- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៣០ នាទី រសៀល

វិសាខា បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល២-១ កាលពីថ្ងៃទី៩ មីនា នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈ ភ្នំពេញក្រោន ឈ្នះ ណាហ្គាវើលដ៍ លទ្ធផល១-០ នៅកីឡដ្ឋាន Smart RSN សប្តាហ៍ទី២៥ ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League)។ ជ័យជម្នះនេះធ្វើឱ្យក្រុម វិសាខា មានពិន្ទុកាន់តែប្រកៀកជាមួយ ភ្នំពេញក្រោន ដែលឈរចំណាត់ថ្នាក់លេខ២ និងព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ១។
នៅសល់ ៧ប្រកួត លីគកំពូលកម្ពុជា នឹងបិទរដូវកាល ២០២៤-២០២៥។ ព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ១ មាន ៥៨ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន៥៧ពិន្ទុ ខណៈលេខ៣ វិសាខា មាន៥៣ពិន្ទុ។
ក្រុមភ្នំពេញក្រោន អបអរគ្រាប់បាល់ទី១ រូបពី Cambodian Premier League
វិសាខា ឈ្នះ ព្រះខ័នរាជស្វាយរៀង លទ្ធផល២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង កាន់តែធ្វើឲ្យក្រុមខ្លួន មានពិន្ទុប្រកៀកប្រកិត និងមានឱកាសប្រជែងជើងឯកលីគ នារដូវកាលនេះ។
ចំពោះការប្រកួត ក្រុមទាំង២ បានបង្ហាញពីកម្រិតលេងប្រហាក់ប្រហែលគ្នា តាមរយៈការដាក់សម្ពាធទៅវិញទៅមក ជាពិសេសឱកាសក្នុងការទំលាយសំណាញ់ទី។ គ្រាប់បាល់នាំមុខ១-០ របស់វិសាខា កើតឡើងនៅនាទី១៩ បន្ទាប់ពីកីឡាករបម្រើស្លាបឆ្វេង វិសាខា បានបំផ្លោងចូលប្រអប់ទី ហើយ វីរៈ ដារ៉ា អ្នកចាំទីព្រះខ័នរាជស្វាយរៀង បានចាប់ ហើយរបូតបាល់ រួចក៏ត្រូវ Ramon De Souza ខ្សែប្រយុទ្ធវិសាខា ទាត់បន្ថែមឲ្យចូលទីបានដោយជោគជ័យ។
៤នាទីបន្ទាប់ពីគ្រាប់បាល់ទី១ របស់វិសាខា ក្រុមព្រះខ័នរាជស្វាយរៀង បានតាមស្មើលទ្ធផល១-១។ គ្រាប់បាល់តាមស្មើនោះ រកបានដោយខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Rodrigus Matheus តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីអ្នកចាំទីវិសាខា កែវ សុខសិលា បង្កើតកំហុសដោយចាប់ទាក់ជើង Rodrigus Matheus ក្នុងប្រអប់គ្រោះថ្នាក់។ លទ្ធផល១-១ បានបន្ដរហូតដល់ចប់តង់ទី១។
លុះចូលដល់តង់ទី២ ក្រុមទាំង២ មានការប្រឹងប្រែងជាងតង់ទី១ និងមានការប្រុងប្រយ័ត្នខ្លាំងជាងតង់ទី១។ នៅនាទី៨១ កីឡាករ ឡេង ណូរ៉ា បានស៊ុតបញ្ចូលទី។ វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង បានត្រៀមចាប់ទីតាំងដែលបាល់របស់ ឡេង ណូរ៉ា ស៊ុត ប៉ុន្ដែបានប៉ះជើង សារ៉េត គ្រីយ៉ា ដែលបណ្ដាលឲ្យភ្លាត់ចូលទីរបស់ព្រះខ័នរាជស្វាយរៀង។ ចប់ការ ប្រកួត វិសាខា ឈ្នះ ព្រះខ័នរាជស្វាយរៀង លទ្ធផល២-១។
លោ Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង យល់ថា វិសាខា គួរតែឈ្នះការប្រកួតនេះ ដោយសារតែក្រុមរបស់ពួកគេ លេងបានល្អជាង ហើយកីឡាករ ក៏មានឆន្ទៈខ្ពស់ជាងក្រុមរបស់លោក ផងដែរ។
គ្រូបង្វឹករូបនេះ បាននិយាយថា៖ «វិសាខា លេងបានល្អជាងយើងពិតមែន។ យើង បាន ឈ្នះច្រើនសប្ដាហ៍ហើយ។ យើងមិនមានលេសទេ សម្រាប់សប្ដាហ៍នេះ ចំពោះថ្ងៃនេះ ពាក់ព័ន្ធនឹងការប្រកួតនេះជាមួយវិសាខា។ វិសាខា ចាប់ផ្ដើមប្រកួតបានល្អជាង ហើយគេមាន មហិច្ឆតា ខ្លាំងជាងយើង។ កីឡាករវិសាខា មានទំនុកចិត្តក្នុងការលេងមានគុណភាព កីឡាករល្អ ទាំងកីឡាករចាប់ផ្ដើមប្រកួតដំបូង ក៏ដូចជាកីឡាករបម្រុង។ នេះស័ក្តិសមហើយក្រុមគាត់កំពុងប្រជែងគ្នាដើម្បីជើងឯក។»។
ក្នុងថ្ងៃជាមួយគ្នានោះ ភ្នំពេញក្រោន ក៏បានឈ្នះលើ ណាហ្គាវើលដ៍ លទ្ធផល១-០ នៅកីឡដ្ឋាន Smart RSN។ ក្រុមភ្ញៀវ ណាហ្គាវើលដ៍ លេងបានយ៉ាងល្អក្នុងជំនួបក្រៅដីនេះ ដោយម្ចាស់ផ្ទះ ភ្នំពេញក្រោន ស្ទើតែមិនអាចរកគ្រាប់បាល់បាន។ គ្រាប់ជ័យជម្នះនេះ រកបានដោយកីឡាករ Augustine ខ្សែប្រយុទ្ធភ្នំពេញក្រោន នៅនាទី៩០+១ បន្ទាប់ពី កីឡាករ សឿត បារាំង ខ្សែបម្រើស្លាបឆ្វេងភ្នំពេញក្រោន បានបំផ្លោងចូលតំបន់គ្រោះថ្នាក់។
ក្នុងសប្ដាហ៍ទី២៥នេះ អង្គរថាយហ្គឺរ បានចាញ់បឹងកេត លទ្ធផល២-១ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលជាហេតុ ធ្វើឲ្យក្រុមដែលមានទីតាំងនៅខេត្តសៀមរាបនេះ កាន់តែ ពិបាកក្នុងការរក្សាចំណាត់ថ្នាក់លេខ៤។
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២៥ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ មាន៥៨ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន ៥៧ពិន្ទុ ខណៈ វិសាខា ចំណាត់ថ្នាក់លេខ៣ មាន ៥៣ពិន្ទុ។
រីឯ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤ ខណៈលេខ៥ ណាហ្គាវើលដ៍ មាន ៣៦ពិន្ទុ និងលេខ៦ បឹងកេត មាន ៣៣ពិន្ទុ។ ចំណែក ចំណាត់ថ្នាក់លេខ៧ ក្រុមអាយ អេស អាយដង្កោសែនជ័យ មាន៣០ពិន្ទុ និងចំណាត់ថ្នាក់លេខ៨ កងយោធពលខេមរភូមិន្ទ មាន១៩ពិន្ទុ។ ឡាយហ្វ ព្រះសីហនុ មាន១៦ពិន្ទុ នៅចំណាត់ថ្នាក់លេខ៩ ខណៈ គិរីវង់សុខសែនជ័យ មាន១២ពិន្ទុ នៅចំណាត់ថ្នាក់លេខ១០។ ចំណែកក្រុមបាតតារាង សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មាន៥ពិន្ទុ៕