សំរាមនៅប្រឡាយស្ទឹងមានជ័យអស់ហើយ! អា​​​​ជ្ញាធរប្រាប់ពលរដ្ឋត្រូវដាក់ទុកសំរាមឱ្យបានត្រឹមត្រូវ
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០០ នាទី រសៀល
សំរាមនៅប្រឡាយស្ទឹងមានជ័យអស់ហើយ! អា​​​​ជ្ញាធរប្រាប់ពលរដ្ឋត្រូវដាក់ទុកសំរាមឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ អាជ្ញាធរ​ខណ្ឌមានជ័យ សហការជាមួយ​មន្ទីរសាធារណការ​ ដាក់គ្រឿងចក្រ ចុះស្ដារប្រឡាយនិងប្រមូលសំរាមដែលកកស្ទះក្នុងប្រឡាយស្ទឹងមានជ័យ​ ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវ​ទឹក​ឱ្យ​ហូរ​បានលឿន និងត្រៀមសម្រាប់រដូវវស្សាចូលមកដល់។ ចំពោះសំរាម ស្តារបានមានចំនួន ៣ឡាន ភាគច្រើនជាប្លាស្ទិក ប្រអប់ស្នោរ ជាដើម។

TTN-Free-Banner-In-Article-PC

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានលើកឡើងថា សំរាម នៅពាសពេញប្រឡាយនេះ ក៏ព្រោះប្រជាពលរដ្ឋ មិនទាន់យល់ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅឡើយ។ ដោយឡែក ឡានសំរាម ពេលខ្លះមកប្រមូលខុសពេលវេលាបន្តិច។ ដូច្នេះពលរដ្ឋ ត្រូវប្រមូលសំរាមទុក ចៀសវាងឆ្កែ ពាំ ឬខ្យល់បើង។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យJPG

អភិបាលខណ្ឌមានជ័យ បញ្ជាក់បែបនេះ៖ « អាជ្ញាធរ តែងតែចុះស្តារសំរាមតាមប្រឡាយនេះ ១ដង ទៅ២ដង  ក្នុងមួយឆ្នាំ ទៅតាមបរិមាណសំរាម។ យើងសម្អាតរហូតព្រោះប្រឡាយហ្នឹង ឱ្យតែមានសំរាមរៀងច្រើន យើងសម្អាតហើយ។ រដូវប្រាំងមិនសូវអីប៉ុន្មានទេ ប៉ុន្តែរដូវវស្សា គឺយើងត្រូវប្រយ័ត្នប្រយែងហើយ ព្រោះថាសំរាមច្រើន»។

យ៉ាងណាមិញ អាជ្ញាធរខណ្ឌមានជ័យ អំពាវនាវឱ្យ ប្រជាពលរដ្ឋវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សូមកុំបោះសំរាមចូលតាមលូ ឬប្រឡាយ ដែលធ្វើអោយមានការកកស្ទះនៅតាមប្រឡាយមេ ក្នុងនាមអាជ្ញាធរមូលដ្ឋានសង្ឃឹមប្រជាបងប្អូននឹងចូលរួមឱ្យបានគ្រប់ៗគ្នា៕

គ្រឿងចក្រ ប្រមូលសំរាម

ប្រឡាយស្ទឹងមានជ័យ ក្រោយប្រមូលសំរាម

ប្រឡាយស្ទឹងមានជ័យ មុនប្រមូលសំរាម


អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន