សម្តេច ហ៊ុន ម៉ាណែត ប្រើពេល៤ម៉ោងកន្លះ ឡើងខ្នងផ្សារ ជាមួយរដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថាន
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤០ នាទី រសៀល
សម្តេច ហ៊ុន ម៉ាណែត ប្រើពេល៤ម៉ោងកន្លះ ឡើងខ្នងផ្សារ ជាមួយរដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថាន

កំពង់ស្ពឺ៖ «ឮមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ»។​ នេះជាសាររបស់ប្រមុខរដ្ឋាភិបាលសម្តេច​ ហ៊ុន ម៉ាណែត បន្ទាប់ពីចំណាយពេលអស់៤ម៉ោងកន្លះ ឡើងខ្នងផ្សារ ដោយថ្មើរជើង។ 

TTN-Free-Banner-In-Article-PC

ក្នុងដំណើរនេះ ក្រៅតែពីចង់ជួបសម្រស់ខ្នងផ្សារផ្ទាល់ហើយនោះ សម្តេច ហ៊ុន ម៉ាណែត គឺចង់ឃើញសហគមន៍មួយនេះ បន្តជាគោលដៅទេសចរណ៍ធម្មជាតិជានិច្ច។ សម្ដេច ហ៊ុន ម៉ាណែត បានចំណាយពេល៤ម៉ោង៣០នាទី ឡើងតំបន់ខ្នងផ្សារតាមផ្លូវក្នុងព្រៃ។ តាមរយៈវីដេអូដំណើរកម្សាន្តរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានផ្ស្វផ្សាយនៅលើបណ្តាញសង្គម សម្តេចបានសំណេះសំណាលជាមួយប្រជាសហគមន៍ និងសួរនាំពីតម្រូវការរបស់សហគមន៍។ 

ក្នុងដំណើរឡើងខ្នងផ្សាររបស់សម្តេច ហ៊ុន ម៉ាណែត នោះ ក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ,លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ 

«ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម។»។ សម្តេច ហ៊ុន​ ម៉ាណែត បានរៀបរាប់ពីអារម្មណ៍បែបនេះ បន្ទាប់ពីបានឃើញទេសភាពនៅតំបន់ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥។ 

ជាមួយនឹងគ្នានេះ សម្តេច​បានបន្តនិយាយថា ៖ «ផ្លូវឡាន គេអាចឡើងដល់ជើងព្រះ តែកុំឡើងដល់លើ ព្រោះដូចនៅបារាំងអីក៏ដូចគ្នា។…គេទុកធម្មជាតិ ដើម្បីឱ្យមនុស្សទៅ តែយើងហ៊ានធ្វើផ្លូវឡានអី គឺរញ៉េរញ៉ៃពេញហ្នឹងហើយ។ យើងទុកឱ្យសហគមន៍មានរបរ។ កន្លែងខ្លះ យើងធ្វើល្អពេកទៅ ឡានឡើងមក សហគមន៍ដាច់របរបាត់។» ។

អត្ថបទទាក់ទង
 

ប្រសិនបើទេសចរ ចង់ដើរផ្លូវព្រៃ សូមដាក់បាយតាមខ្លួន ព្រោះថា ដំណើរឡើងភ្នំតាមផ្លូវព្រៃនេះ នឹងចំណាយពេលយូរ ទៅតាមកម្លាំងសមាជិកក្រុម។ នៅតាមផ្លូវព្រៃនេះ មានដើមឈើដ៏ធំមួយ ដែលភាគច្រើនជាងកន្លែងពិសាបាយរបស់អ្នកដំណើរ។ ដើរតាមផ្លូវព្រៃ ទេសចរ នឹងមិនខកបំណងឡើយនារដូវប្រាំង។

ខ្នងផ្សារ ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិ។ ស្ថិតនៅភូមិតាំងបំពង់ ឃុំ តាសាល សហគមន៍ទេសចរណ៍ខ្នងផ្សារ មានសេវាកម្ម រៀបចំម្ហូបអាហារជូនទេសចរ នៅក្នុងភូមិ និងនាពេលដល់កំពូលភ្នំ៕ 


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ