អង្គរសង្រ្កាន្តជិតមកដល់ហើយ! អាជ្ញាធរខេត្ត សុំភ្ញៀវទេស​ចរឱ្យអត់ធ្មត់ និងយោគយល់គ្នា​​ ពេលមកកម្សាន្ត
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៤០ នាទី ល្ងាច
អង្គរសង្រ្កាន្តជិតមកដល់ហើយ! អាជ្ញាធរខេត្ត សុំភ្ញៀវទេស​ចរឱ្យអត់ធ្មត់ និងយោគយល់គ្នា​​ ពេលមកកម្សាន្ត
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប

សៀមរាប៖ អភិបាលខេត្តសៀមរាប បានបង្ហាញពីកិច្ចសហប្រតិបត្តិការនានាជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ។ ​ក្នុងនោះ រួមមានទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងកន្លែងកម្សាន្តមួយចំនួនផងដែរ។ ខណៈពិធីអង្គរសង្រ្កាន្តជិតមកដល់ អភិបាលខេត្តសៀមរាប បាន ស្នើដល់ភ្ញៀវទេសចរ ដែលមានគម្រោងមកកម្សាន្តក្នុងព្រឹត្តិការណ៍នេះ សូមឱ្យអត់ធ្មត់ អធ្យាស្រ័យ និងយោគយល់ ចំពោះការកកស្ទះដោយអន្លើ។ 

TTN-Free-Banner-In-Article-PC

បើតាមលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៥  គឺត្រូវបាន​កម្លាំងចម្រុះរបស់រដ្ឋបាលខេត្ត នឹងសហការជាមួយកម្លាំងថ្នាក់ជាតិ ដើម្បីត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ រួមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ។​  ក្នុង​សន្និសីទសារព័ត៌មាន នៅប្រាសាទអង្គរវត្ត​ នាព្រឹកថ្ងៃទី៩ ខែមីនា លោក ប្រាក់ សោភ័ណ បានថ្លែងថា ៖ « ជាធម្មតានៅពេលមានព្រឹត្តិការណ៍ធំម្ដងៗ ផ្លូវមួយចំនួនក្នុងក្រុងតែងមានការកកស្ទុះ ដោយសារទេសចរ មកកម្សាន្តច្រើន ប៉ុន្តែមិនកកស្ទះយូរទេ» ។ យ៉ាងណាមិញ លោក សុំឱ្យសាធារណជន ទេសចរជាតិ អន្តរជាតិ ត្រូវបើកបរមានការប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យ និងយោគយល់គ្នា ជាគោល។ 

សន្និសីទសារព័ត៌មានក្នុងពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ទាក់ទងនឹងកន្លែងស្នាក់នៅវិញ អភិបាលខេត្តសៀមរាបបានលើកឡើងពីរបាយការណ៍ដែល​ទទួលបាន មកដល់ពេលនេះ គឺមានការកក់បន្ទប់ស្នាក់នៅបណ្ដើរៗហើយ ពិសេសនៅតាម​សណ្ឋាគារធំៗ គឺមានការបញ្ជាកក់ច្រើន​។ លោកអភិបាលរូបនេះ រំពឹងថា ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ (១៤-១៥-១៦ ខែមេសា) នឹងជួយសេដ្ឋកិច្ចក្នុងខេត្តសៀមរាបបានមួយផ្នែកធំ ផងដែរ។

ចំពោះការរៀបចំ​កម្មវិធីក្នុងក្រុងវិញ ប្រាក់ សោភ័ណ បានបញ្ជាក់ថា អាជ្ញាធរបានរៀបចំ​តំបន់កម្សាន្តច្រើនកន្លែង ។ រួមមាន នៅតាមសួនច្បារ និងមាត់ស្ទឹង ដើម្បីបញ្ជៀសលំហូទេសចរ​នៅតំបន់ប្រាសាទ។ ចំណែកតំបន់ ឬផ្លូវ ដែលរៀបចំឱ្យមានការលេងបាញ់ទឹកវិញ ក៏មានការគិតគូរ និងស្នើទៅម្ចាស់អាជីវកម្មទាំងអស់ ដកស្លាកផ្សព្វផ្សាយភ្ជាប់ខ្សែភ្លើង ចេញមួយរយៈ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗ​ផងដែរ៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី