៈកិច្ចខិតខំប្រឹងប្រែងការទូតកំពុងដំណើរការ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុង Rafah ភាគខាងត្បូងតំបន់កាហ្សា កាលពីថ្ងៃទី៨ ខែមីនា ដោយបានសម្លាប់មនុស្ស២នាក់។ IDF អះអាងថា យន្តហោះយោធារបស់ខ្លួនបានវាយប្រហារកន្លែង ដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានចុះចតនៅភាគខាងត្បូងតំបន់កាហ្សា ខណៈ«ជនសង្ស័យប៉ុនប៉ងយករថយន្ត»។
ដ្រូនរបស់អ៊ីស្រាអែលក៏បានវាយប្រហារតំបន់កាហ្សាភាគខាងជើងមួយថ្ងៃមុននេះ ដោយបានសម្លាប់មនុស្ស២នាក់។ IDF បាននិយាយថា គោលដៅគឺជាខ្មាន់កាំភ្លើងមួយក្រុម ដែលគេសង្ស័យថាបានបង្កប់គ្រឿងផ្ទុះនៅជិតទាហានអ៊ីស្រាអែល។
ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់កាហ្សា បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយបានបញ្ចប់កាលពីសប្តាហ៍មុន។ អំឡុងពេលនេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង ៣៨នាក់ ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនប្រហែល ២០០០នាក់ដែលត្រូវបានអ៊ីស្រាអែលចាប់ឃុំខ្លួន។
យោងតាមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែល និងក្រុមហាម៉ាសនឹងមានការចរចាក្នុងដំណាក់កាលទី២ នៅពាក់កណ្តាលខែកុម្ភៈ។ ដើមឡើយអ៊ីស្រាអែលគ្រោងនឹងចាប់ផ្តើមដកកងទ័ពចេញពីច្រករបៀង Philadelphia រវាងព្រំដែនអេហ្ស៊ីប និងកាហ្សានៅថ្ងៃទី១ ខែមីនា ។ ប៉ុន្តែការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា វាមិនអាចទៅរួចនោះទេ។
បន្ទាប់មក អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងលើតំបន់កាហ្សា ដោយហាមប្រាមទំនិញទាំងអស់មិនឲ្យចូលក្នុងតំបន់នោះ និងទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ៥៩ នាក់ដែលនៅសេសសល់។ មន្ត្រីអ៊ីស្រាអែលយល់ថា តិចជាងពាក់កណ្តាលនៃចំណាប់ខ្មាំង ៥៩នាក់នៅរស់រានមានជីវិត។
ជម្លោះរវាងហាម៉ាស-អ៊ីស្រាអែលបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។ បន្ទាប់មកអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងតំបន់កាហ្សា ដោយបានសម្លាប់មនុស្សជាង ៤៨ ០០០នាក់នៅក្នុងតំបន់នេះ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
