- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ក្នុងទឹកដីខេត្តសៀមរាបរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់១៦ ខែមេសា។ នេះជាឆ្នាំទី១២ ហើយនៃព្រឹត្តិការណ៍នេះ ដែលនឹងទាក់ទាញទេសចរយ៉ាងច្រើនកុះករមកលេងកម្សាន្ត។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ សាទរចំពោះព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលលោកជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជំរុញតម្លៃ រួមទាំងផ្សព្វផ្សាយពីតំបន់អង្គរ ទៅកាន់ពិភពលោកបន្ថែម។ សម្រាប់លោក ហង់ ពៅ អង្គរសង្រ្កាន្ត បានបង្ហាញនូវអត្តសញ្ញាណ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណមក ដែលជាមរតកវប្បធម៌រូបី ភ្ជាប់ជាមួយនឹងមរតកវប្បធម៌អរូបី។
លោក ហង់ ពៅ បានរំលេចពីការងាររៀបចំនៅតំបន់អង្គរ ដែលបានកែប្រែមុខមាត់បន្ថែមផងដែរ។ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរៀបចំនេះ មិនមែនទើបនឹកឃើញទេ ពោលគឺក្រុមការងារ បានសិក្សាស្រាវជ្រាវ ឱ្យទៅលំនាំដូចការរៀបចំពីអតីតកាលវិញ ហើយវាក៏ជាផ្នែកមួយនៃការពន្យារពេលទស្សនារបស់ភ្ញៀវទេសចរ ផងដែរ។
ជាមួយគ្នានេះ លោក ហង់ ពៅ បានអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរ ពេលចូលរួមក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្តខាងមុខ ជួយថែរក្សាបរិស្ថានឱ្យបានគ្រប់គ្នា។ សម្រាប់លោក ហង់ ពៅ ការចូលរួមនេះ បង្ហាញពីការផ្តល់តម្លៃ និងគោរពដល់ទីសក្ការបូជា ក៏ដូចជាបង្ហាញពីកិត្យានុភាពរបស់ប្រជាជនកម្ពុជា ទៅដល់ទេសចរអន្តរជាតិផងដែរ៕
ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥.JPG
ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥
ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥