- ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ ក្រៅពីវិស័យអប់រំ អង្គការ អេដ អេ អាកស្យុង ក៏បានចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្ដល់ដើមទុន សម្ភារ និងបណ្ដុះបណ្ដាលជាដើម។ ជាក់ស្ដែង អង្គការ អេដ អេ អាកស្យុង បាន និងកំពុង ផ្ដល់ការគាំទ្រដល់កសិករក្នុងសហគមន៍នេសាទនៅតំបន់ឆ្នេរ លើរបរចិញ្ចឹមត្រីស្ពង់ ដើម្បីបង្កើនចំណូលបន្ថែម និងផ្លាស់ប្ដូរជីវភាពឱ្យបានប្រសើរជាងមុន។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
រយៈពេល២ឆ្នាំហើយ ដែលអង្គការ អេដ អេ អាកស្យុង បាន និងកំពុងផ្ដល់ការគាំទ្រដល់សហគមន៍នេសាទនៅតំបន់ឆ្នេរ ក្នុងខេត្តចំនួន៤ មានខេត្តកំពត កែប ព្រះសីហនុ និងកោះកុង តាមរយៈការផ្ដល់ដើមទុន សម្ភារប្រើប្រាស់ និងការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីស្ពង់ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណូលសម្រាប់ពលរដ្ឋរស់នៅ តំបន់ឆ្នេរឱ្យមានជីវភាពប្រសើរជាងមុន។ ការគាំទ្រនេះ អេដ អេ អាកស្យុង សហការជាមួយអង្គការហេហ្វឺ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក គុណ ហុក ប្រធានសហគមន៍ការពារធម្មជាតិជ្រោយស្វាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ធ្លាប់បរាជ័យលើការចិញ្ចឹមក្ដាមសមុទ្រ ហើយងាកមកចិញ្ចឹមត្រីស្ពង់វិញ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមពីអង្គការហេហ្វឺ ក្រោមការគាំទ្ររបស់ អេដ អេ អាកស្យុង។ លោក ហុក សប្បាយចិត្ត ដែលខ្លួនមានឱកាសទទួលបានចំណេះជំនាញថ្មីទាក់ទងនឹងការចិញ្ចឹមត្រី ពិសេសការចិញ្ចឹមត្រីស្ពង់តាមបច្ចេកទេសត្រឹមត្រូវ ដោយមិនបារម្ភខ្លាចចិញ្ចឹមខុសឡើយ។
ផ្ដើមចិញ្ចឹមពីតិចមកច្រើន! បច្ចុប្បន្ន លោក គុណ ហុក កំពុងមមាញឹកចិញ្ចឹមត្រីស្ពង់ ដោយពង្រីកការចិញ្ចឹមបានជាង ២ម៉ឺនកូន ក្នុងស្រះចិញ្ចឹមចំនួន៦ ក្នុងរយៈពេលជាង៨ខែ ប៉ុន្តែមិនទាន់បញ្ចេញលក់លើទីផ្សារឡើយ។ ទោះមិនទាន់លក់លើទីផ្សារ ដោយសារត្រីនៅតូច ប៉ុន្តែលោកចាប់ផ្ដើមទទួលបានការកក់ពីអតិថិជនបណ្ដើរៗហើយ ក្រោយមានការផ្សព្វផ្សាយ។ អតិថិជនភាគច្រើន ជាភ្ញៀវទេសចរទៅកម្សាន្តនៅសហគមន៍ជ្រោយស្វាយ និងពីការផ្សព្វផ្សាយរបស់អង្គការ អេដ អេ អាកស្យុង និងហេហ្វឺ។
មើលឃើញថា ត្រីស្ពង់មានទីផ្សារល្អ ហើយងាយចិញ្ចឹម លោក គុណ ហុក លើកទឹកចិត្តឱ្យពលរដ្ឋក្នុងសហគមន៍ខ្លួន នាំគ្នាចិញ្ចឹម ដើម្បីពង្រីកទីផ្សារត្រីស្ពង់ បង្កើនចំណូល និងជាផ្នែកមួយអភិរក្សធនធានធម្មជាតិផងដែរ។
លោក គុណ ហុក លើកឡើងថា៖«ខ្ញុំខំផ្សព្វផ្សាយឱ្យពលរដ្ឋដែលដីទំនេរអាចចិញ្ចឹមបាន ខ្ញុំបំផុសឱ្យពលរដ្ឋខ្ញុំក្នុងសហគមន៍ចិញ្ចឹមតទៀត ប៉ុន្តែខ្ញុំមិនឱ្យប៉ះពាល់ព្រៃអភិរក្សធនធានធម្មជាតិ ព្រៃកោងកាងព្រៃលិចទឹកអីទេ ប៉ុន្តែព្រៃអាចចិញ្ចឹមបាន យើងឱ្យចិញ្ចឹម។ ចិញ្ចឹមហ្នឹង វាអាចរកចំណូលឱ្យបានធូរ គ្រាន់បានឱ្យកូនទៅរៀន កាត់បន្ថយចំណាកស្រុក ដែលយើងអាចធ្វើក្នុងស្រុកយើងបាន»។
បុរសវ័យ៥៨ឆ្នាំរូបនេះ បន្តទៀតថា ចិញ្ចឹមត្រីស្ពង់ចំណាយដើមទុនតិច បើធៀបនឹងការចិញ្ចឹមក្ដាមសមុទ្រ បង្កង និងបង្គារជាដើម។
លោក គុណ ហុក ប្រធានសហគមន៍ការពារធម្មជាតិជ្រោយស្វាយ
លោក គុណ រុន ប្រធានសហគមន៍ជម្ពូខ្មៅ ដែលស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាសិក្ខាកាមម្នាក់ទៀត ដែលទទួលបានបច្ចេកទេសចិញ្ចឹមត្រីស្ពង់ ពីអង្គការហេហ្វឺ។ បច្ចេកទេសទាំងនោះ មានដូចជា ការដាក់ចំណី, ប្រភេទចំណី, ការរៀបចំស្រះចិញ្ចឹម, ការសម្អាតទឹក និងបច្ចេកទេសចិញ្ចឹមជាច្រើនទៀត។ ក្រៅពីបច្ចេកទេសចិញ្ចឹម អង្គការហេហ្វឺ ក៏ផ្ដល់ថវិកាដើមទុន សម្រាប់ការចិញ្ចឹមត្រី និងផ្សព្វផ្សាយផងដែរ។
សម្រាប់លោក គុណ រុន បច្ចេកទេសចិញ្ចឹមត្រី គឺពិតជាមានសារៈសំខាន់ និងបានជួយជ្រោមជ្រែងជីវភាពគ្រួសារលោក ឱ្យប្រសើរនាពេលបច្ចុប្បន្ន។ កន្លងមក លោកពឹងផ្អែកតែលើរបរនេសាទ ប៉ុន្តែបញ្ហាបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យធនធានត្រីក្នុងសមុទ្រថយចុះ ពិបាកដល់ការនេសាទ ដែលធ្វើឱ្យលោករកត្រីលែងសូវបាន។ យ៉ាងណា បន្ទាប់ពីងាកមកចិញ្ចឹមត្រីស្ពង់បានជាង៦ខែ លោក គុណ រុន មើលពីភាពខុសប្លែក លោកអាចរកចំណូលបានជាប្រចាំ ពីការលក់ត្រី ដែលធ្វើឱ្យជីវភាពរបស់លោកប្រសើរឡើង។
«ខ្ញុំពីមុននេសាទ។ នេសាទពិបាក មកពីធនធានមិនសូវសម្បូរដូចពីមុន មកពីអាកាសធាតុយើងប្រែប្រួលក្ដៅខ្លាំងពេក ហើយយើងនេសាទទឹករាក់វាមិនសូវមាន ទឹកក្ដៅវាមិនសូវឡើងមក។ ហើយឥឡូវត្រីស្ពង់ខ្ញុំ លក់លើទីផ្សាររាល់ថ្ងៃគេកម្មង់៤-៥ក្បាល បើទៅតាមកម្មវិធី ខ្លះក៏បាន៥០-៧០ក្បាលអ៊ីចឹងដែរ»។ នេះជាការលើកឡើងរបស់លោក គុណ រុន ដែលបន្តថា ការចិញ្ចឹមត្រីស្ពង់លោកក៏មានបញ្ហាប្រឈមមួយចំនួន ពិសេសនៅរដូវវស្សាមានភ្លៀង ទឹកសាប និងទឹកប្រៃចូលគ្នាធ្វើឱ្យទឹកជូរ ដូចលោកត្រូវស្រង់ត្រីចេញពីអាងប្តូរទីតាំងទៅចិញ្ចឹមក្នុងសមុទ្រវិញ។
លោក គុណ រុន ប្រធានសហគមន៍ជម្ពូខ្មៅ ខេត្តព្រះសីហនុ
លោក គុណ រុន លើកឡើងថា៖«បញ្ហាប្រឈមហ្នឹង គឺថាដល់រដូវវស្សាកាលណាទឹកប្រៃ និងទឹកសាបវាលាយគ្នា វាទៅជាជូរ។ អ៊ីចឹងយើងយកវាភៀសខ្លួនចេញទៅសមុទ្រ កាលពីមុនយើងចិញ្ចឹមនៅក្នុងព្រែក។ អ៊ីចឹងរាល់ពេលទឹកជូរយើងត្រូវយកទៅសមុទ្រ ព្រោះវាត្រូវការទឹកប្រៃ»។
ទោះបីការចិញ្ចឹមត្រីស្ពង់ មានភាពលំបាកខ្លះ ក៏លោក គុណ រុន រីករាយនឹងរបរថ្មីរបស់ខ្លួន ព្រោះវាបានផ្ដល់ចំណូលជារៀងរាល់ថ្ងៃ សម្រាប់លោក និងគ្រួសារ។ ចំណូល ដែលរកបានពីការចិញ្ចឹមត្រីស្ពង់លក់ លោក គុណ រុន ផ្គត់ផ្គង់សម្រាប់ការចាយវាយប្រចាំថ្ងៃ និងសម្រាប់កូនទៅរៀនជាដើម។ សម្រាប់លោក គុណ រុន ត្រីស្ពង់មិនពិបាករកទីផ្សារឡើយ ហើយលោកក៏ចង់ឱ្យមានកសិករចិញ្ចឹមច្រើន ដ្បិតក្នុងសហគមន៍លោកមានអ្នកចិញ្ចឹមតែ២គ្រួសារប៉ុណ្ណោះ។
លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង ប្រចាំកម្ពុជា បានលើកឡើងថា អេដ អេ អាកស្យុង គាំទ្រសហគមន៍នៅតំបន់ឆ្នេរក្នុងខេត្តចំនួន៤ មានកំពត កែប កោះកុង និងព្រះសីហនុ ក្នុងគោលដៅពិនិត្យមើលលទ្ធភាពនៃការបង្កើតឱ្យមានសេវាអេកូទេសចរណ៍ និងបង្កើតឱ្យមាននូវផលិតផលជាច្រើនផ្សេងទៀត ដើម្បីអាចផ្គត់ផ្គង់ឱ្យអ្នកទេសចរ ក៏ដូចជាពលរដ្ឋទូទាំងប្រទេស។ គម្រោងនេះ អេដ អេ អាកស្យុង គាំទ្រដោយក្រសួងកសិកម្ម សហភាពអឺរ៉ុប សហគមន៍នេសាទ និងអង្គការ ហេហ្វឺអន្តរជាតិ។
ក្នុងគម្រោងនៃសម្ព័ន្ធភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រ សំឡេងសមធម៌សហគមន៍(CO-SAVED) អេដ អេ អាកស្យុង គាំទ្រលើការនេសាទ ក៏ដូចជាការចិញ្ចឹមបន្ថែម ដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ ហើយត្រីស្ពង់ជាត្រីមួយប្រភេទ ដែលជ្រើសរើសក្នុងចំណោមកសិផលផ្សេងទៀតមានក្ដាមបង្គា មាន់ ទា និងបន្លែជាច្រើនផ្សេងទៀត។
លោក សំភាស់ លើកឡើងថា៖ «យើងមានច្រើន ស្ទើរតែចម្រុះលើគ្រប់រូបភាព ទាំងផ្ដោតលើការកសាងសមត្ថភាព បណ្ដុះបណ្ដាលឱ្យមានការយល់ដឹង ផ្ដល់ថវិកា ធនធានបច្ចេកទេស និងមានអ្នកជំនាញធ្វើការក្នុងសហគមន៍លើវិស័យនេសាទ អប់រំ ទឹកស្អាត និងអេកូទេសចរណ៍»។
លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង ប្រចាំកម្ពុជា
ចំពោះការគាំទ្រលើការចិញ្ចឹមត្រីស្ពង់ ក៏ព្រោះត្រីប្រភេទនេះ មានសក្ដានុពលទីផ្សារ ហើយត្រីមានអត្ថប្រយោជន៍ច្រើនផងដែរ។
«បើផ្ដោតលើត្រីស្ពង់ យើងដឹងថាត្រីជាអាហារដ៏មានសារសំខាន់មែនទែនសម្រាប់កម្ពុជាទាំងត្រីទឹកសាប និងត្រីសមុទ្រ។ វាជាប្រភពនៃការផ្គត់ផ្គង់វីតាមីនទៅឱ្យពលរដ្ឋ ហើយយើងអាចចិញ្ចឹមព្រោះយើងមានខ្សែទឹកទន្លេ សមុទ្រច្រើន។ អ៊ីចឹងពេលយើងដែលផ្ដោតលើត្រីស្ពង់ព្រោះវាជាត្រីពេញនិយមក្នុងទីផ្សារកម្ពុជា មានការនាំចូលច្រើនសម្រាប់ការផ្គត់ផ្គង់នៅតាមភោជនីយដ្ឋានតាមកម្មវិធីបុណ្យការជាដើម។ អ៊ីចឹងពេលកសិករចាប់ផ្ដើមចិញ្ចឹមជួយឱ្យមានសុវត្ថិភាពត្រីលើព្រែកសមុទ្ររបស់យើងផង និងអត្រាដែលទទួលផលបានខ្ពស់ចន្លោះពី៤-៧ខែយើងអាចទទួលផលបាន»។ នេះជាការលើកឡើងរបស់លោក វន សំភាស់។
សម្រាប់លោក សំភាស់ តាមរយៈការជួយជ្រោមជ្រែងពី អេដ អេ អាកស្យុង និងភាគីពាក់ព័ន្ធ លោករំពឹងចង់ឃើញសហគមន៍នេសាទ សហគមន៍ទេសចរណ៍ មានចីរភាពលើគ្រប់ផ្នែកទាំងអេកូទេសចរណ៍ កសិកម្ម ដើម្បីជីវភាពល្អប្រសើរ អាចបន្តជ្រោមជ្រែងកុមារតាមទីដាច់ស្រយាលទាំងអស់នោះ ឱ្យចូលសាលាដល់ថ្នាក់ឧត្តមសិក្សា ក្លាយជាកោសិកាសង្គមដ៏ល្អ និងអភិរក្សធនធានធម្មជាតិផងដែរ។
លោក សំភាស់ លើកឡើងថា៖«យើងចង់ឃើញសហគមន៍មានចីរភាព អាចជ្រោមជ្រែងឱ្យកូនគាត់បន្តរៀនដល់មហាវិទ្យាល័យ ក្លាយទៅជាកោសិកាសង្គមដ៏ល្អ បរិស្ថានធម្មជាតិ ធនធានឆ្នេរសមុទ្របានគង់វង្សទាល់តែសហគមន៍រឹងមាំ។ អ៊ីចឹងអង្គការ AEA បន្តចេញពីវិស័យអប់រំទៅគាំទ្រឱ្យសហគមន៍ចូលរួមយ៉ាងសកម្មក្នុងវិស័យបរិស្ថាន ការងារ កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យផ្សារភ្ជាប់រវាងសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។»៕