ស្ដ្រី​កម្ពុជាកាន់តែច្រើន ចូលរួម​ក្នុងសកម្មភាពកីឡា​ និងផ្តោ​តលើការថែទាំសុខភាពខ្លួន
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:០០ នាទី ល្ងាច
ស្ដ្រី​កម្ពុជាកាន់តែច្រើន ចូលរួម​ក្នុងសកម្មភាពកីឡា​ និងផ្តោ​តលើការថែទាំសុខភាពខ្លួន
រូបពី NOCC

មនុស្សជាង ៣ ០០០នាក់ បានចូលរួមរត់ប្រណាំងស្ដ្រី១០គីឡូម៉ែត្រ ក្រោមប្រធានបទ «ឆ្ពោះ​ទៅមុខដើម្បីស្ដ្រី» ដែលបានធ្វើកាលពីថ្ងៃទី៨ មីនា ដើម្បីអបអរខួបលើកទី១១៤ នៃ​ទិវា​​អន្តរជាតិនារី នៅសួនច្បារវត្តបុទុម រាជធានីភ្នំពេញ។ លោកស្រី កុយ ពិសី រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការស្ដ្រី និងកីឡា មាន​សុទិដ្ឋិនិយម​ថា ស្ដ្រី​​កម្ពុជាកាន់តែច្រើន ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍នៃការលេងកីឡា និង​បាន​យកការថែ​ទាំសុខភាពជាចម្បង។ លោកស្រី កុយ ពិសី យល់ថា ចូលរួមនេះ ក៏បាន​បង្ហាញដែរថា ស្ដ្រី ក៏អាច​ធ្វើ​បានដូចជាបុរសដែរ ទោះជាក្នុងវិស័យកីឡាក៏ដោយ។

TTN-Free-Banner-In-Article-PC

មនុស្សជាង ៣ ០០០នាក់ ដែលស្ត្រី មានចំនួនច្រើនជាងបុរស បានចូលរួមរត់ នៅមុខសួន​ច្បារ​វត្តបុទុម កាលពីថ្ងៃទី៨ មីនា អបអរ ទិវា​អន្ដរជាតិនារី។ ​លោកស្រី កុយ ពិសី រដ្ឋ​មន្ដ្រី​ប្រតិភូ​​អម​នាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការស្ដ្រី និងកីឡា យល់ថាការចូលរួម​ដ៏​ច្រើន​របស់ស្ត្រី នេះ គឺបង្ហាញពីភាពអាចធ្វើបានរបស់ស្ដ្រី នាពេល​បច្ចុប្បន្ន។

លោកស្រី កុយ ពិសី ថ្លែងមុនពេលព្រឹត្តិការណ៍រត់ចាប់ផ្ដើម រូបពី NOCC

​​លោកស្រី កុយ ពិសី បាននិយាយថា​៖«ស្ដ្រីចូលរួមច្រើន ពួកគាត់ចេះស្រឡាញ់សុខភាព និងយល់ដឹងច្រើនពីអត្ថប្រយោជន៍ នៃការហ្វឹកហាត់កីឡា។ ការរត់ប្រណាំងមិនមែនមាន តែស្ដ្រី យុវតី មនុស្សធំ សូម្បីកុមារក៏មានចូលរួមរត់ដែរ។ នៅពេលយើង មានអ្វីគ្រប់យ៉ាង ហើយ រឿងយើងត្រូវគិតជាចំបងនោះ គឺជាបញ្ហាសុខភាព។ ពួកគាត់ត្រូវថែរក្សាខ្លួនគាត់ តាមរយៈការលេងកីឡា រស់នៅស្អាត និងហូបស្អាត។»។

នេះគឺជាលើកទី៤ហើយ ដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ដ្រីចម្ងាយ ១០​គីឡូម៉ែត្រ ដើម្បីអបអរទិវាអន្ដរជាតិនារី ៨ មីនា។ លើកទី១ កាលពីឆ្នាំ២០២០ ព្រឹត្តិការណ៍​នេះ មានអ្នកចូលរួមជិត ២ ០០០នាក់ ដូចគ្នាទៅនឹងព្រឹត្តិការណ៍លើកទី២ ឆ្នាំ២០២៣។ ចំណែកលើកទី៣ ឆ្នាំ២០២៤ អ្នកចូលរួម មានចំនួនជិត ៣ ០០០នាក់ ប្រហាក់ប្រហែល​ចំនួន​អ្នកចូលរួម ក្នុងឆ្នាំ២០២៥នេះដែរ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា