សាលារាជធានីរើស​ប្រធានការិយាល័យពលរដ្ឋ, ប្រាក់ខែជាង១,៦លាន​រៀល
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២០ នាទី ល្ងាច
សាលារាជធានីរើស​ប្រធានការិយាល័យពលរដ្ឋ, ប្រាក់ខែជាង១,៦លាន​រៀល

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ប្រកាស​ជ្រើសរើស​ប្រធាន​ការិយាល័យប្រជាពលរដ្ឋ​ ១រូប ដែលមាន​តួនាទី​ទទួល​ និងសម្រុះសម្រួល​ដោះ​ស្រាយ​បណ្តឹងក្រៅប្រព័ន្ធតុលាការ ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវាសាធារណៈ និង​ការគ្រប់គ្រង​រដ្ឋបាលនៅថ្នាក់​ក្រោមជាតិ។

TTN-Free-Banner-In-Article-PC

តាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​ លោក ម៉ប់ សារិន ប្រធានក្រុម​ប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី​១០ ខែមីនា​ បេក្ខជន​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋរាជធានីភ្នំពេញ  ត្រូវមាន​អាយុ​ចន្លោះពី​៣៥ឆ្នាំ​ ដល់​៦៥ឆ្នាំ ដោយមាន​សញ្ញាបត្រ​ចាប់ពីបរិញ្ញាបត្រ ឬ​សញ្ញា​បត្រ​សមមូល។

ជាបុគ្គល​ស្អាតស្អំ ហើយ​ក៏ត្រូវមាន​បទពិសោធន៍​ពាក់ព័ន្ធ​នឹងផ្នែក​ច្បាប់ ឬរដ្ឋបាល ឬផ្នែក​ដទៃទៀត​ពាក់ព័ន្ធនឹងការដោះស្រាយ​ទំនាស់​យ៉ាងតិច​៣​ឆ្នាំ។ ទាំងនេះ ជាលក្ខខណ្ឌសម្រាប់​បេក្ខជន ហើយ​ត្រូវមាន​លំនៅអចិន្ត្រៃយ៍​ក្នុងរាជធានីភ្នំពេញ។

មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រះសង្ឃ ឬបព្វជិតសាសនា ជន​ដែលត្រូវបាន​ផ្តន្ទាទោស និងជន​ដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធ​ចាត់តាំងរបស់បក្សនយោបាយ មិនមានសិទ្ធិឈរឈ្មោះឡើយ។

បេក្ខជន​នឹង​ត្រូវជ្រើស​រើស​តាមរយៈការបោះឆ្នោត ដោយគណៈ​កម្មាធិការបោះឆ្នោតមួយ ដែលមាន​សមាសភាពមកពីក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ សមាគម​ក្រុម​ប្រឹក្សាខណ្ឌ​ សង្កាត់រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និង​តំណាងអង្គការ​-សមាគម​សង្គម​ស៊ីវិល​ជាតិ​ក្នុងស្រុក។

សេចក្តីជូនដំណឹង​របស់លោក ម៉ម សារិន បាន​បញ្ជាក់ថា ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋរាជធានី មាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំនួន ១ ៦៨៥ ០០០រៀល ហើយអាចទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗទៀត។ 

បេក្ខជន​ជាស្ត្រី ជនពិការ និងជនជាតិដើមភាគតិច ត្រូវបាន​ផ្តល់អាទិភាព ខណៈ​កាលបរិច្ចេទឈប់ទទួលពាក្យគឺ​ត្រឹមល្ងាច​ថ្ងៃទី​១៨ ខែមេសា៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម